​មនុស្ស​ប្រុស​ការ​ហើយ​​​​​ច្រើន​ផ្លាស់​ប្ដូរ​ ៥​យ៉ាង​នេះ តែ​ជា​អ្វី​ដែល​ប្រពន្ធ​​ចង់​បាន​បំផុត

  • 2018-05-28 07:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​គូ​ស្នេហ៍​សម្រេច​ចិត្ត​រៀបការ​ វា​មិន​មែន​មាន​ន័យ​ថា​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ប្រើ​ជីវិត​គូ​រួម​គ្នា​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​សញ្ញា​ចាប់​ផ្ដើម​​នូវ​អ្វី​ជា​ច្រើន​ទៀត ហើយ​ប្រាកដ​ណាស់​ថា​ជីវិត​ស្នេហា​​មុន​រៀបការ និង​ក្រោយ​រៀបការ​តែង​មាន​ភាព​ខុស​គ្នា។ បើ​និយាយ​ពី​ការ​ផ្លាស់​ប្ដូរ​របស់​ភាគី​បុរស កាល​ពី​មុន​រៀបការ​ គេ​អាច​នឹង​គិត​ធ្វើ​អ្វី​ក៏​បាន​តាម​ចិត្ត ប៉ុន្តែ​ក្រោយ​ពី​រៀបការ​ហើយ គេ​មិន​អាច​ធ្វើ​បែប​ហ្នឹង​ត​ទៀត​ឡើយ តែ​គេ​នឹង​ព្យាយាម​ផ្លាស់​ប្ដូរ​ទម្លាប់​ជា​ច្រើន ដើម្បី​ធ្វើ​ឲ្យ​នារី​ដែល​មក​ធ្វើ​ជា​គូ​ជីវិត​របស់​គេ​មាន​ក្ដី​សុខ។ ថា​តើ​ការ​ផ្លាស់​ប្ដូរ​នោះ​មាន​អ្វី​ខ្លះ សូម​តាមដាន​ជាមួយ កញ្ញា ខាង​ក្រោម​នេះ៖

១. ខ្វល់ខ្វាយ​ពី​អារម្មណ៍​​ប្រពន្ធ​កាន់​តែ​ច្រើន

កាល​នៅ​ជា​សង្សារ គេ​អាច​នឹង​មិន​សូវ​ចាប់​អារម្មណ៍​​ប៉ុន្មាន​ទេ ថា​អ្នក​ធ្វើ​អ្វី​ខ្លះ ហើយ​ក៏​មិន​សូវ​ខ្វល់ខ្វាយ​ពី​អ្នក​ច្រើន​ដែរ ប៉ុន្តែ​ក្រោយ​រៀបការ ស្វាមី​ល្អ​នឹង​ងាក​មក​ចាប់​អារម្មណ៍​​លើ​អ្វី​ដែល​ពាក់ព័ន្ធ​ភរិយា​របស់​ខ្លួន​កាន់​តែ​ច្រើន និង​មាន​ការ​បារម្ភ ខ្វល់ខ្វាយ​ពី​អារម្មណ៍​របស់​ភរិយា​ខ្លួន​ឯង​ជាង​នារី​ៗ​ដទៃ​។

២. បញ្ឈប់​ទម្លាប់​ផ្ដេសផ្ដាស​ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែកបាក់​គ្នា

ក្រោយ​ពី​រៀបការ មនុស្ស​ប្រុស​នឹង​មាន​ភាព​ជា​អ្នក​ដឹកនាំ​ជាង​មុន ហើយ​នឹង​បញ្ឈប់​រាល់​ទង្វើ​ដែល​ខ្លួន​ធ្លាប់​ធ្វើ​មិន​ល្អ​កាល​ពី​ពេល​នៅ​ជា​សង្សារ​ចោល ដើម្បី​​ក្លាយ​ជា​មេគ្រួសារ​ល្អ​។ គេ​នឹង​ដឹង​ថា​អ្វី​ដែល​អាច​ធ្វើ​បាន ហើយ​អ្វី​ដែល​គួរ​តែ​ឈប់ ជា​ពិសេស​ទង្វើ​ផ្ដេសផ្ដាស​ដែល​អាច​ឲ្យ​ជីវិត​គូ​របស់​គេ​ឈាន​ដល់​បែកបាក់ ដូច​ជា​ការ​មាន​ស្រី​លួចលាក់ ការ​ញៀន​ស្រា​ញៀន​ល្បែង ដើរ​លេង​ប៉ោឡែ​ជាមួយ​មិត្តភ័ក្ដិ​ជាដើម។ ក្រោយ​រៀបការ​រួច មនុស្ស​ប្រុស​ដែល​ស្រលាញ់​គ្រួសារ​នឹង​បញ្ឈប់​ទង្វើ​ទាំង​នេះ​បាន​ដោយ​ឯកឯង។

៣. ប្រញាប់​​ត្រលប់​មក​ផ្ទះ​ទៀង​ពេល

វា​ប្រៀប​ដូច​ជា​តួនាទី​សំខាន់​មួយ​របស់​បុរស​ជា​ប្ដី​ក៏​ថា​បាន សម្រាប់​ការ​ប្រញាប់​ត្រលប់​ចូល​ផ្ទះ​វិញ​ទៀង​ពេល។ មិន​មែន​មាន​ន័យ​ថា​រៀបការ​ហើយ​​មិន​អាច​ចូល​ផ្ទះ​យឺត​នោះ​ទេ ជា​ទូទៅ​មនុស្ស​ប្រុស​អាច​ញែក​ដាច់​បាន​រវាង​ការងារ និង​គ្រួសារ គ្រាន់​តែ​ថា​បុរស​ដែល​ទើប​រៀបការ​ថ្មី​ៗ ក៏​តែង​ចង់​ប្រញាប់​មក​ផ្ទះ​​យ៉ាង​ទៀង​ពេល ព្រោះ​គេ​ដឹង​ថា​មាន​មនុស្ស​សំខាន់​កំពុង​រង់ចាំ​ឲ្យ​គេ​ត្រលប់​ទៅ​ផ្ទះ​វិញ។

៤. មាន​គោលដៅ​ជីវិត ចេះ​រៀបចំ​ផែនការ​អនាគត

ព្រោះ​គេ​មិន​មែន​រស់​នៅ​ខ្លួន​មួយ​ត​ទៀត​ទេ ដូច្នេះ​ហើយ​ក្នុង​នាម​ជា​មេគ្រួសារ មនុស្ស​ប្រុស​ត្រូវ​គិតគូរ​វែង​ឆ្ងាយ មាន​ការ​រៀបចំ​ផែនការ​ជីវិត​សម្រាប់​មនុស្ស​ក្នុង​គ្រួសារ ដូច​ជា​ការ​គិត​ទិញ​ផ្ទះ ទិញ​ឡាន ឬ​ទ្រព្យសម្បត្តិ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​មាន​ភាព​កក់ក្ដៅ និង​ប្រសើរ​ឡើង។ គេ​នឹង​មាន​ភាព​ម៉ឺងម៉ាត់​កាន់​តែ​ច្រើន​ចំពោះ​​មុខ​របរ​ និង​ការងារ និង​មាន​ការ​រៀប​ចំ​ផែនការ​អនាគត​សម្រាប់​កូន​ៗ​ដែរ។

៥. យល់​ដឹង​ពី​វិធី​ថែ​រក្សា​ជីវិត​គូ

ក្រៅ​ពី​ស្វែង​យល់​ពី​ការ​រស់​នៅ​ជីវិត​គូ​ហើយ ប្ដី​ប្រពន្ធ​ក៏​ត្រូវ​ស្វែង​យល់​ពី​វិធី​ថែរក្សា​​ជីវិត​គូ​ដើម្បី​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង​ដែរ ត្បិត​ការ​ជីវិត​រៀបការ​មិន​មែន​អាច​ធ្វើ​អ្វី​តាម​ចិត្ត​ដូច​កាល​ជា​សង្សារ ចង់​ស្រលាញ់​ក៏​ស្រលាញ់ ចង់​បែក​ក៏​បែក​នោះ​ទេ។ ដូច្នេះ​ហើយ​នៅ​ពេល​មាន​អ្វី​មិន​យល់​ពី​គ្នា គួរ​កុំ​​ទុក បណ្ដែតបណ្ដោយ ឬ​សន្និដ្ឋាន​តែ​ម្នាក់​ឯង ប៉ុន្តែ​គួរ​តែ​បើក​ចិត្ត និង​ដោះស្រាយ​បញ្ហា​នោះ​មុន​នឹង​រឿង​រាលដាល​កាន់​តែ​ធំ ៕

រូបថត៖ Prumden Foto

ចុចអាន៖

ប្រភព៖ Sanook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន