ស្រលាញ់ខ្លាំង ដល់ពេលបែក បែកយ៉ាងណាទើបមិនឈឺចាប់?
- 2018-04-19 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់ខ្លាំង ដល់ពេលបែក បែកយ៉ាងណាទើបមិនឈឺចាប់?
នៅពេលចាប់ផ្ដើមទំនាក់ទំនងស្នេហា គ្រប់គូតែងរំពឹងថាស្នេហារបស់ខ្លួននឹងស្រស់ត្រកាល ចាប់ដៃគ្នាដើររហូតដល់ចាស់ស្លាប់រៀងៗខ្លួន។
ប៉ុន្តែតើមានប៉ុន្មានគូទៅដែលអាចមានស្នេហាគង់វង្ស បែបនេះបាន? គូខ្លះស្រលាញ់មួយភ្លែតក៏ឈប់ស្រលាញ់ គូខ្លះឈ្លោះគ្នា គូខ្លះត្រូវឈឺចាប់ រស់នៅមិនចុះសម្រុង។ ព្រោះស្នេហាមិនអាចដូចបំណង និង Happy Ending បានរហូតនោះទេ ពេលខ្លះស្នេហាក៏ធ្វើឲ្យមនុស្សឈឺចាប់ បាត់បង់ និងទុក្ខសោក រហូតទីបំផុតក៏ត្រូវបែកគ្នាទាល់តែបាន។
អ្វីដែលសំខាន់នោះគឺគ្មានការបែកគ្នាណាដែលគ្មានការឈឺចាប់នោះទេ គ្រាន់តែអ្នកខ្លះឈឺខ្លាំង អ្នកខ្លះឈឺតិច ហើយអ្នកខ្លះក៏ធ្ងន់ធ្ងររហូតធ្វើអ្វីក៏លែងបាន ខណៈអ្នកខ្លះទៀតបែរជាត្រលប់មកធម្មតាវិញបានយ៉ាងរហ័ស។ យ៉ាងណាក៏ដោយ កត្តាតែមួយដែលធ្វើឲ្យមនុស្សទាំងអស់នេះមានភាពខុសគ្នាគឺ អ្នកទាំងពីរដែលបែកគ្នានោះបែកគ្នាដោយយល់ពីស្នេហាឬក៏អត់?
ប៉ុន្តែការបែកគ្នាដោយយល់នោះ គឺត្រូវស្គាល់ពីស្នេហាដោយចាប់ផ្ដើមពីគុណវិបត្តិរបស់វាទៅមុន។ សម្រាប់មនុស្សមួយចំនួន ស្នេហាគឺជាអ្វីៗគ្រប់យ៉ាង គឺជាការបារម្ភ ការចង់ដឹង ការស្រលាញ់ និងភាពល្អូកល្អិនយ៉ាងសម្បើម ប៉ុន្តែតាមការពិត ស្នេហាគឺជាសេចក្ដីទុក្ខ គឺជាសេចក្ដីត្រូវការដែលមិនចេះអស់មិនចេះហើយ។ ទោះបីពេលខ្លះ ស្នេហាធ្វើឲ្យមនុស្សមានក្ដីសុខ ប៉ុន្តែវាក៏ជាអារម្មណ៍ដែលឆាបឆេះឡើងលើការរំពឹងចង់បានក្ដីសុខបែបនេះបន្តៗទៀត។ ទីបញ្ចប់ នៅពេលមិនបានដូចបំណងវាក៏ក្លាយជាសេចក្ដីទុក្ខរហូតយើងមិនអាចទ្រាំទ្របាន។
នៅពេលយើងយល់ហើយថា និយមន័យស្នេហាពិតប្រាកដនោះយ៉ាងណា យើងក៏ត្រូវស្រលាញ់ដោយមានសតិសម្បជញ្ញៈ ដើម្បីកុំឲ្យខ្លួនកើតទុក្ខខ្លាំងពេក។ ត្រូវដាស់តឿនខ្លួនឯងថា មិនថាស្រលាញ់គ្នាប៉ុណ្ណា ទីបញ្ចប់នឹងនៅសល់តែខ្លួនយើងតែម្នាក់ដដែល។ ទោះបីកំពុងស្រលាញ់គ្នាប៉ុណ្ណាក្ដី ក៏កុំទៅផ្ដេកផ្ដួលជាមួយស្នេហាច្រើនខ្លាំងពេក ពីមុនធ្លាប់រស់យ៉ាងណា មានក្ដីសុខជាមួយអ្វីៗជុំវិញខ្លួនបែបណា ដល់ពេលមានមនុស្សម្នាក់ចូលក្នុងជីវិត ក៏កុំយកក្ដីសុខរបស់ខ្លួនទៅចងទុកជាមួយអ្នកដទៃ ឬលះបង់ភាពម្ចាស់ការ និងធាតុពិតរបស់ខ្លួនឯង។
ហើយនៅពេលស្នេហាត្រូវរលាយបាត់ របួសគ្រាំគ្រាចិត្ត ភាពអស់សង្ឃឹមចូលមក យើងក៏ត្រូវកើតទុក្ខដោយមានសតិដូចគ្នា។ ត្រូវទទួលស្គាល់ថាស្នេហាដល់ទីបញ្ចប់មែនទែនហើយ ចង់យំចង់ស្រែកយ៉ាងម៉េចក៏បាន ព្រោះអ្នកណាៗក៏ខូចចិត្តដែរពេលបែកបាក់ ខុសគ្នាតែបន្តិចនោះគឺ ត្រូវភ្ញាក់ខ្លួនវិញឲ្យបានលឿន ដឹងថាខ្លួនឯងកំពុងធ្វើអ្វី ហើយទាញខ្លួនឯងចេញពីក្ដីទុក្ខឲ្យបាន ទើបមិនឈឺចាប់យូរ។
នៅត្រង់នេះ វាក៏ស្ថិតនៅលើខ្លួនយើងថា តើជ្រើសរើសឱបក្រសោបជាមួយទុក្ខសោកមិនចេះចប់ ឬជ្រើសរើសការយល់ពីធម្មជាតិគ្នាទៅវិញទៅមក យល់ទាំងខ្លួនគេ យល់ទាំងខ្លួនយើង យល់ថានៅពេលយើងងប់ងុលជាមួយវា នៅទីបំផុតស្នេហាគឺបានត្រឹមតែជាទុក្ខសោកដែលរុករានចិត្តនិងកាយយើងប៉ុណ្ណោះ។ យល់ពីការពិតទាំងអស់នេះ នៅពេលស្នេហាត្រូវបញ្ចប់ បើទោះបីឈឺចាប់ ក៏ឈឺមិនយូរ ៕
ចុចអាន៖
ទំនួលខុសត្រូវ ៥យ៉ាងដែលបុរសល្អម្នាក់គួរតែមានចំពោះនារីដែលខ្លួនស្រឡាញ់
គូស្នេហ៍ភាគច្រើន តែងនិយាយកុហកគ្នាញឹកញាប់បំផុត នូវរឿង ៨ យ៉ាង