រឿងដែលមនុស្សស្រីត្រូវដឹងមុនពេលស្រឡាញ់នរណាម្នាក់ ដើម្បីកុំឲ្យឆាប់បែកបាក់គ្នា
- 2018-05-30 08:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដែលមនុស្សស្រីត្រូវដឹងមុនពេលស្រឡាញ់នរណាម្នាក់ ដើម្បីកុំឲ្យឆាប់បែកបាក់គ្នា
ប្រហែលពេលដែលមនុស្សពីរនាក់ស្រឡាញ់គ្នាដំបូង អ្វីៗគ្រប់យ៉ាងនឹងប្រសើរ ហើយស្រស់បំព្រង ប៉ុន្តែកន្លងផុតទៅមួយរយៈធំអ្វីៗនឹងប្រែប្រួល។ អត្ថបទខាងក្រោមនេះនឹងអាចជួយដល់មនុស្សស្រីដែលមិនទាន់សម្រេចចិត្តមានស្នេហាឲ្យមានភាពនឹងធឹង និងមិនងាយបែកបាក់គ្នានៅពេលមាន ព្រោះវាសុទ្ធតែជារឿងដែលអ្នកត្រូវដឹង និងត្រូវរៀន ៖
១. ទម្លាប់រៀនរស់នៅម្នាក់ឯងឲ្យបានសិន ព្រោះពេលមានស្នេហាអ្នកក៏មិនអាចប្រាកដថាគេអាចនៅក្បែរអ្នកគ្រប់ពេលនោះទេ។ បើសូម្បីតែនៅម្នាក់ឯងក៏អ្នកធ្វើមិនបាន ស្នេហាដែលអ្នកទទួលមកក៏មិនអាចរស់នៅបានយូរអង្វែងដែរ។
**២.** រៀនបើចិត្តឲ្យទូលាយសម្រាប់ស្នេហា ព្រោះគ្មានអ្នកណាម្នាក់អាចបំពេញចិត្តអ្នកគ្រប់ដប់នោះទេ។ បើគេធ្វើខុសត្រូវចេះអភ័យ ហើយបើអ្នកធ្វើខុសត្រូវចេះសុំទោស និងកែប្រែព្រោះនេះជាវិធីតែមួយគត់ដែលអាចចងមនុស្ស២នាក់ឲ្យនៅជាមួយគ្នាបាន។
៣. កុំស្រឡាញ់អ្នកណាម្នាក់ឲ្យលើសពីខ្លួនឯង ព្រោះគេអាចនឹងឈប់ស្រឡាញ់អ្នកដូចគ្នានៅពេលអ្នកបោះបង់ខ្លួនឯងចោល។ ទោះលង់ស្រឡាញ់គេខ្លាំងប៉ុណ្ណាក៏ដោយក៏មិនអាចភ្លេចស្រឡាញ់ខ្លួនឯងដែរ បែបនេះហើយទើបអ្នកអាចចងចិត្តគេជាប់ ដោយមិនបាច់រត់ដេញតាមគេ។
៤. កុំបានចិត្តនៅពេលគេស្រឡាញ់អ្នកខ្លាំង ព្រោះវាអាចឲ្យគេបាត់បង់ក្ដីស្រឡាញ់នោះយ៉ាងងាយ។ មនុស្សស្រីតែងបានចិត្តនៅពេលម្នាក់ទៀតស្រឡាញ់ខ្លាំង តែអ្នកត្រូវដឹងថាការដែលបានចិត្ត លែងខ្វល់ពីគេ ឲ្យតែគេលួង គេទ្រនេះហើយ ជាកាំបិតមួយកាត់ផ្ដាច់មនោសញ្ចេតនាទាំងប៉ុន្មានដែលគេមាន។
៥. កុំចូលចិត្តរំឭករឿងដែលបានហួស ព្រោះគ្មានអ្នកណាចង់ស្ដាប់ទៀតនោះទេ។ កុំទម្លាប់និយាយដដែលៗទៀតបើរឿងនោះហួសទៅហើយ ព្រោះមនុស្សប្រុសស្អប់បំផុតមនុស្សស្រីដែលចូលចិត្តនិយាយច្រំដែល ហើយរើកកាយរឿងចាស់ៗមកនិយាយនាំឈ្លោះ។
៦. កុំហួងហែងគេធ្វើដូចកម្មសិទ្ធិខ្លួន ព្រោះអ្នកមិនទាន់មានសិទ្ធិនៅឡើយទេ។ ដើម្បីកុំឲ្យម្នាក់ៗមានអារម្មណ៍ថាហត់ ថាធុញ ថាមានសម្ពាធអ្នកកុំហួងហែងគេពេក គេមានសិទ្ធិ ហើយអ្នកក៏មានសិទ្ធិដូចគ្នា ដូច្នេះគ្មានអ្នកណាម្នាក់ជារបស់អ្នកណាម្នាក់នោះទេ។
៧. ជ្រើសរើសមនុស្សដែលចុះសម្រុងជាមួយអ្នក ជាជាងរើសមនុស្សដែលអ្នកត្រូវផ្លាស់ប្ដូរខ្លួនឯងដើម្បីតែចង់ឲ្យគេស្រឡាញ់។ បើអ្នករើសយកទំនាក់ទំនងបែបនេះមិនយូរទេ វានឹងបែកប្រេះ។ ដូច្នេះគួរតែរើសយកអ្នកណាដែលអាចទទួលយកអ្នកគ្រប់កាលៈទេសៈ។
ស្នេហាមិនអាចស្រស់បំព្រងរហូតឡើយ។ ជម្លោះ ការខ្វែងគំនិត ការរករឿង ការធុញទ្រាន់នឹងកើតមានដូចគ្នា ដូច្នេះមានតែការសម្របខ្លួនទទួលយកការពិតតែប៉ុណ្ណោះទើបអាចរក្សាទំនាក់ទំនងមួយឲ្យបានយូរអង្វែង៕
ចុចអាន៖១០ចំណុចកូនស្រីត្រូវចាំជាប់ក្នុងចិត្ត មុនពេលរៀបការ ទើបមិនឈឺចាប់នៅពេលក្រោយ