​បើ​​សង្សារ​សុំ ៥​យ៉ាង​នេះ ហាម​ធ្វើ​ឲ្យ​​​គេ​ដាច់​ខាត ទោះ​ស្រលាញ់​យ៉ាង​ណា​ក៏​ដោយ

  • 2018-06-06 09:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ មនុស្ស​ស្រលាញ់​គ្នា​ក៏​មិន​មែន​មាន​ន័យ​ថា​ គេ​ឲ្យ​ធ្វើ​​អ្វី​ ឬ​សុំ​អ្វី​ អ្នក​ក៏​ព្រម​ធ្វើ​​ឲ្យ​គេ​ទាំង​អស់​នោះ​ទេ។ ស្នេហា​គឺ​ជា​ការ​សម្រប​ខ្លួន​ឲ្យ​ចុះ​សម្រុង​នឹង​គ្នា តែ​មិន​មែន​ដើម្បី​ឲ្យ​ភាគី​ណាមួយ​ត្រូវ​តែ​ផ្លាស់ប្ដូរ​​តាម​តែ​អ្នក​ម្ខាង​ទៀត​ឡើយ។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ កញ្ញា សូម​​​លើក​យក​រឿង ៥​យ៉ាង​ដែល​សង្សារ​របស់​អ្នក​អាច​នឹង​សុំ​ឲ្យ​អ្នក​ធ្វើ ប៉ុន្តែ​អ្នក​មិន​គួរ​ធ្វើ​ដាច់ខាត៖

១. សុំ​ឲ្យ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ទៅ​ជា​ប្រភេទ​មនុស្ស​ដែល​គេ​ចូលចិត្ត

នៅ​ពេល​ក្លាយ​ជា​មនុស្ស​ជា​ទី​ស្រលាញ់​របស់​នរណា​ម្នាក់ ច្បាស់​ណាស់ អ្នក​ត្រូវ​ការ​ឲ្យ​គេ​ស្រលាញ់​នូវ​អ្វី​ដែល​ជា​អ្នក មែន​អត់? ប៉ុន្តែ​បើ​គេ​សុំ​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​គេ​ចូល​ចិត្ត បែប​នេះ​មាន​ន័យ​ថា​គេ​មិន​បាន​ស្រលាញ់​អ្នក​ពិត​ប្រាកដ​ ឬ​ស្រលាញ់​អ្នក​ជា​អ្នក​នោះ​ទេ ទើប​ចង់​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ។

២. ឲ្យ​​មើល​រំលង​រឿង​ប្រើ​កម្លាំង​បាយ​របស់​គេ

​នៅ​ក្នុង​​ទំនាក់ទំនង​ស្នេហា អ្វី​ដែល​មិន​​គួរ​ឲ្យ​កើត​ឡើង​បំផុត​គឺ​ការ​ប្រើ​កម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា ប៉ុន្តែ​បើ​សង្សារ​របស់​អ្នក​គឺ​​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រើ​កម្លាំង​បាយ​ដោះស្រាយ​បញ្ហា​ ថែម​ទាំង​សុំ​​ឲ្យ​អ្នក​មើល​រំលង និង​ទទួល​យក​វា​នោះ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។ យក​ល្អ​គួរ​ចាកចេញ​ទៅ ព្រោះ​អ្នក​មិន​ត្រូវ​យក​ជីវិត​​ខ្លួន​ឯង​ទៅ​ប្រថុយ​​នឹង​អារម្មណ៍​ហិង្សា​របស់​គេ​នោះ​ទេ។

៣. ឲ្យ​អ្នក​លា​ឈប់​ពី​ការងារ

រឿង​ការងារ​គឺ​ជា​រឿង​មួយ​ទៀត​ដែល​គួរ​​យក​ចិត្ត​ទុក​ដាក់។ សម័យ​នេះ មនុស្ស​ស្រី​​ចេញ​ធ្វើ​ការ​ខាង​ក្រៅ​ស្ទើរ​តែ​ទាំង​អស់​ហ្នឹង។ វា​គ្មាន​ហេតុផល​អ្វី​ឡើយ​ដែល​គេ​ត្រូវ​ហាម​អ្នក​មិន​ឲ្យ​ធ្វើ​ការ ឬ​សុំ​ឲ្យ​អ្នក​លា​ឈប់​ពី​ការងារ ក្នុង​ខណៈ​ដែល​អ្នក​មាន​សមត្ថភាព មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ការ​រក​លុយ​ដោយ​ខ្លួន​ឯង​បាន។

៤. សុំ​ឲ្យ​អ្នក​ទទួល​យក​ចរិត​​មិន​ល្អ​របស់​មិត្តភ័ក្ដិ​​គេ

ជា​សង្សារ​នឹង​គ្នា ច្បាស់​ណាស់​នឹង​អាច​មាន​ពេល​ជួប​មិត្តភ័ក្ដិ​គេ​ និង​មនុស្ស​ជុំវិញ​ខ្លួន​​គេ ប៉ុន្តែ​ពួក​គេ​មាន​ទាំង​អ្នក​ដែល​ចូលចិត្ត​អ្នក និង​អ្នក​ដែល​មិន​ចូល​ចិត្ត​អ្នក ហើយ​ខ្លះ​ក៏​បញ្ចេញ​អាកប្បកិរិយា​​​មើល​ងាយ​អ្នក​តែ​ម្ដង។ ជំនួស​ឲ្យ​ការ​ជួយ​ការពារ​អ្នក ប៉ុន្តែ​សង្សារ​របស់​អ្នក​បែរ​ជា​សុំ​ឲ្យ​អ្នក​​កុំ​ខ្វល់ និង​យោគយល់​មិត្ត​របស់​គេ ​ទាំង​​មិន​យល់​ពី​អារម្មណ៍​របស់​អ្នក​ ​គិត​ទៅ​ថា​វា​មាន​ន័យ​យ៉ាង​ណា​វិញ?

៥. សុំ​​ឲ្យ​អ្នក​​ចាត់​ទុក​គេ​សំខាន់​ជាង​ គ្រួសារ​និង​មិត្តភ័ក្ដិ​របស់​អ្នក

សម្រាប់​ចំណុច​នេះ បើ​គេ​សុំ​ឲ្យ​អ្នក​ធ្វើ អ្នក​ត្រូវ​គិត​គូរ​ឲ្យ​បាន​ល្អ​សិន​មុន​នឹង​​ឆ្លើយ​យល់​ព្រម​ជាមួយ​គេ។ ការ​ដែល​គេ​ចង់​ឲ្យ​អ្នក​​យក​ចិត្ត​ទុក​ដាក់​នឹង​គេ​ច្រើន គឺ​ជា​រឿង​ល្អ​ទេ ប៉ុន្តែ​មិន​មែន​ឲ្យ​អ្នក​បោះបង់​មនុស្ស​គ្រប់​គ្នា​ដើម្បី​ទៅ​នៅ​ជាមួយ​គេ​ទេ។ បែប​នេះ មាន​ន័យ​ថា​គេ​អាត្មានិយម​ពេក​ហើយ ហើយ​បើ​សិន​ថ្ងៃ​ណា​មួយ​ត្រូវ​បែក​គ្នា តើ​អ្នក​នឹង​ត្រូវ​រស់​នៅ​យ៉ាង​ម៉េច​វិញ?

ចុចអាន៖

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម