រៀប​ការ​នឹងបុរស​បែប​ណា​ទើប​មិន​​ខក​ខ្លួន? ៧​ចំណុច​​ដែល​ត្រូវ​មើល​ មុន​ជ្រើស​គេ​ជា​គូ​ជីវិត

  • 2018-05-04 07:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន​យើង​ឃើញ​ថា​គូ​ស្វាមី​ភរិយា​មួយ​ចំនួន​បាន​បែកបាក់​គ្នា​បន្ទាប់​ពី​ពួក​គេ​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ហើយ។ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ប្រេះឆា និង​ស្ដាយ​ក្រោយ​ក្នុង​ឆាក​ជីវិត អ្នក​គួរ​តែ​ពិនិត្យ និង​សិក្សា​ពី​គ្នា​ឲ្យ​បាន​ច្បាស់​មុន​សម្រេច​ចិត្ត​ទទួល​យក​ម្នាក់​នោះ​ជា​ដៃគូ​ជីវិត។ អត្ថបទ​ខាង​ក្រោម​នឹង​នាំ​អ្នក​ទៅ​ស្វែង​យល់​ពី​ប្រភេទ​មនុស្ស​ប្រុស​ដែល​អ្នក​អាច​ទទួល​យក​បាន ព្រោះ​ទោះ​មិន​បាន​ល្អ​គ្រប់​ដប់​ក៏​អ្នក​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​បង្កើត​គ្រួសារ​ដ៏​កក់ក្ដៅ​ជាមួយ​គេ​ដែរ ៖

១. ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

បើ​រៀប​ការ​ជាមួយ​មនុស្ស​ដែល​មិន​បាន​ស្រឡាញ់​អ្នក ឬ​អ្នក​មិន​បាន​ស្រឡាញ់​គេ​នោះ​ ជីវិត​គ្រួសារ​អ្នក​គ្មាន​ន័យ​ទេ។ កុំ​បង្ខំ​ខ្លួន​ឯង​ឲ្យ​រៀប​ការ​ទាំង​មិន​បាន​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​មិន​យូរ​ទេ​វា​នឹង​បែក​ប្រេះស្រាំ។ ម្យ៉ាង​ទៀត​បើ​គេ​ស្រឡាញ់​អ្នក​ គេ​ក៏​មិន​អាច​ទៅ​ធ្វើបាប​ចិត្ត​អ្នក​ដែរ។

២. មាន​ចរិត​ចាស់ទុំ

មនុស្ស​ដែល​មាន​ចរិត​ចាស់ទុំ​គឺ​មាន​ការ​គិត​បាន​វែងឆ្ងាយ និង​ម៉ត់ចត់។ ម្យ៉ាង​ទៀត​គេ​ក៏​មាន​ភាព​ច្បាស់លាស់​ និង​ទំនួល​ខុស​ត្រូវ​បាន​ខ្ពស់​ទៅ​លើ​គ្រួសារ ដោយ​មិន​មែន​មាន​រឿង​តិច​តួច​ប្រកួត​យក​ឈ្នះ ឬ​យក​កំហឹង​មក​ជះ​លើ​គ្រួសារ​ទេ។

៣. មាន​ការងារ ឬ​របរ​ដែល​ច្បាស់​លាស់

មិន​មែន​មាន​ន័យ​ថា​អ្នក​គ្មាន​ការងារ​សុទ្ធ​តែ​ជា​មនុស្ស​មិន​ល្អ​នោះ​ទេ តែ​ដើម្បី​ឲ្យ​ប្រាកដ​ថា​រៀប​ការ​ហើយ​មិន​មាន​ភាព​លំបាក​ក្នុង​រឿង​ប្រាក់​កាក់ មនុស្ស​ស្រី​គួរ​តែ​ជ្រើសរើស​អ្នក​ដែល​មាន​ការងារ ឬ​មុខរបរ​ច្បាស់​លាស់​មួយ។ សាក​ស្រមៃ​ទៅ​មើល​ បើ​ការ​ហើយ​សូម្បី​តែ​លុយ​ក៏​គ្មាន​ក្នុង​ការ​ផ្គត់ផ្គង់ តើ​នឹង​មាន​បញ្ហា​អ្វី​ខ្លះ​កើត​ឡើង។ ភាព​ខ្វះ​ខាត​នឹង​នាំ​ជីវិត​គូ​អ្នក​ដើរ​ដល់​ផ្លូវ​ប្រេះឆា​មួយ ព្រោះ​គ្រួសារ​មួយ​ត្រូវ​ចំណាយ​ច្រើន​ណាស់ ហើយ​ក៏​គ្មាន​អ្នក​ណា​សប្បាយ​ចិត្ត​នឹង​ភាព​ក្រ​លំបាក​ដែរ។

រូបតំណាង

៤. មិន​ញៀន​ល្បែង

ទោះ​មាន​លុយ​សល់ មាន​ការ​ងារ​ខ្ពស់​ប៉ុណ្ណា​ក៏​ដោយ​ឲ្យ​តែ​ញៀន​ល្បែង​មិន​យូរ​ទេ​គង់​តែ​រលាយ។ កុំ​ប្រថុយ​រៀបការ​ជាមួយ​បុរស​ដែល​លេង​ល្បែង​អី​ព្រោះ​សុភមង្គល​គ្រួសារ​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​រលាយ។

៥. មិន​ញៀន​ស្រា

ដឹង​ស្រាប់​ហើយ​ថា​ពេល​ស្រា​ចូល​ខ្លួន​ស្អី​ក៏​លែង​ស្គាល់​ដែរ ហើយ​អំពើ​ហិង្សា​នឹង​កើត​ឡើង​គ្មាន​ស្រាកស្រាន្ត។ បើ​សិន​ជា​យូរ​ម្ដង ឬ​ពេល​មាន​កម្មវិធី​អី​ហើយ​មិន​រក​រឿង​នេះ​វា​មិន​ជា​បញ្ហា​ទេ ព្រោះ​មនុស្ស​យើង​ចៀស​មិន​ផុត​ពី​មាន​ការ​ជួបជុំ​គ្នា​ឡើយ។

៦. អត្តចរិត​ល្អ​មិន​កោងកាច និង​យល់​ពី​គ្នា

ត្រូវ​មើល​ពី​ចរិត​គេ ថា​គេ​ជា​មនុស្ស​បែប​ណា? ព្រោះ​បើ​ប៉ះ​ចំ​មនុស្ស​ដែល​មាន​ចរិត​កោងកាច​នោះ​គេ​ប្រាកដ​ជា​ប្រើ​ដៃ​ប្រើ​ជើង​ជា​មិន​ខាន។ លើស​ពី​នេះ​ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ការ​ចេះ​អធ្យាស្រ័យ​គ្នា និង​ការ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ត្រូវ​តែ​មាន​ដែរ។

៧. មិន​មាន​ជំងឺ​ដែល​ពិបាក​ព្យាបាល ឬ​ជំងឺតពូជ

មុន​ពេល​រៀប​ការ​ប្រាកដ​ជា​ត្រូវ​ធ្វើ​តេស្ត​ដូច្នេះ​បើ​គេ​មាន​ជំងឺ​ដែល​ពិបាក​នឹង​ព្យាបាល ឬ​ជំងឺ​ត​ពូជ​នោះ​អ្នក​គួរ​កុំ​ប្រថុយ​អី​ល្អ​ជាង។ ត្រូវ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ អាណិត​កូន​ដែល​គ្នា​មិន​ដឹង​អី​ផង​ព្រោះ​កើត​មក​ត្រូវ​ជាប់​ជំងឺ​មក​ជាមួយ។ ម្យ៉ាង​ទៀត​អ្នក​ត្រូវ​រក​លុយ​គ្រាន់​តែ​ចិញ្ចឹម​ជំងឺ​តែ​ប៉ុណ្ណោះ។

កុំ​ប្រថុយ​ផ្ញើ​ជីវិត ផ្ញើ​អនាគត​លើ​មនុស្ស​ប្រុស​ម្នាក់​ដែល​មិន​អាច​មើលថែ​អ្នក​ និង​គ្រួសារ​បាន ព្រោះ​អ្នក​អាច​នឹង​ស្ដាយ​ក្រោយ៕

ចុចអាន៖មនុស្ស​ស្រី​​រឹង​មាំ ៨​ចំណុច​នេះ បើ​បុរស​ៗ​ណា​បាន​ជា​គូ​ចាត់​ទុក​ថា​សំណាង​ធំ​បំផុត​

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម