កុំ​គិត​តែ​​ផ្សំ​ថ្នាំ​លេប​! អាការ ៦​យ៉ាង​ដែល​អ្នក​គិត​ថា​ធម្មតា ប៉ុន្តែ​អាច​ជា​សញ្ញា​ដ៏​គ្រោះ​ថ្នាក់

  • 2018-06-06 06:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាការៈ​ឈឺ​ថ្កាត់​ទូទៅ ដូច​ជា​ឈឺ​ក្បាល ឈឺ​ខ្លួន​ឈឺ​ប្រាណ គេង​មិន​លក់ រាករូស ។ល។ ភាគ​ច្រើន​​យើង​ប្រាកដ​ជា​គិត​ថា​​ទៅ​ផ្សំ​ថ្នាំ​លេប​​តែ​ពីរ​បី​ដង​ទៅ​វា​បាត់​ហើយ។ ប៉ុន្តែ​ក្នុង​ករណី​​ជំងឺ​ ឬ​អាការ​ឈឺ​របស់​អ្នក​មាន​ភាព​រ៉ាំរ៉ៃ​បន្ត​ៗ​ក្នុង​រយៈ​ពេល​យូរ​នោះ គឺ​មាន​ន័យ​ថា​វា​អាច​មាន​គ្រោះថ្នាក់​លើស​ពី​អ្វី​ដែល​អ្នក​គិត។ វេជ្ជបណ្ឌិត​នៅ​មន្ទីរ​ពេទ្យ​ឈាន​មុខ​មួយ​នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​ដាស់តឿន​ចំពោះ​ការ​ឈឺចាប់ ៦​យ៉ាង​ដែល​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់​ៗ​ដូច​ខាង​ក្រោម៖

១. ​គេង​មិន​លក់ > ជំងឺ​បេះដូង

មិន​ជឿ​ក៏​ត្រូវ​តែ​ជឿ​ដែរ​ថា គ្រាន់​តែ​គេង​មិន​លក់​ ១យប់ វា​ក៏​មាន​ផល​ប៉ះពាល់​ដល់​បេះដូង​យើង​បាត់​ទៅ​ហើយ ដោយ​សារ​តែ​ឈាម​​ត្រូវ​បញ្ជូន​ទៅ​បេះដូង​មិន​គ្រាប់​គ្រាន់។ មាន​ន័យ​ថា បើ​យើង​គេង​មិន​លក់​ច្រើន​យប់​ជាប់​គ្នា មិន​យូរ​ទេ​បេះដូង​នឹង​ខ្វះ​ឈាម ដែល​ប្រឈម​នឹង​ការ​កើត​ជំងឺ​បេះដូង​យ៉ាង​ងាយ។ ដូច្នេះ​កុំ​រវល់​តែ​លេប​ថ្នាំ​​ងងុយ​គេង ប៉ុន្តែ​ត្រូវ​ទៅ​រក​គ្រូពេទ្យ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់។

២. ទល់​លាមក > មហារីក​ពោះវៀន​ធំ

អាការ​ទល់​លាមក​កើត​ឡើង​ដោយ​សារ​កាក​សំណល់​អាហារ​ឆ្លង​កាត់​ពោះវៀន​ធំ​បាន​យឺត ព្រោះ​មាន​អ្វី​ម្យ៉ាង​រាំងស្ទះ​​ដំណើរការ​របស់​ពោះវៀនធំ។ ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ ប្រសិន​បើ​យើង​បត់​ជើង​ធំ​តិច​ជាង ៣ដង ហើយ​​មាន​ភាព​រ៉ាំរ៉ៃ​បែប​នេះ​លើស​ពី ៣​សប្ដាហ៍ គួរ​តែ​ទៅ​ជួប​គ្រូ​ពេទ្យ​ហើយ ព្រោះ​​វា​អាច​ប្រឈម​នឹង​ជំងឺ​ឫសដូងបាត និង​ជំងឺ​មហារីក​ពោះវៀន​ធំ​បាន។

៣. ឈឺក្បាល > រលាក​ស្រោម​ខួរ

អាការ​ឈឺក្បាល​កើត​ឡើង​បាន​ដោយ​សារ​ហេតុផល​ច្រើន ហើយ​ភាគ​ច្រើន​យើង​ក៏​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ ទោះ​យ៉ាង​ណា បើ​សិន​ជា​មាន​អាការ​ឈឺក្បាល រួម​ទាំង​មាន​ក្ដៅ​ខ្លួន ចុក​រោយ​ក ក្អួត​ចង្អោរ​ជាប់​គ្នា​ពីរ​បី​ថ្ងៃ គឺ​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ល្អ​ជាង។ ជា​ពិសេស​បើ​ចេះ​តែ​ឈឺក្បាល​ទៅ​ៗ ដៃ​ជើង​ចុះ​ខ្សោយ មាន​បញ្ហា​ភ្នែក និង​ឈឺ​ម្ដង​ៗ​ពីរ​បី​ម៉ោង​​គឺ​រឹត​តែ​ត្រូវ​ប្រញាប់​ទៅ​ពិនិត្យ ព្រោះ​វា​អាច​ជា​សញ្ញា​​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​របស់​ខួរ​ក្បាល និង​ប្រឈម​នឹង​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល។

៤. រាក > រលាក​ពោះវៀន

នៅ​ពេល​​អ្នក​មាន​អាការ​រាករូស ប៉ុន្តែ​បន្ត​ជាប់​គ្នា​ប្រមាណ ៣​ថ្ងៃ​មិន​ធូរ​ស្បើយ នោះ​ជា​សញ្ញា​ច្បាស់​ណាស់​ថា​មាន​បញ្ហា​មិន​ប្រក្រតី​ណា​មួយ​ ដូច​ជា​មាន​បរាសិត​ក្នុង​ពោះវៀន ស្ទះ​ពោះវៀន ឬ​អាច​ជា​បញ្ហា​លំពែង ថង់​ប្រមាត់។ កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​អាច​​នឹង​មាន​ដុំ​មហារីក​​ទៀត​ផង។ ដូច្នេះ​បើ​មាន​អាការ​បែប​នេះ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

៥. ភើ > មហារីក​បំពង់​អាហារ

ការ​ភើ​អាច​បណ្ដាល​មកពី​ច្រើន​មូលហេតុ ប៉ុន្តែ​មិន​ថា​ដោយ​សារ​មូលហេតុ​អ្វី​ក៏​ដោយ ការ​ភើ​​ហ្កាស​ឡើង​មក​ដូច្នេះ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​បំពង់​អាហារ បំពង់​ក និង​សួត​របស់​យើង​ទាំង​អស់។ បើ​ឃើញ​ថា​ខ្លួន​ឯង​ភើ​ញឹកញាប់ គួរ​តែ​ទៅ​ជួប​គ្រូ​ពេទ្យ​ហើយ ព្រោះ​ការ​ទុក​បណ្ដោយ​បែប​នេះ​នឹង​អាច​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​បំពង់​ក​បាន។

៦. ឈឺ​ធ្មេញ > ងងឹត​ភ្នែក

បើ​ដក​ធ្មេញ​រួច​ហើយ​ប៉ុន្តែ​នៅ​តែ​មាន​អារម្មណ៍​ថា​ឈឺ​ធ្មេញ​ និង​ឈឺ​ផ្ទៃ​មុខ​ទៀត លើស​ពី​ ៧​ថ្ងៃ នោះ​អាច​មាន​ន័យ​ថា​សរសៃប្រសាទ​នៅ​បរិវេណ​ផ្ទៃ​មុខ​មាន​បញ្ហា។ ដូច្នេះ​ត្រូវ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​មើល​ជា​បន្ទាន់ ព្រោះ​ការ​បណ្ដែតបណ្ដោយ​​ដោយ​គិត​ថា​វា​នឹង​បាត់​ឈឺ​ដោយ​ឯកឯង អាច​ហុច​ផល​អាក្រក់​រហូត​ដល់​ថ្នាក់​ខ្វាក់​ភ្នែក។

សុខភាព​គឺ​ជា​រឿង​សំខាន់ ដូច្នេះ​​ហើយ​ទើប​អ្នក​ត្រូវ​ត្រួត​ពិនិត្យ​វា​ឲ្យ​បាន​ទៀងទាត់ ជា​ពិសេស​នៅ​ពេល​មាន​បញ្ហា​មិន​ប្រក្រតី​ផ្សេង​ៗ។ កុំ​ទុក​ចិត្ត​ថា​វា​មិន​អី​ៗ ព្រោះ​អ្នក​នឹង​ស្ដាយ​ក្រោយ​ខ្លាំង​ពេល​គ្រូ​ពេទ្យ​និយាយ​ថា​យឺត​ពេល​ហើយ ៕

ប្រភព៖ vcharkarn ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម