មើល​ត្រៀម! ​សំណួរ​រសើប​ៗ​​ដែល​​កូន​កំលោះ​កូន​ក្រមុំ​គេច​មិន​សូវ​ផុត​​ក្នុង​ថ្ងៃ​រៀបការ

  • 2018-06-12 08:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាច​និយាយ​បាន​ថា ការ​សម្ភាស​កូន​កំលោះ​កូន​ក្រមុំ គឺ​​ជា​ពេល​វេលា​​ដ៏​រំភើប​ ​រីករាយ​​​មួយ​សម្រាប់​​ទាំង​ម្ចាស់​កម្មវិធី និង​ភ្ញៀវ​កិត្តិយស។ ​ដើម្បី​បង្ក​បរិយាកាស​ឲ្យ​កាន់​តែ​រីករាយ​ ពិធីករ​តែង​លើក​យក​សំណួរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​រសើប​ៗ​មួយ​ចំនួន​ ដែល​សំណួរ​ខ្លះ​បើ​សាមីខ្លួន​អាច​​ត្រៀម​ចម្លើយ​​ទុក ឬ​និយាយ​គ្នា​មុន​ជាមួយ​ពិធីករ ​​នោះ​វា​នឹង​ធ្វើ​ឲ្យ​បរិយាកាស​កម្មវិធី​កាន់​តែ​ប្រសើរ​។ ដូច្នេះ ដើម្បី​ជា​ការ​ត្រៀម​ខ្លួន កញ្ញា សូម​បង្ហាញ​ជូន​នូវ​សំណួរ​ពិសេស​ៗដូច​ខាង​ក្រោម៖

១. ជួប​គ្នា​ដំបូង​នៅ​ឯណា?

គឺ​ជា​សំណួរ​ដំបូង​ដែល​ពិធីករ​ក្នុង​ពិធី​មង្គលការ​និយម​សួរ​ឲ្យ​សាមីខ្លួន​ឆ្លើយ​ ថា​តើ​ពួក​គេ​ជួប​គ្នា​ដំបូង​នោះ​នៅ​ទី​ណា ដោយ​របៀប​ណា អ្នក​ណា​ជា​អ្នក​នាំ​ឲ្យ​ជួប ដើម្បី​ជា​ការ​បើក​ឲ្យ​អ្នក​ទាំង​ពីរ​បាន​រៀបរាប់​ពី​ដំណើរ​ដើមទង​ស្នេហា​​របស់​ពួក​គេ​ឲ្យ​ភ្ញៀវ​កិត្តិយស​បាន​ដឹង។

២. ស្គាល់​គ្នា​ដំបូង​ដោយ​របៀប​ណា?

ពេល​ដឹង​ថា​ជួប​គ្នា​នៅ​ឯណា​ហើយ គេ​នឹង​បន្ត​សួរ​ថា​យ៉ាង​ម៉េច​បាន​ស្គាល់​គ្នា? តើ​ធ្វើ​ការ​រួម​គ្នា មិត្តភ័ក្ដិ​ណែនាំ ទៅ​ដើរ​លេង​ជាមួយ​គ្នា ឬ​អ្វី​ផ្សេង​ៗ? ហើយ​មាន​អារម្មណ៍​បែប​ណា​ដែរ​ពេល​ស្គាល់​គ្នា​ដំបូង?

៣. ហេតុអ្វី​ក៏​ស្រលាញ់​គាត់?

ជា​សំណួរ​ដែល​ចង់​ឲ្យ​អ្នក​ទាំង​ពីរ​និយាយ​ពី​មូលហេតុ និង​អារម្មណ៍​ពិត​​រៀង​ៗ​ខ្លួន ថា​តើ​ហេតុ​អ្វី​​បាន​ជា​ចាប់​ផ្ដើម​ស្រលាញ់​គ្នា ហេតុ​អ្វី​បាន​ជា​ជ្រើសរើស​គ្នា​ជា​ដៃ​គូ។ សំណួរ​នេះ​ច្រើន​ធ្វើ​ឲ្យ​កូន​កំលោះ​ និង​កូន​ក្រមុំ​រំជួល​ចិត្ត​ស្រក់​ទឹក​ភ្នែក បើ​​សិន​ជា​​ចម្លើយ​​​ចាក់​ដោត​ដល់​អារម្មណ៍​របស់​ពួក​គេ។

៤. ស្រលាញ់​កូន​ក្រមុំ/កូន​កំលោះ​ត្រង់​ចំណុច​ណា?

ពេល​ឮ​សំណួរ​នេះ ប្រាកដ​ណាស់​ថា​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នឹង​ចាំ​ស្ដាប់​ចម្លើយ​ពី​កូន​កំលោះ​កូន​ក្រមុំ​ដូច​គ្នា​ថា​តើអ្នក​ទាំង​ពីរ​​ចូល​ចិត្ត​អ្វី ហើយ​មាន​ចំណុច​អ្វី​ដូច​គ្នា។ ជួន​កាល​ដើម្បី​ឲ្យ​កាន់​តែ​សប្បាយ ពិធីករ​អាច​ឈ្លេច​សួរ​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​​ឲ្យ​អ្នក​ទាំង​ពីរ​តប ដូច​ជា​ចូល​ចិត្ត ភ្នែក ច្រមុះ​ មាត់ ឬ​អ្វី​ផ្សេង​ៗ​ជា​ដើម។

៥. ពាក្យ​សន្យា​ចំពោះ​គ្នា

នេះ​ជា​សំណួរ​មួយ​ដែល​ផ្ដល់​ឱកាស​ឲ្យ​ភាគី​ទាំង​ពីរ​និយាយ​អំពី​ការ​តាំង​ចិត្ត​របស់​ខ្លួន​ទៅ​វិញ​ទៅ​មក ដើម្បី​ជីវិត​គូ​ក្នុង​ថ្ងៃ​អនាគត។ នៅ​ពេល​ឆ្លើយ​ចប់ កុំ​ភ្លេច​សម្លឹង​មើល​ភ្នែក​គ្នា ហើយ​ថើប​ថ្ពាល់​គ្នា​ផង​ណា ដើម្បី​ឲ្យ​ជាង​ថត​​បាន​ផ្ដិត​យក​រូបភាព​ដែល​បង្ហាញ​ពី​ក្ដី​ស្រលាញ់​របស់​អ្នក​ទាំង​ពីរ។

៦. គម្រោង​ Honeymoon

ភ្ញៀវ​កិត្តិយស​ទាំង​អស់​ក៏​ប្រហែល​ចង់​ដឹង​ដែរ​ថា​កូន​កំលោះ​កូន​ក្រមុំ​មាន​គម្រោង​ដំណើរ​កម្សាន្ត​​​ក្រេប​ទឹក​ឃ្មុំ​នៅ​ឯ​ណា។ បើ​មិន​ទាន់​មាន​គម្រោង​ទេ អាច​និយាយ​ថា​កំពុង​រក​មើល​កន្លែង​​ក៏​បាន ប៉ុន្តែ​បើ​មាន​គម្រោង​រួច​ហើយ​ ក៏​ប្រាប់​តែ​ម្ដង​ទៅ​ថា​នៅ​ឯណា។

៧. មាន​គម្រោង​យក​បុត្រ​ប៉ុន្មាន​នាក់?

បន្ទាប់​ពី​សំណួរ​ Honeymoon ហើយ​នោះ​ក៏​ត្រូវ​ដល់​គម្រោង​បុត្រ​ធីតា​។

៨. ចប់​កម្មវិធី​​យប់​នេះ តើ​នឹង​ធ្វើ​អ្វី​បន្ត?

នៅ​ពេល​ពិធីករ​សួរ​សំណួរ​បែប​នេះ ច្បាស់​ណា​គ្រប់​គ្នា​ក្នុង​កម្មវិធី​នឹង​គិត​ដល់​រឿង​វែង​ឆ្ងាយ ដូច្នេះ​បើ​កូន​កំលោះ​កូន​ក្រមុំ​អាច​ឆ្លើយ​បែប​កំប្លែង​ៗ​ទៅ​វិញ នោះ​បរិយាកាស​នឹង​កាន់​តែ​រីករាយ ៕

ចុចអាន៖

ប្រភព៖ Sanook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម