គ្រឿង​ផ្សំ​៦ ជួយ​ឲ្យ​គូ​ស្នេហ៍​ស្រលាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង ក៏​មិន​បែក

  • 2018-04-28 02:40:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន​នេះ​អ្នក​ស្រលាញ់​គ្នា​ហើយ​បែក​គឺ​មាន​ច្រើន​ ប៉ុន្តែ​ជឿ​ថា​មនុស្ស​ស្រី​ភាគ​ច្រើន​ក៏​មិន​ចង់​បាន​ស្នេហា​ដែល​ចាប់​ផ្ដើម​ហើយ​ក៏​ត្រូវ​បញ្ចប់​ដែរ​ មែន​អត់? ដូច្នេះ​ហើយ​ថ្ងៃ​នេះ កញ្ញា នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ​ស្នេហា​រឹងមាំ​​បាន​យូរ​អង្វែង៖

១. ភាព​ស្មោះត្រង់

ភាព​ស្មោះត្រង់​គឺ​ជា​មូលដ្ឋាន ដែល​ចាត់​ទុក​ថា​សំខាន​ខ្លាំង​ណាស់​ដើម្បី​ឲ្យ​​ជីវិត​គូ​​ដើរ​ទៅ​មុខ​ដោយ​រលូន។ បើ​មាន​ភាព​ស្មោះត្រង់​ហើយ ការ​កុហក ការ​ក្បត់​ចិត្ត ការ​មិន​ទុក​ចិត្ត ឬ​ការ​រក​រឿង​គ្នា​ក៏​នឹង​មិន​កើត​ឡើង​ដែរ។

២. ការ​យក​ចិត្ត​ទុក​ដាក់

ការ​យក​ចិត្ត​ទុក​ដាក់​គឺ​ការ​គិតគូរ​ ខ្វល់ខ្វាយ​ពី​គ្នា​ជានិច្ច។ ពេល​ខ្លះ​ការ​យក​ចិត្ត​ទុក​ដាក់​អាច​សំដៅ​លើ ការ​ដែល​យើង​ដឹង​ថា​ដៃ​គូ​របស់​យើង​ចូល​ចិត្ត​អ្វី មិន​ចូលចិត្ត​អ្វី ចង​ចាំ​ថ្ងៃ​សំខាន់​របស់​គ្នា។ បើ​ទោះ​បី​វា​មើល​ទៅ​ជា​រឿង​តូចតាច ប៉ុន្តែ​រឿង​តូចៗ​ទាំង​នេះ​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​បេះដូង​មនុស្ស​ដែល​យើង​ស្រលាញ់​ទទួល​បាន​ភាព​កក់ក្ដៅ និង​អារម្មណ៍​មាន​ក្ដី​សុខ។

៣. ចែក​រំលែក​បញ្ហា​

នៅ​ថ្ងៃ​ណា​ដែល​មាន​បញ្ហា​មិន​សប្បាយ​ចិត្ត​​គូ​ស្នេហ៍​គួរ​ចែក​រំលែក​ឲ្យ​គ្នា​ដឹង មិន​ថា​ជា​បញ្ហា​គ្រួសារ មិត្តភ័ក្ដិ ឬ​ការងារ។ ​ដៃ​គូ​ជីវិត​គួរ​តែ​ជា​មនុស្ស​ដែល​អាច​និយាយ​គ្នា​បាន​គ្រប់​រឿង មិន​ថា​​រឿង​ល្អ ឬ​រឿង​អាក្រក់ មាន​ប្រយោជន៍ ឬ​អត់​ប្រយោជន៍​ក្ដី គឺ​យើង​គួរ​តែ​ទទួល​ស្ដាប់​បញ្ហា​របស់​គ្នា និង​ជួយ​​ដោះស្រាយ​គ្នា ដោយ​មិន​លាក់​បាំង។

៤. មិន​សើរើ​រឿង​ចាស់

រឿង​មួយ​ដែល​មិន​អាច​ជៀស​បាន​សម្រាប់​គូ​ស្នេហ៍ គឺ​ការ​ឈ្លោះ​ទាស់ទែង​គ្នា មិន​ថា​ជា​រឿង​តូច​ ឬ​រឿង​ធំ ប៉ុន្តែ​រឿង​មួយ​ដែល​ចង់​ឲ្យ​គូ​ស្នេហ៍​គ្រប់​គ្នា​ធ្វើ​នោះ​គឺ មិន​ថា​ឈ្លោះ​គ្នា​ដោយ​សារ​រឿង​អ្វី​ក៏​ដោយ គួរ​តែ​​ព្យាយាម​ស្វែង​យល់​ពី​គ្នា ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​បញ្ហា​នោះ​ចប់​តែ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ហើយ​កុំ​យក​រឿង​ដដែល​ៗ​មក​រំឭក​នាំ​ឲ្យ​ឈ្លោះ​គ្នា ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ម្នាក់​ៗ​មាន​អារម្មណ៍​មិន​ល្អ​ទទេ​ៗ។

៥. បន្ថែម​​​ក្ដី​ស្រលាញ់​ឲ្យ​គ្នា​​ជានិច្ច​

រក​ពេល​វេលា​ទៅ​ធ្វើ​អ្វី ឬ​ញ៉ាំ​​អ្វី​ខាង​ក្រៅ​ផ្ទះ ទៅ​ដើរ​លេង Shopping តែ​ពីរ​នាក់​ខ្លះ ព្រោះ​ក្រៅ​ពី​បាន​ពេល​វេលា​ធ្វើ​អ្វី​ជាមួយ​គ្នា​​ហើយ វា​ក៏​ជា​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​ឲ្យ​​​ស្រស់​ថ្លា ប្លែក​ភ្នែក ប្លែក​​អារម្មណ៍ និង​បន្ថែម​ភាព​ផ្អែមល្ហែម​ឲ្យ​គ្នា​បាន​យ៉ាង​ល្អ។ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ភាព​ប្រែប្រួល ដំបូង​ៗ​ស្រលាញ់​គ្នា​យ៉ាង​ណា ត្រូវ​រក្សា​សកម្មភាព​ទាំង​នោះ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច។

៦. សុំទោស និង​អភ័យទោស

ចង់​ឲ្យ​​គូ​ស្នេហ៍​គ្រប់គូ​ព្យាយាម​និយាយ​ពាក្យ​ “សុំទោស” ជាមួយ​គ្នា​ខ្លះ មិន​ថា​កំហុស​នោះ​តូច​យ៉ាង​​ណា ព្រោះ​ឲ្យ​តែ​អ្នក​​និយាយ​ពាក្យ​នេះ​ចេញ​មក ដៃ​​គូ​របស់​អ្នក​នឹង​ព្រម​អភ័យទោស​។ កុំ​គិត​ថា​ការ​សុំ​ទោស​មុន​គឺ​ព្រម​ចាញ់ ព្រោះ​ការ​យក​ឈ្នះ​គ្នា​ពេល​ខ្លះ​វា​ធ្វើ​​ឲ្យ​យើង​បាត់​បង់​មនុស្ស​ល្អ​ៗ​ពី​ខ្លួន​ក៏​ថា​បាន ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន