បើ​គេ​បដិសេធន៍​ស្នេហ៍ ៥​ចំណុច​នេះ​ត្រូវ​តែ​ធ្វើ​​ដើម្បី​កុំ​ឲ្យ​ឆ្កួតចិត្ត​កាន់​តែខ្លាំង

  • 2018-05-09 06:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​មិន​តិច​ទេ​ដែល​តាម​ស្រឡាញ់​គេ​តែ​ឯង ហើយ​ត្រូវ​បាន​គេ​បដិសេធន៍​បន្ទាប់​គេ​សារភាព​ស្នេហ៍។ យ៉ាង​ណា​ក៏​ដោយ​​អត្ថបទ​នេះ​នឹង​ជួយ​សម្រួល​ផ្លូវ​ចិត្ត​អ្នក​បន្ទាប់​ពី​មាន​រឿង​ខក​ចិត្ត​បែប​នេះ​កើត​ឡើង។ ៥​វិធី​នេះ​អាច​ជួយ​សម្រួល​ផ្លូវ​ចិត្ត​កុំ​ឲ្យ​គ្រាំគ្រា​ខ្លាំង នៅ​ពេល​មនុស្ស​ដែល​អ្នក​តាម​ស្រឡាញ់​ជា​យូរ​មក​ហើយ ប្រាប់​ថា «មិន​អាច»៖

១. ចាត់ទុកថា​គ្មាន​រឿង​អី​កើត​ឡើង

បើ​ប្រាប់​គេ​ហើយ​គេ​មិន​បាន​តប​ស្នង​អី​មក​វិញ​ក៏​មិន​គួរ​មក​ដេក​យំ​អី​ខ្លាំង​ពេក​ដែរ ចាត់​ទុក​ថា​ថ្ងៃ​នេះ​យើង​មិន​បាន​ធ្វើ​អី​ទាំង​អស់។ បំភ្លេច​ចោល​ហើយ​ចាត់ទុក​ថា​គ្មាន​រឿង​អី​កើត​ឡើង មិន​បាន​ស្ដាប់​ពាក្យ​គេ​ឆ្លើយ​ថា​ «ទេ» ឬ «ត្រឹមរាប់អានគ្នា» អី​ទាំង​អស់​ហ្នឹង​ទេ។ បែប​នេះ​អ្នក​ក៏​មិន​បាច់​គ្រាំ​ចិត្ត​ដោយសារ​ពាក្យ​បដិសេធន៍​គេ​ដែរ។

រូបតំណាង

**២. លើក​ទឹក​ចិត្ត​ខ្លួន​ឯង**

មនុស្ស​សំខាន់​បំផុត​គឺ​ចេះ​លើក​ទឹកចិត្ត​ខ្លួន​ឯង និង​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​ខ្លួន​ឯង។ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​បើ​ថ្ងៃនេះ​គេ​មិន​អាច ​​ថ្ងៃ​ក្រោយ​ប្រហែល​ជា​អាច។ ម្យ៉ាង​ទៀត​ប្រហែល​គេ​បដិសេធន៍​ពេល​ហ្នឹង​ក៏​ដោយសារ​គេ​ចង់​ដឹង​ថា​យើង​អាច​តស៊ូ​ស្រឡាញ់​ប៉ុណ្ណា​ក៏​ថា​បាន​ដូច្នេះ​កុំ​ពិបាក​ចិត្ត​អី នៅ​មាន​ឱកាស​ជា​ច្រើន​ទៀត។

