ជីវិត​ស្រីៗ​​​រស់​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ​ត្រូវ​ហាម​មិន​ឲ្យ​ធ្វើ​​រឿង​ច្រើន​ណាស់

  • 2018-05-25 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​រស់​នៅ​ក្នុង​​ប្រទេស​អារ៉ាប៊ីសាអូឌីត គឺ​ពុំ​មាន​សិទ្ធ​​ពេញ​លេញ​ក្នុង​ការ​ធ្វើ​អ្វីៗ​ ដូច​បុរស​​ឡើយ។ បើ​ជា​ប្រពន្ធ រាល់​ពេល​​ចេញ​ទៅ​​​ទី​សាធារណៈ​ម្តង​ៗ ​ប្តី​ត្រូវ​ទៅ​តាម​ជានិច្ច មិន​ត្រឹម​តែ​ប៉ុណ្ណោះ មាន​រឿង​ជា​ច្រើន​​ទៀត​ដែល​ហាម​ប្រាម​ ស្រីៗ​មិន​ឲ្យ​ធ្វើ​នៅ​ក្នុង​ប្រទេស​នោះ។ បើ​មាន​នរណា​មួយ​ មិន​អាច​​គោរព​​ច្បាប់​​ដែល​​បាន​​ហាម ពួក​គេ​នឹង​ត្រូវ​ពិន័យ​ ឬ​ដាក់​ទោស​ទៀត​ផង។

​​១. មិន​អាច​ចេញ​ទៅ​ក្រៅ​ម្នាក់​ឯង​ ដោយ​គ្មាន​មនុស្ស​ប្រុស​ទៅ​ជាមួយ​​

មនុស្ស​ស្រី​នៅ​អារ៉ាប់​ ​គ្មាន​សិទ្ធិ​​ចេញ​ក្រៅ​ដោយ​គ្មាន​​​ប្តី ឬ​សាច់​ញាតិ​ជា​មនុស្ស​ប្រុស​ទៅ​អម​ជា​មួយ​នោះ​ទេ។​ ស្រ្តី​ក៏​មិន​អាច​ចាក​ចេញ​ពី​ប្រទេស ស្វែង​រក​ការងារ​ធ្វើ រៀបការ ចូល​រៀន​នៅ​សាកល​វិទ្យាល័យ ឬ​សូម្បី​តែ​​វះកាត់​ក៏​ដោយ ក៏​​ត្រូវ​ឆ្លង​កាត់​ការ​អនុញ្ញាត​ពី​ខាង​ប្រុស​សិន​ដែរ។ បើ​មាន​ការ​ត្រូវ​​ទៅ​ប៉ុស្តិ៍​ប៉ូលីល ​​បុរសដែល​តែង​តែ​​តាម​ការពារ​នោះ គឺ​ត្រូវនិយាយ​ជំនួស ព្រោះ​នាង​មិន​​អាច​ដោះ​ក្រណាត់​ដែល​គ្រប​មុខ​នោះ​ចេញ​បាន​​ទេ ហើយ​ក៏​គ្មាន​សិទ្ធិ​តវ៉ា​ ត្អូញ​ត្អែរ​ដាក់​បុរស​នោះ​ដែរ។

​​២. គ្មាន​សិទ្ធិ​បើក​បរ​​

កាល​ពី​មុន​ស្រ្តី​គ្មាន​សិទ្ធិ​​ទាល់​តែ​សោះ​ក្នុង​ការ​បើកបរ ប៉ុន្តែ​​នៅ​​ក្នុង​ឆ្នាំ​ ២០១៧ ស្តេច​​នៃ​ប្រទេស​អារ៉ាប់ ក៏​បាន​ផ្លាស់​ប្តូរ​ឲ្យ​ស្រ្តី​ អាច​មាន​សិទ្ធិ​បើក​បរ​ធម្មតា​ ប៉ុន្តែ​​លុះ​ត្រា​តែ​មាន​ការ​អនុញ្ញាត​ពី​ខាង​ប្រុស​​សិន​ បើ​​ពុំ​ដូច្នោះ​ទេ គឺ​ខុស​ច្បាប់​ដដែល។

​​​៣. មិន​ឲ្យ​ប្រើ​​សេវា​ដឹក​ជញ្ជូន​សាធារណៈ​​

មិន​ឲ្យ​ជិះ​ឡាន​ក្រុង ហើយ​បើ​ជិះ​រថភ្លើង​វិញ ត្រូវ​ជិះ​នៅ​កន្ទុយ​រថភ្លើង​​ ដាក់​ដោយ​ឡែក​​ពី​បុរស ដូច្នេះ​​ហើយ​បាន​ជា​​នារី​នៅ​ប្រទេស​នោះ ​ត្រូវ​ដើរ​ដោយ​ខ្លួន​ឯង ជិះ​តាក់ស៊ី ឬ​មាន​អ្នក​បើក​បរ​ផ្ទាល់​ខ្លួន។

​​៤. ត្រូវ​ស្លៀក​ខ្មៅ​សុទ្ធ ហើយ​ធំ​​

ពេល​ដើរ​នៅតាមដងផ្លូវ ស្រីៗ​តម្រូវ​ស្លៀក​គ្រប​ឲ្យ​​ជិត​ សល់​តែ​ភ្នែក​ដៃ​ និង​ជើង ហើយ​សាច់​ក្រណាត់​ត្រូវ​ឲ្យ​ក្រាស់ មិន​លេច​​​ចេញ​រាង។ យ៉ាង​ណា​មិញ​ តាម​តំបន់​ខ្លះ​ ការ​ស្លៀក​ពាក់ គឺ​មិន​តឹង​តែង​ដាក់​កំហិត​ខ្លាំង​ពេក​ទេ ប៉ុន្តែ​​បើ​មិន​​គោរព​តាម​ច្បាប់​​នោះ ក្នុង​ករណី​មាន​ជន​​ខិលខូច​ចាប់​រំលោភ ស្រ្តី​នឹង​ត្រូវ​បាន​គេ​ចោទ​ថា​មក​ពី​ស្លៀក​ធូរ​រលុង​​ពេក។

​​៥. មិន​​លើក​ទឹក​ចិត្ត​ស្រ្តី​ឲ្យ​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​​

​ ទៅ​រៀនបាន​ ប៉ុន្តែ​មិនចាំ​បាច់​រៀន​ខ្ពស់​ពេក​ទេ ហើយ​បើ​ចង់​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស គឺ​ត្រូវ​មាន​ការ​អនុញ្ញាតិ​ពី​​បុរស​​សិន ហើយនារី​ក៏​​មិន​សូវ​មាន​ឱកាស​ជាប់​អាហារូបករណ៍​ដែរ។ ទោះ​បី​ជា​រៀន​ចប់​មហា​វិទ្យាល័យ​ ក៏​ពួក​គេ​មិន​សូវ​បាន​ធ្វើ​ការ​ងារ​ដែរ។

​​៦. ពួក​គេ​មិន​​​ធ្វើ​ការងារ​អ្វី​ច្រើន​ទេ​​

​​​នារី​ដែល​​មាន​ការងារ​ធ្វើគឺមានតែ ​១៧% ​ប៉ុណ្ណោះ ក្រៅ​ពី​ហ្នឹង​ភាគ​ច្រើន​ពួក​គេ នៅ​ផ្ទះ​មើល​កូន។ នារី​​​ដែល​មិន​ត្រូវ​បាន​ហាមឃាត់​ធ្វើ​ការងារ​ លុះ​ត្រា​តែ​គេ​​ចេះ​ទុក​ដាក់​ចាត់​ចែង​ ក្នុង​ក្រុម​គ្រួសារ​ឲ្យ​បាន​ល្អ និង​​មាន​ការ​អនុញ្ញាត​ពី​ខាង​ប្តី។

ភាគ​ច្រើន​ស្រ្តី​នៅ​ទី​នោះ​មាន​សិទ្ធ​ធ្វើ​ការងារ​ណា ដែល​​មិន​​តម្រូវ​ឲ្យ​ជួប​ប្រុសៗ ដូច​ជា​ធ្វើ​ឆ្មប​ជាដើម។ ស្រីៗ​​​មិន​សូវ​ជា​មាន​គេ ស្វាគមន៍​ឲ្យ​​ចូល​ក្នុង​នយោបាយ ឬ​ធ្វើ​ជា​មេធាវី​​ឡើយ។ ឯ​ប្រាក់​ខែ​វិញ​គឺ​ទាប​ ក្រុមហ៊ុន​ផ្សេងៗ​​​មិន​ចង់​បាន​បុគ្គលិក​ជា​មនុស្ស​ស្រី ព្រោះ​​​​​គេ​ត្រូវ​បែងចែក ទាំង​កន្លែង​​ធ្វើការ បន្ទប់​ទឺក​ រួម​ទាំង​ច្រក​ចូល​ ត្រូវ​ដាក់​ឲ្យ​ដាច់​ដោយ​ឡែក​ពី​បុរស។​​​​

