ហេតុផល​បែបនេះ​ហើយ បាន​មនុស្ស​ប្រុស​​ទោះមាន​ប្រពន្ធ​ហើយ​ក៏នៅ​តែ​មាន​ស្រីក្រៅ

  • 2018-05-16 07:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ប្ដី​មាន​ស្រី​គឺ​ជា​បញ្ហា​ចោទ​មួយ​ដែល​មនុស្ស​ស្រី​ស្អប់​បំផុត តែ​វា​នៅ​តែ​កើត​មាន​ឡើង​រវាង​ប្ដី​ប្រពន្ធ។ ខាង​ក្រោម​នេះ​ជា​ហេតុផល​មួយ​ចំណែក​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ទោះ​មាន​ប្រពន្ធ​កូន​ហើយ ក៏​នៅ​តែ​ឆ្លៀត​មាន​ស្រី​ក្រៅ​ទៀត ៖

១. ប្រពន្ធ​រអ៊ូ​ច្រើន

រៀប​ការ​ហើយ​បញ្ហា​ក៏​មាន​ច្រើន​ដែរ ជា​ពិសេស​មនុស្ស​ស្រី​ក៏​ចាប់​ផ្ដើម​ប្រែប្រួល​ទៅ​ជា​រអ៊ូ​ច្រើន​នេះ​ក៏​មក​ពី​នាង​ហត់។ មនុស្ស​ប្រុស​ខ្លះ​មិន​បាន​យល់​ហើយ​ក៏​ធុញ​នឹង​ប្រពន្ធ និង​ចំណង​អាពាហ៍ពិពាហ៍​ថា​មិន​ផ្អែមល្ហែម​ដូច​មុន រួច​ក៏​បែក​ចិត្ត​ចង់​ទៅ​ភ្លក់​រសជាតិ​ស្រី​ក្រៅ។

រូបតំណាង

**២. ការ​រួម​ខ្នើយ​ជាមួយ​គ្នា​មិន​សូវ​មាន​ភាព​រ៉ូមែនទិច**

ជីវិត​ប្ដី​ប្រពន្ធ​ត្រូវ​ការ​ចំណុច​នេះ​ខ្វះ​មិន​បាន​ទេ បើ​ការ​រួមខ្នើយ​អ្នក​មិន​ចុះ​សម្រុង​គ្នា​ហើយ​នោះ​ក៏​ពិបាក​ដែរ។ ពេល​ខ្លះ​អាច​មក​ពី​ប្រពន្ធ​មិន​យល់​ប្ដី ឬ​អាច​មក​ពី​ប្ដី​មិន​យល់​ប្រពន្ធ​តែ​បើ​រឿង​នេះ​មិន​អាច​ដោះស្រាយ​បាន​ទេ ភាព​រកាំរកូស​នឹង​មាន ហើយ​ភាគ​រយ​នៃ​ការ​ដែល​ប្ដី​ទៅ​មាន​ស្រី​ក៏​កើន​ឡើង​ដូច​គ្នា។

៣. ទំនាក់ទំនង​រវាង​ប្ដី​ប្រពន្ធ​មាន​ភាព​សោះ​កក្រោះ

ភាព​ហត់នឿន​រៀង​ខ្លួន​បាន​ធ្វើ​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ កាន់​តែ​ឆ្ងាយ​គ្នា​ទៅ មិន​សូវ​មាន​ភាព​ផ្អែម​ល្ហែម​ដាក់​គ្នា នៅ​ផ្ទះ​មិន​ដែល​ជុំ​គ្នា ហើយ​ពេល​ជុំ​គ្នា​ឈ្លោះ​នេះ ឈ្លោះ​នោះ​មិន​ចេះ​ចប់។ ភាព​ព្រងើយ​កន្តើយ​ក៏​ចេះ​តែ​កើន​ឡើង ហើយ​ម្នាក់​ៗ​មិន​ព្រម​ស្ដាប់​គ្នា ដូច្នេះ​ហើយ​ទើប​មាន​ប្ដី​មួយ​ចំនួន​ទៅ​រក​ស្រី​ក្រៅ​ដើម្បី​បន្ធូរ​អារម្មណ៍ រហូត​លែង​ចេះ​គិត​ពី​គ្រួសារ​ក៏​មាន។

៤. លង់​ភាព​ជោគជ័យ​​រហូត​ភ្លេច​ខ្លួន

មនុស្ស​ប្រុស​កាន់​តែ​ឡើង​ធំ កាន់​តែ​មាន​យស មាន​ទ្រព្យ​កាន់​តែ​​ចង់​បាន​អ្វី​ដែល​ថ្មី អ្វី​ដែល​ស្អាត បែប​នេះ​ហើយ​ទើប​មាន​មនុស្ស​ប្រុស​ខ្លះ​ភ្លើតភ្លើន​ភ្លេច​គ្រួសារ​នៅ​ពេល​គេ​មាន​បាន។ គេ​អាង​គេ​មាន​លុយ​ ចង់​បាន​មនុស្ស​ស្រី​បែប​ណា​ក៏​បាន ហើយ​មើល​ឃើញ​ប្រពន្ធ​ឯ​មិន​ស្អាត មិន​ល្អ។

រូបតំណាង

៥.​ប្រពន្ធ​លែង​ស្អាត

រៀប​ការ​ហើយ​មនុស្ស​ស្រី​អាច​នឹង​រ៉ាបរង​ការងារ​ជា​ច្រើន ហើយ​ក៏​ត្រូវ​មាន​កូន ដូច្នេះ​សម្រស់​នាង​ក៏​លែង​ស្អាត​ដូច​ពេល​នៅ​ក្រមុំ តែ​មនុស្ស​ប្រុស​មិន​យល់​ហើយ​ថែម​ទាំង​ក្បត់​ចិត្ត​ទៀត។ ត្រូវ​ហើយ​ស្រី​នៅ​ក្រៅ​គេ​ស្អាត​ៗ​ណាស់ ព្រោះ​មួយ​ថ្ងៃ​នាង​មាន​ពេល​ច្រើន​ថែទាំ​សម្រស់​ដែល​ជា​អាវុធ​ទាក់​ចិត្ត​មនុស្ស​ប្រុស។ បែប​នេះ​ហើយ​ទើប​យើង​ជា​ប្រពន្ធ​ក៏​ត្រូវ​មើល​ថែរក្សា​ខ្លួន​ដែរ កុំ​ឲ្យ​ធ្លាក់​ខ្លួន​ខ្លាំង​ពេក។

៦. កំដរ​អារម្មណ៍

មនុស្ស​ប្រុស​ខ្លះ​មិន​ភ្លេច​ប្រពន្ធ​ទេ តែ​ក៏​មិន​អាច​ខ្វះ​ស្រី​បាន​ដែរ ព្រោះ​ពេល​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​គឺ​មាន​តែ​ទៅ​រក​ស្រី​ហ្នឹង​ហើយ​ឲ្យ​ធូរ​អារម្មណ៍។ ពេល​ខ្លះ​ស្មុគ​ស្មាញ ពេល​ខ្លះ​អារម្មណ៍​មិន​ល្អ​គឺ​ដឹង​តែ​ទៅ​រក​ស្រី​ហើយ ព្រោះ​នាង​ស្អាត ក្មេង សម្ដី​ពីរោះ ចេះ​លួងលោម មិន​មែន​ដូច​ប្រពន្ធ​​ទេ៕

រូបតំណាង

ចុចអាន៖រៀប​ការ​នឹងបុរស​បែប​ណា​ទើប​មិន​​ខក​ខ្លួន? ៧​ចំណុច​​ដែល​ត្រូវ​មើល​ មុន​ជ្រើស​គេ​ជា​គូ​ជីវិត

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម