ចង់​ផាត់​មុខឲ្យ​​រលោង​ចែង​ចាំង​ មិន​កក ​ត្រូវ​ដឹង​ពី​គន្លឹះ​ទាំងនេះ

  • 2018-06-01 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ផាត់​មុខ​មាន​ច្រើន​របៀប​ខុសៗ​គ្នា ទៅ​តាម​​ចំណង់​ចំណូល​ចិត្ត ការ​ពេញ​និយម និង​តាម​កាល​ តាម​វេលា។ យ៉ាង​ណា​មិញ​ ការ​ផាត់​មុខ​​​ឲ្យ​ចូល​សព្វ​​សាច់​ល្អ គឺ​ជា​អ្វី​ដែល​មិត្តៗ​នារី គួរ​ដឹង ទោះ​បី​ជា​​ត្រូវ​ផាត់​មុខ​​​​តាម​ស្ទីល​បែប​ណា​​ក៏​​ដោយ ដើម្បី​ជៀស​វាង​ការ​កក និង​​​មើល​ទៅ​​គ្មាន​លក្ខណៈ​ជា​ធម្មជាតិ។ អ្វី​ដែល​សំខាន់​ដំបូង ដើម្បី​ជៀសវាង​នូវ​រាល់​បញ្ហា​ទាំង​អស់​នោះ គឺ​ការ​ជ្រើស​រើស​​ប្រើប្រាស់​ម្សៅ​ទ្រនាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។

១. ជ្រើស​រើស​ម្សៅ​ទ្រនាប់​ដែល​ត្រូវ​នឹង​ពណ៌​ស្បែក

បើ​អ្នក​មាន​សម្បុរ​ស្បែក​ស អ្នក​ត្រូវ​ជ្រើស​រើស​ម្សៅ​ទ្រនាប់ ដែល​មាន​ពណ៌​ភ្លឺស្រាល ប៉ុន្តែ​អ្នក​ដែល​មាន​សម្បុរ​​ខ្មៅ​ស្រអែម ​មិន​គួរ​ជ្រើសរើស​​ពណ៌​​ឲ្យ​ស​ជាង​មុខ​ពេក​នោះ​ទេ ​​ព្រោះ​​អាច​​មើល​ទៅ​ខុស​ពី​​​ពណ៌​ដង​ខ្លួន​ មើល​ទៅ​មិន​សម​នោះ​​ឡើយ។ ​ដើម្បី​ជ្រើស​រើស​ពណ៌​ឲ្យ​បាន​ត្រឹម​ត្រូវ​ ពេល​ទិញ​គួរ​​សាក​នៅ​លើ​ក​ជិត​ថ្គាម។

២. មិន​​ត្រូវ​លាប​ម្សៅ​ទ្រនាប់​​ច្រើន​ពេក

​ត្រូវ​​លាប​​ស្តើង​ៗ​​ដោយ​ប្រើ​ដៃ​អូស​ថ្នមៗ ពី​ក្នុង​ចេញ​មក​ក្រៅ ទើប​ម្សៅ​ទ្រនាប់​ជ្រាប​ចូល​សាច់​មុខ​ល្អ​ និង​មិន​កក​នៅ​ផ្នែក​កៀនជើងសក់​ ពេល​ដែល​បែក​ញើស។

៣. រៀប​ចំ​ថែរក្សា​ស្បែក

ចង់​ឲ្យ​​ពេល​ផាត់​​​មុខ​ទៅ​​បាន​ស្អាត​បែប​ធម្មជាតិ អ្វី​ដែល​ត្រូវ​ធ្វើ​មិន​មែន​ផ្តោត​សំខាន់​តែ​លើ​ការ​តុប​តែង​​តែ​មួយ​មុខ​នោះ​ទេ គឺ​នៅ​ពេល​យប់​​ត្រូវ​លាង​សម្អាត​មុខ​​ឲ្យ​បាន​ស្អាត​ល្អ និង​លាប​​ឡេ​ណា​ដែល​ផ្តល់​​ជីវជាតិ ផ្ដល់សំណើម​ដល់​​ស្បែក។ ​បន្ទាប់​មក​ពេល​ពេល​ព្រឹក មុន​ធ្វើ​ការ​ផាត់​មុខ​ជា​មួយ​ម្សៅ​​ទ្រនាប់ អ្នក​ត្រូវ​លាប​​សេរ៉ូម ឬ​គ្រីម​ផ្តល់​សំណើម​ជា​មុន​សិន​ ទើប​ស្បែក​មើល​ទៅ​រលោង​ស្អាត។

៤. លាប​ Primer

​​​Primer គឺជា​ប្រភេទ​គ្រីម​ម្យ៉ាង​​សម្រាប់​លាប​មុន​​ម្សៅ​ទ្រនាប់ វា​​មាន​ពណ៌​ភ្លឺ​ជាង​ស្បែក​តែ​​បន្តិច​ប៉ុណ្ណោះ ​ប៉ុន្តែ​​វា​​ជា​ជំនួយ​ការ​ដ៏​សំខាន់ ក្នុង​ការ​ទប់​​ជាតិ​ខ្លាញ់ និង​គ្រឿង​សម្អាង​ឲ្យ​ជាប់​បាន​យូរ​ល្អ ថែម​ទាំង​​មាន​ភាព​ស្រស់​ថ្លា​ទៀត​ផង។

៥. ជ្រើស​រើស​ជក់​ផាត់​ឲ្យ​បាន​ត្រឹម​ត្រូវ

ម្សៅ​ទ្រនាប់​ខ្លះ គឺ​ស៊ី​គ្នា​ជា​មួយ​​នឹង​ការ​ផាត់​ដោយ​ជក់ វា​​អាច​ជ្រាប​ចូល​លឿន​​ជាង​ការ​ប្រើ​ជាមួយ​ប៉ុង​ផាត់​មុខ។ យ៉ាង​ណា​ក៏​ដោយ កុំ​ភ្លេច​ប្រើ​ដៃ​តប់​ថ្នមៗ​ពី​​លើ បន្ទាប់​ពី​ប្រើ​ជក់​ហើយ។

៦. ជ្រើស​រើស​​​ម្សៅ​ទ្រនាប់​ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក

បើ​អ្នក​មាន​​ស្បែក​មុខ​ស្ងួត គួរ​ប្រើ​ម្សៅ​ទ្រនាប់​ដែល​រាវ​ និង​អាច​ផ្តល់​សំណើម​ដល់​ស្បែក​​ ប៉ុន្តែ​បើ​អ្នក​មាន​​ស្បែក​ដែល​​មាន​ជាតិ​ខ្លាញ់​ច្រើន ត្រូវ​ប្រើ​ម្សៅ​ទ្រនាប់​ណា ធន់​នឹង​ទឹក​​ហើយ​​មាន​​សារធាតុ​ដែល​​​​អាច​ទប់​ជាតិ​ខ្លាញ់​បាន​ពេញ​មួយ​ថ្ងៃ។

៧. មិន​ត្រូវ​ប្រើ​ Concealer មុន​​ម្សៅ​ទ្រនាប់

Concealer ដែល​ប្រើ​សម្រាប់​បិទ​បាំង ស្នាម​ស្លក់​ខ្មៅ​ក្រោម​ភ្នែក ឬ​ស្នាម​មុន​នៅ​លើ​មុខ អ្នក​ត្រូវ​ប្រើ​បន្ទាប់ពី​លាប​ម្សៅ​ទ្រនាប់​ហើយ ជា​ពិសេស​​​លាប​នៅ​​កន្លែង​​​ឆាប់​ចេញ​ជាតិ​ខ្លាញ់ ដែល​ហៅ​ថា​ T-Zone មាន​ដូច​ជា​នៅ​ត្រង់​​កណ្តាល​ថ្ងាស ខ្ទង់​ច្រមុះ​ និង​ចង្កា ហើយ​ត្រូវ​ធ្វើការ​តប់​ឲ្យ​ចូល​ដោយ​ប្រើ​​ជាមួយ​ប៉ុង​ផាត់។

៨. ថែម​ម្សៅ​​ហុយ

ចង់​ឲ្យ​ការ​តុបតែង​មុខ​ជាប់​បាន​យូរ​ហើយ​​មិន​កក អ្នក​គួរ​ជ្រើស​រើស​ប្រើ​ម្សៅ​ហុយ​​ ផាត់​ដោយ​ជក់​ទន់ ហើយ​កុំ​ផាត់​ក្រាស់​ពេក។

៩. ថែម​ Highlighter

ដើម្បី​ឲ្យ​សាច់​ថ្ពាល់​ មើល​ទៅ​កាន់​តែ​ចែង​ចាំង​ភ្លឺ​ស្អាត ​អ្នក​គ្រាន់​តែ​បន្ថែម Highlighter បន្តិច​​បន្តួច​នៅ​លើ​ឆ្អឹង​ថ្ពាល់​ជា​ការ​ស្រេច៕

ចុចអានបន្ត៖

​​

ប្រភព៖ Goodhousekeeping ប្រែ​សម្រួល៖ ដេត ឈុនអ៉ី