​​៧. តើ​​ពួក​គេ​រៀប​ការ​យ៉ាងណាដែរទៅ?​​

មនុស្ស​ស្រី​នៅ​អារ៉ាប់​រៀប​ការ​នៅ​វ័យ​​ក្មេង​ណាស់ ពេល​ខ្លះ​មិន​ទាន់​ពេញ​វ័យ​​ស្រួល​បួល​ក៏​មាន បែបនេះ​ហើយ​បាន​ពួក​គេ​ភាគ​ច្រើន​​​ត្រូវ​ឈប់​រៀន។ ម្យ៉ាង​ទៀត​ការ​​ប្រញាប់​មាន​ផ្ទៃ​ពោះ ធ្វើ​ឲ្យ​សុខ​ភាព​ឆាប់​ទ្រុឌទ្រោម រហូត​ដល់​ស្លាប់​ផង​ដែរ។ មិន​មាន​​ការ​បង្ខំ​ឲ្យ​រៀប​ការ​​ទេ​ ប៉ុន្តែ​​ឪពុក​ខាង​ស្រី​ចាំបាច់​ត្រូវ​ ធ្វើ​កុង​ត្រា​ជាមួយ​អនាគត​កូន​ប្រសា​ប្រុស។

​​៨. ​មិន​ឲ្យ​​ចេញ​​ទៅ​ស្វាគមន៍​ភ្ញៀវ​នៅ​មាត់​ទ្វារ​​​

​​ស្រីៗ​មិន​​អាច​អញ្ជើញ​ភ្ញៀវ មក​លេង​នៅ​ផ្ទះ​បាន​ទេ ​បើ​មាន​​ភ្ញៀវ​មក​លេង​ អាច​​​និយាយ​គ្នា​​បាន ប៉ុន្តែ​​ត្រូវ​មាន​គម្លាត​ឲ្យ​ឆ្ងាយ មិន​ត្រូវ​នៅ​ជិត​គ្នា ហើយ​ភាគ​ច្រើន​ច្រក​ទ្វារ​ផ្ទះ​មាន​ពីរ​មួយ​សម្រាប់​ប្រុស មួយ​សម្រាប់​ស្រី។

​​៩. ច្រក​ចូល​ហាង​កាហ្វេ​ មាន​ពីរ​ផ្សេង​គ្នា​​

ការ​បែង​ចែក​ភេទ គឺ​ជា​គោលការណ៍​ដ៏​ចម្បង​នៅ​ក្នុង​ប្រទេស​នោះ ដែល​​​​​មិន​ឲ្យ​ស្រ្តី ទាក់​ទង​ជាមួយ​មនុស្ស​​ប្រុស​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក ជា​ពិសេស​​នៅ​​ទី​សាធារណៈ ដូច​ជា​ឆ្នេរ​ខ្សាច់ និង​​ភោជនីយដ្ឋាន។ ដូច្នេះ​ហើយ​ទោះ​បី​ជា ហាង​ល្បី​ៗ​ជា​ច្រើន​​មក​ពី​ប្រទេស​សេរី​ក៏​ដោយ ត្រូវ​តែ​គោព​តាម​​ច្បាប់​មួយ​នេះ។

​​១០. គ្មាន​សិទ្ធិ​ស្មើ​គ្នា​​

កូន​ដែល​មាន​ឪពុក​ជា​ជន​បរទេស មិន​អាច​មាន​សិទ្ធិ​ចូល​ជា​​សញ្ជាតិ​អារ៉ាប់។ ចំពោះ​កេរ្តិ៍មរតក​វិញ បុរស​តែង​​ទទួល​បាន​ច្រើន​ជា​​នារី​ទ្វេ​ដង។ បើ​​នៅ​តាម​ជន​បទ​វិញ​ គឺ​មិន​ត្រូវ​បាន​​ទទួល​មរតក​សោះ​តែ​ម្តង។

​​​១១. ហាម​ឃាត់​ការ​លេង​កីឡា​​

សូម្បី​តែ​ការ​​ការ​ប្រកួត​ផ្នែក​កីឡា ​ក៏​​ត្រូវ​បាន​​ហាម​ឃាត់​ដែរ ចំណែក​ឯ​ការ​ហាត់​ប្រាណ​វិញ មិន​មែន​អាច​ហាត់​បាន​គ្រប់​ ឧបករណ៍​នោះ​ទេ៕

ចុចអានបន្ត៖

​​ ​​

​​ ​​ ​​​​

​​ ​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី