គួរបន្ត ឬក៏បញ្ចប់ បើតាមទាន់គេកំពុងលួចលាក់មានថ្មី? អត្ថបទនេះនឹងប្រាប់អ្នកពីចម្លើយ
- 2018-05-04 03:07:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរបន្ត ឬក៏បញ្ចប់ បើតាមទាន់គេកំពុងលួចលាក់មានថ្មី? អត្ថបទនេះនឹងប្រាប់អ្នកពីចម្លើយ
បើអ្នកកំពុងតែស្ថិតក្នុងស្ថានភាពបែបនេះ សូមប្រើពេលបន្តិចដើម្បីគិតសិន ជាពិសេសកុំសម្រេចចិត្តពេលអ្នកកំពុងមានភ្លើងក្នុងទ្រូង។
បើអ្នក និងគេទាក់ទងគ្នារាប់ឆ្នាំឡើងលើនោះ គឺគួរតែពិចារណាសិនព្រោះពេលខ្លះវាគ្រាន់តែជាអារម្មណ៍មួយឆាវដែលគេមានហើយក៏មិនបានតាំងចិត្តថាចោលអ្នកទៅយកអ្នកថ្មីដែរ។
មិនថាមនុស្សប្រុស ឬក៏មនុស្សស្រីទេ ពេលខ្លះពួកគេអាចនឹងដើរខុសមួយផ្លូវនៅពេលដែលពួកគេចាប់ផ្ដើមមានបញ្ហាផ្លូវចិត្ត ឬអារម្មណ៍មិនល្អ។ ពួកគេអាចលង់ស្រឡាញ់អ្នកផ្សេងក៏ប្រហែលមកពីផ្ទៃក្នុងនៃទំនាក់ទំនងអ្នកមានភាពល្អក់កករ ឬមានអ្វីដែលមិនសមបំណង។ ពួកគេអាចនឹងមានអារម្មណ៍ថាធុញ ឬហត់នឿយជាមួយទំនាក់ទំនងរាល់ថ្ងៃ ឬហេតុផលម្យ៉ាងទៀតគេចង់ផ្លាស់ប្ដូរអារម្មណ៍ស្នេហាដែលគេកំពុងមាន។
បើសិននោះជាកំហុសលើកទី១ អ្នកគួរតែផ្ដល់ឱកាសឲ្យគេម្ដងទៀត ព្រោះគេអាចនឹងដឹងខ្លួនបន្ទាប់ពីគេបានធ្វើខុសចំពោះអ្នក។ បើសិនមានជាលើកទី២ នោះអ្នកគួរតែដកខ្លួនឲ្យឆ្ងាយពីគេមួយរយៈធំ ហើយបន្តរង់ចាំថាគេធ្វើអ្វីខ្លះដើម្បីចង់បានអ្នកត្រឡប់ទៅវិញ។ បើគេនៅបន្តទាក់ទងគ្នាទៀតអ្នកគួរតែលែងដៃទៅ តែបើគេពិតជាមានទង្វើគាំទ្រនូវការដឹងខ្លួនរបស់គេមែនអ្នកគួរតែបន្តលើកលែងឲ្យគេជាលើកទី២ បើសិនអ្នកពិតជានៅស្រឡាញ់គេ ហើយគេពិតជានៅតែល្អជាមួយអ្នក។
តែអ្វីដែលមិនអាចបន្តបានទៀតនោះគឺគេក្បត់អ្នកជាលើកទី៣ ព្រោះបើដល់៣ដងទៅហើយមនុស្សនោះមិនអាចកែចរិតបាននោះទេ ហើយបើអ្នកបន្តលើកលែងឲ្យគេទៀត គេក៏បន្តក្បត់អ្នកដដែលៗទៀតដែរ។ ដើរចេញទៅ ហើយចាត់ទុកថាថ្វាយគេឲ្យអ្នកដែលអត់ឃ្លានទៅចុះព្រោះសន្ដានគេគួរតែនៅជាមួយមនុស្សសន្ដានដូចគ្នា។
ដំបូងប្រហែលអ្នកអាចឈឺចាប់ខ្លាំងព្រោះអ្នក និងគេអាចមានរឿងជាច្រើនជាមួយគ្នា ប៉ុន្តែបើគិតឲ្យមែនទែនទៅអ្នកគួរតែសប្បាយចិត្តព្រោះអ្នកបានបោះចោលនៅគ្រាប់គ្រួសមួយដុំដែលគ្មានតម្លៃទាល់តែសោះក្នុងជីវិតអ្នក។ សំណាងណាស់ដែលគេក្បត់អ្នកនៅពេលនេះ ព្រោះបើអ្នកច្រឡំរៀបការជាមួយមនុស្សបែបនេះ នោះកាន់តែធ្ងន់ក ព្រោះអ្នកនឹងក្លាយជាស្រីម៉េម៉ាយ ហើយកូនអ្នកនឹងក្លាយជាក្មេងកំព្រា។
អហោសិកម្មឲ្យគេទៅ ហើយបន្តថែរក្សាខ្លួនរង់ចាំទទួលមនុស្សល្អម្នាក់ដែលសក្ដិសមជាមួយអ្នក៕
ចុចអាន៖បើមិនបានស្រឡាញ់គេ កុំផ្ដល់ក្ដីសង្ឃឹមឲ្យគេព្រោះវាដូចជាការសម្លាប់មួយយ៉ាងស្ងៀមស្ងាត់