បំពេញ ១០ ចំណុចនេះបាន ជីវិតពិតជាជោគជ័យមានន័យខ្លាំងណាស់
- 2018-04-26 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បំពេញ ១០ ចំណុចនេះបាន ជីវិតពិតជាជោគជ័យមានន័យខ្លាំងណាស់
ពេលវេលា អាចឲ្យយើងដកពិសោធន៍ នៃរស់ជាតិជីវិត ហើយទន្ទឹមនឹងពេលវេលាចេះតែដើរទៅមុខ អ្នកគួរអភិវឌ្ឍខ្លួនឯង ដោយធ្វើការផ្លាស់ប្តូរជីវិតឲ្យខិតទៅរកភាពជោគជ័យ និងអត្ថន័យពិត ដោយអនុវត្តនូវ ១០ ចំណុចខាងក្រោមនេះ៖
១. ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន
ពិនិត្យមើលខ្លួនឯង ច្រើនជាងខ្វល់ខ្វាយពីរឿងអ្នកដទៃ ហើយខិតខំកែតម្រូវចំណុចណា ដែលអ្នកគិតថានៅខ្វះខាត ហើយក៏ត្រូវចេះប្រើចំណុចខ្លាំងរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមកាលៈទេសៈផងដែរ។
២. ចេះទុកដាក់លុយកាក់
លុយពិបាករកណាស់ ចេះចាយប៉ុន្តែក៏ត្រូវចេះសន្សំដូចគ្នា មានផែនការច្បាស់លាស់ទាំងចំណូលនិងចំណាយ រាយក្នុងមុខបញ្ជីអ្វីដែលគួរទិញ អ្វីមិនគួរ ដើម្បីកុំឲ្យជួបហានិភ័យទៅថ្ងៃមុខ។
៣. ដឹងពីអ្វីដែលខ្លួនចូលចិត្ត
កិច្ចការអ្វីក៏ដោយ បើអ្នកពេញចិត្តនឹងធ្វើវា អ្នកនឹងទទួលបានលទ្ធផលល្អ ប្រសិទ្ធភាព ភាពចម្រើន ឋិតថេរជាង អ្វីដែលអ្នកធ្វើទាំងបង្ខំចិត្ត។
៤. កុំស្ទាក់ស្ទើរ
ធ្លាប់ទេពេលខ្លះ ចង់ធ្វើអ្វីមួយ ប៉ុន្តែចាំមើលនេះ មើលនោះ ចាំរហូតទាល់តែមានមិត្តភ័ក្ដិ ឬអ្នកណាផ្សេងធ្វើវាសិន ទើបហ៊ានធ្វើដែរ។ ឧទាហរណ៍ថា អ្នកចង់ដាក់អាហារូបករណ៍ ទៅរៀនឯក្រៅប្រទេស ប៉ុន្តែអ្នកនៅស្ទាក់ស្ទើរភ័យខ្លាច ដោយគិតថាបើមានគ្នាទើបល្អ នេះបង្ហាញថា អ្នកគ្មានជំហរ និងទំនុកចិត្ត ដើម្បីឈានទៅដល់គោលដៅនោះទេ។ អ្នកត្រូវចេះ ធ្វើការសម្រេចចិត្តដោយខ្លួនឯង ដោយមិនចាំបាច់ពឹងពាក់ និងរង់ចាំទង្វើអ្នកដទៃ។
៥. អានសៀវភៅឲ្យបានច្រើន
សៀវភៅ គឺជាឃ្លាំងនៃចំណេះដឹង ដែលអាចជួយបណ្ដុះគំនិតត្រិះរិះពិចារណា ថ្លឹងថ្លែងរកហេតុផលត្រឹមត្រូវ និងអាចយកទៅប្រើប្រាស់បានតាមតម្រូវការ ដូចពាក្យចាស់ពោលថា «អានច្រើន ចេះច្រើន»។
៦. រៀនធ្វើម្ហូប
មានជីវិត មានការហូបចុក ដូច្នេះអ្នកគួរចេះពីវិជ្ជាធ្វើម្ហូបខ្លះៗ ទោះបីជាមិនបានគ្រប់មុខក៏ដោយចុះ យ៉ាងហោចណាស់ អ្នកអាចចម្អែតក្រពះ ដោយមិនចាំបាច់ខ្ជះខ្ជាយលុយ ក្នុងការទិញម្ហូបពីខាងក្រៅ ឬក៏ចូលហាងថ្លៃៗ។
៧. ថែរក្សាសុខភាព
សុខភាពពិតជាសំខាន់ណាស់ អ្នកត្រូវមានរាងកាយមាំមួន អារម្មណ៍ល្អ ដោយការញុំា គេង ឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណ ព្រោះកិច្ចការផ្សេងៗអាចទទួលបានជោគជ័យ ក៏ត្រូវតែពឹងផ្អែកលើសុខភាពនេះដែរ។
៨. ធ្វើកំណត់ត្រា
អ្នកមិនចាំបាច់កត់ត្រានូវសកម្មភាពជារៀងរាល់ថ្ងៃក៏បាន ប៉ុន្តែអ្នកគួរកត់រឿងមិនល្អ ដើម្បីទុកជាមេរៀន និងរឿងល្អដើម្បីទុកជាការចងចាំមួយ សម្រាប់ជីវិត។
៩. ទំនួលខុសត្រូវ
មនុស្សជោគជ័យតែងតែប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវជានិច្ច ទំនួលខុសត្រូវគឺនៅពេលអ្នកបាននិយាយថានឹងធ្វើវា ហើយត្រូវតែធ្វើឲ្យបាន មិនមែនចេះតែនិយាយឲ្យតែរួចខ្លួននោះទេ។
១០. ចេះអត់ឱនអធ្យាស្រ័យ
នរណាក៏ចេះខឹងដែរ ប៉ុន្តែកុំគុំកួនទុកនាំអំពល់ចិត្តអី។ គួររៀនចេះអត់ឱន អធ្យាស្រ័យកំហុស រៀនធ្វើចិត្តបំភ្លេច រឿងដែលបានកន្លងហួស៕
ព្យាយាមអភិវឌ្ឍខ្លួនម្តងបន្តិចៗ ហើយសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងទទួលបានជោគជ័យទៅថ្ងៃមុខ!
ចុចអានបន្ត៖