៣. ប្ដូរ​ទិស​ដៅ

បើ​អ្នក​ហើយ​ថា​ជាតិ​នេះ​គេ​មិន​អាច​ស្រឡាញ់​អ្នក​វិញ​ទេ ជម្រើស​ល្អ​មាន​តែ​ដក​ខ្លួន​ហើយ​ប្ដូរ​ទិសដៅ​តែ​ប៉ុណ្ណោះ។ មុន​ដំបូង​អាច​ពិបាក​បន្តិច​តែ​បើ​អ្នក​ចេះ​បង្វែរ​ខ្លួន​ឯង​ពី​ការ​ខក​ចិត្ត មក​ជា​ផ្លូវ​មួយ​ដែល​អាច​នាំ​អ្នក​ជួប​មនុស្ស​ល្អ​ជាង​នេះ​នោះ គឺ​កាន់​តែ​ល្អ។ រំលឹក​ខ្លួន​ឯង​ថា​ក្នុង​លោក​នេះ​មាន​មនុស្ស​ល្អ​ច្រើន​ណាស់ ហើយ​គេ​មិន​មែន​ជា​គូ​យើង​នោះ​ទេ ដូច្នេះ​មិន​គួរ​ចំណាយ​ពេល​ទាំង​ដឹង​លទ្ធផល​មុន​ទៀត​ទេ។

រូបតំណាង

៤. ធ្វើ​ខ្លួន​ឲ្យ​កាន់​តែ​ល្អ

បើ​គេ​មិន​ព្រម​ហើយ​ អ្នក​ធ្វើ​ខ្លួន​កាន់​តែ​ដុនដាប​ទៀត​នោះ​ គេ​កាន់​តែ​មើល​ងាយ​ហើយ​គិត​ថា​គេ​គិត​ត្រូវ​ហើយ​ដែល​មិន​ព្រម។ ដោយ​ឡែក​បើ​អ្នក​ធ្វើ​ខ្លួន​ឲ្យ​កាន់​តែ​ល្អ​នោះ ផ្លូវ​ចិត្ត​អ្នក​ក៏​រឹង​មាំ មិន​សូវ​ឈឺចាប់ ហើយ​ថែម​ទាំង​អាច​ឲ្យ​គេ​ស្ដាយ​ក្រោយ​វិញ​ក៏​ថា​បាន​ដែល​បដិសេធន៍​អ្នក។

៥. ចាត់ទុក​ថា​គ្រាន់​តែ​ជា​ការ​ខក​ចិត្ត​តិច​តួច​ប៉ុណ្ណោះ

យ៉ាង​ណា​ក៏​វា​មិន​ឈឺចាប់​ដូច​ពេល​ស្រឡាញ់​គ្នា​រាប់​ឆ្នាំ​ហើយ​បែក​គ្នា​ដែរ ត្រូវ​គិត​ថា​រឿង​ប៉ុណ្ណឹង​គ្មាន​អី​ធំ​ដុំ​ទេ យ៉ាង​ណា​ក៏​យើង​បាន​ធ្វើ​រឿង​ដែល​យើង​ត្រូវ​ធ្វើ​រួច​ហើយ​ដែរ។ យើង​គប្បី​ជាមួយ​បេះដូង​ខ្លួន​ឯង​ រី​ឯ​គេ​ព្រម​មិន​ព្រម​ជា​រឿង​របស់​គេ មិន​មែន​មាន​ន័យ​ថា​គ្មាន​គេ​ពិភពលោក​នេះ​រលាយ​ឯ​ណា យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ជា​ច្រើន​ទៀត​តាម​ស្រឡាញ់​យើង​ដែរ។

រូបតំណាង

បើ​គេ​មិន​ព្រម​កុំ​ទាន់​អស់សង្ឃឹម ហើយ​ក៏​កុំ​ដេក​យំ​គ្រាំ​ចិត្ត​តែ​ឯង​នោះ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ព្យាបាល​ការ​ខក​ចិត្ត​លើក​នេះ ហើយ​ដើរ​ទៅ​មុខ​ទៀត៕

ចុចអាន៖មានតែអ្នកលង់​ស្រឡាញ់​គេ​ម្នាក់​ឯងប៉ុណ្ណោះ ដែលយល់​ពី​រឿងគ្រាំចិត្ត ៥យ៉ាងនេះច្បាស់

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម