មានតែអ្នកលង់​ស្រឡាញ់​គេ​ម្នាក់​ឯងប៉ុណ្ណោះ ដែលយល់​ពី​រឿងគ្រាំចិត្ត ៥យ៉ាងនេះច្បាស់

  • 2018-04-26 10:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​តែ​អ្នក​ដែល​ធ្លាប់​ស្រឡាញ់​គេ​តែ​ម្ខាង​ប៉ុណ្ណោះ​ដែល​យល់​ច្បាស់​ពី​អារម្មណ៍​ទាំង​នេះ ហើយ​ដឹង​ថា​ការ​ឈឺចាប់​ខ្លាំង​កម្រិត​ណា។ស្នេហា​ពិត​ជា​ច្របូកច្របល់​ណាស់​ ហេតុ​អី​មិន​ស្រឡាញ់​មនុស្ស​ដែល​ខំ​ស្រឡាញ់​យើង តែ​បែរ​ជា​ទៅ​ស្រឡាញ់​មនុស្ស​ដែល​មិន​អាច​នឹង​ស្រឡាញ់​យើង​ទៅ​វិញ។ បើ​អ្នក​កំពុង​តែ​ស្រឡាញ់​គេ​ម្នាក់​ឯង​ច្បាស់​ណាស់​អ្នក​នឹង​រង​នូវ​រឿង​ដ៏​លំបាក​ទាំង​នេះ៖

១.គ្រាំ​ចិត្ត​ដូច​គេ​យក​ថ្ម​មក​សង្កត់​ទ្រូង

​ពេល​អ្នក​លង់​ស្រឡាញ់​អ្នក​ណា​ម្នាក់​តែ​ម្ខាង​អ្នក​នឹង​រង​នឹង​ការ​ឈឺចាប់​ផ្លូវ​ចិត្ត​សឹង​តែ​រាល់​ថ្ងៃ។ អ្នក​តឹងណែន​ក្នុង​ទ្រូង ព្រោះ​ម្ខាង​ទៀត​មិន​អាច​តប​ស្នង​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ មួយ​ថ្ងៃៗ​ត្រូវ​ចាំ​មើល​គេ ចង់​ដឹង​ពី​គេ ហើយ​ពេល​ឃើញ​គេ​ស្និទ្ធស្នាល​ជាមួយ​អ្នក​ផ្សេង​មក​អង្គុយ​យំ អង្គុយ​ពិបាក​ចិត្ត​តែ​ឯង។

រូបតំណាង

**២. រវើរវាយ**

​ចាប់​ផ្ដើម​ស្រឡាញ់​អ្នក​ណា​ម្នាក់​ អ្នក​នឹង​ចាប់​ផ្ដើម​គិត​អី​តែ​ម្នាក់​ឯង។ រាល់​ថ្ងៃ​តែង​គិត​ពី​គេ ស្រមៃ​នេះ​ស្រមៃ​នោះ​ថា​បើ​គេ​ព្រម​មិន​ដឹង​ល្អ​យ៉ាង​ណា ហើយ​បើ​បាន​នៅ​ជាមួយ​គេ​មិន​ដឹង​សប្បាយ​ចិត្ត​ប៉ុណ្ណា​បិទ​ភ្នែក​ចេះ​តែ​ឃើញ​តែ​មុខ​គេ។ លើស​ពី​នេះ​ចូល​មើល​រូប​ថត ឬ​​អី​ដែល​ទាក់ទង​ពី​គេ​មិន​ដែល​ខាន ហើយ​ពេល​ខ្លះ​សើច​តែ​ឯង ខឹង​តែ​តែ​ឯង​ ទាំង​ម្ខាង​ទៀត​គ្មាន​ដឹង​ខ្យល់​អី​ទាំង​អស់។

៣. ឯកា​លើស​ពី​មុន

ពី​មុន​អត់​ទាន់​លង់​ស្រឡាញ់​គេ​គឺ​អាច​នឹង​មាន​អារម្មណ៍​ឯកា​ល្មមៗ​ទេ តែ​បន្ទាប់​ពី​ស្រឡាញ់​គេ​តែ​ឯង​ហើយ​អ្នក​នឹង​ចាប់ផ្ដើម​មាន​អារម្មណ៍​ឯកា​ទ្វេ​ដង។ នៅ​ពេល​ដែល​គេ​មិន​ចាប់​អារម្មណ៍ មិន​រវល់​ជាមួយ​​អ្នក​នឹង​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​បារម្ភ​ពី​អ្នក គ្មាន​អ្នក​ណា​ល្អ​នឹង​អ្នក​ទាំង​ដែល​អ្នក​មាន​អ្នក​​ជុំវិញ​ខ្លួន​ក៏​ដោយ។ សំខាន់​បំផុត​គឺ​អ្នក​លែង​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ការ​ស្រឡាញ់​ពី​អ្នក​ណា​ក្រៅ​ពី​ចង់​បាន​ពី​ម្នាក់​នោះ។

រូបតំណាង

៤. បិទ​ផ្លូវ​ខ្លួន​ឯង​ក្រៅ​ពី​ម្នាក់​ហ្នឹង​មិន​អាច​ទទួល

នៅ​ពេល​នោះ​អ្នក​នឹង​លែង​មាន​អារម្មណ៍​លើ​អ្នក​ណា​ទៀត​ក្រៅ​ពី​ម្នាក់​នោះ។ អ្នក​បិទ​បេះដូង​ខ្លួន​ឯង​ចាំ​តែ​គេ​ម្នាក់​ប៉ុណ្ណោះ​​រហូត​ដល់​ពេល​ខ្លះ​អ្នក​ធ្វើ​បាប​ចិត្ត​អ្នក​ដែល​ខំ​ស្រឡាញ់​អ្នក​ទៀត​ក៏​មាន។ អ្នក​ឃើញ​តែ​ម្នាក់​ហ្នឹង​ល្អ ហើយ​អ្នក​ផ្សេង​គឺ​គ្មាន​ឥទ្ធិពល​មក​លើ​ចិត្ត​អ្នក​បន្តិច​នោះ​ទេ។

៥. អស់សង្ឃឹម

នៅ​ពេល​ដែល​អ្នក​ខំ​ដាក់​ចិត្ត​ស្រឡាញ់​គេ​យ៉ាង​ខ្លាំង ចំណាយ​កម្លាំង ចំណាយ​ទឹក​ចិត្ត​សឹង​តែ​អស់​ពី​ខ្លួន តែ​ចុង​ក្រោយ​គេ​តប​ស្នង​វិញ​ត្រឹម​តែ​ពាក្យ​ថា​«មិន​អាច»។ អារម្មណ៍​នេះ ការ​ឈឺចាប់​នេះ​មាន​តែ​អ្នក​ដែល​ធ្លាប់​ស្រឡាញ់​គេ​តែ​ម្ខាង​ប៉ុណ្ណោះ​ទើប​យល់​ច្បាស់ ព្រោះ​វា​លើស​ពី​ការ​មើល​ឃើញ​របស់​អ្នក​ដទៃ។

រូបតំណាង

នៅ​ពេល​មួយ​ដែល​អ្នក​បាន​ជួប​រឿង​បែប​នេះ​ហើយ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ត​គឺ​បោះ​ជំហាន​ទៅ​មុខ​មិន​មែន​កប់​ខ្លួន​ឯង​នៅ​កន្លែង​ដែល​គេ​មិន​យក​ភ្នែក​មើល​នោះ​ទៀត​ទេ៕

ចុចអាន៖ឲ្យតែមាន​ម្នាក់​ចាប់ផ្ដើម​អស់ចិត្ត ជីវិត​ស្នេហាអ្នក​នឹង​វិវត្ត​ទៅ​ជា​បែប​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម