មើលពីប្រភេទស្នេហាដែលអ្នកមាន ដើម្បីដឹងពីអនាគតថាបានគ្នាឬយ៉ាងណា?
- 2018-04-20 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលពីប្រភេទស្នេហាដែលអ្នកមាន ដើម្បីដឹងពីអនាគតថាបានគ្នាឬយ៉ាងណា?
ជួបស្នេហាល្អគឺជាជោគជ័យមួយក្នុងជីវិតអ្នកហើយ ព្រោះអ្នកមិនបាច់ដេកយំ ដេកកើតទុក្ខដោយសារវា។ យ៉ាងណាក៏ដោយមនុស្សយើងមិនអាចចង់បានអ្វីដែលខ្លួនចង់បានទាំងអស់ឡើយ ដូច្នេះស្នេហាក៏ដូចគ្នា។ ពិនិត្យមើលពីប្រភេទស្នេហាដែលអ្នកមានតាមអត្ថបទខាងក្រោម ព្រោះវាបានបង្ហាញអ្នកពីលទ្ធផលទៅថ្ងៃអនាគតទៅហើយ ៖
១. ប្រភេទស្នេហាលូតលាស់ឡើង
ជាស្នេហាដែលមនុស្សពីរនាក់ចូលរួមជួយគ្នាទៅវិញទៅមក ព្យាយាមបង្កើតភាពផ្អែមល្ហែម ដោយមិនគិតពីការនឿយហត់។ រយៈពេលកាន់តែយូរស្នេហាពួកគេកាន់តែរឹងមាំ ទោះបីពេលខ្លះពួកគេហត់ អស់កម្លាំងកាន់ដៃគ្នាទៅមុនក៏ដោយតែពួកគេមិនបោះបង់គ្នាឡើយ។ ស្នេហានេះបានជួយដល់ស្មារតី និងទឹកចិត្តរបស់ពួកគេ ដើម្បីសម្រេចនូវអ្វីដែលពួកគេចង់បាន។ ប្រភេទស្នេហានេះអាចបញ្ជាក់ថាអ្នកទាំងពីរនឹងសម្រេចក្ដីប្រាថ្នារួមគ្នាបានទៅអនាគតដោយមិនមានឧបសគ្គអ្វីទាំងអស់។
**២. ប្រភេទស្នេហាស្ងប់ស្ងាត់**
ជាស្នេហាមួយដែលមនុស្សពីរនាក់បានភ្ជាប់ចិត្តគ្នាក្នុងពិភពមួយដែលមានភាពស្ងប់ស្ងាត់រៀងខ្លួន។ ពួកគេមិនចូលចិត្តនិយាយ និងមិនខ្វល់ថានឹងមានរឿងអ្វីកើតឡើងលើស្នេហាឡើយ។ អាចនិយាយថាពួកគេមិនសូវជាហួងហែងគ្នាប៉ុន្មានទេ តែពួកគេក៏មិនបានក្បត់ចិត្តគ្នាឡើយ គ្រាន់តែពួកគេមិនចូលចិត្តដាក់គំនាបលើអ្នកណាម្នាក់។ ប្រភេទស្នេហានេះគឺបានបង្ហាញថាមានការលំបាកក្នុងការទទួលបានជោគជ័យខ្លះព្រោះទំនាក់ទំនងដែលស្ងៀមស្ងាត់មួយពិបាកនឹងដើរទៅមុខណាស់បើម្នាក់ៗមិនប្ដេជ្ញាចិត្តនោះទេ ម្យ៉ាងទៀតបើបន្តមិនខ្វល់ខ្វាយពីគ្នាកាន់តែខ្លាំងភាគរយអាសាបង់ក៏កាន់តែមានខ្ពស់។
៣.ប្រភេទស្នេហាងាយៗ
ជាស្នេហាដែលមនុស្សពីរនាក់ស្រឡាញ់គ្នាដោយមានភាពរីករាយ ថាធ្វើអីក៏ធ្វើ មានសេរីភាព ហើយមិនចូលចិត្តតឹងរឹងក្នុងស្នេហា ឬក៏ប្រកាន់ជ្រុលរវាងគ្នានឹងគ្នា។ ពួកគេទាំងពីរតែងផ្ដល់ឲ្យអ្វីដែលពួកគេចង់បានទៅវិញទៅមក ហើយមិនចូលចិត្តគិតច្រើនព្រោះពួកគេគឺចូលចិត្តនិយាយត្រង់ៗ និងមិនចេះលាក់លៀមគ្នា។ ប្រភេទស្នេហានេះ ជាមិនអាក្រក់នោះទេ ហើយអាចសម្រេចគោលដៅគ្រួសារជាមួយគ្នាទៀត ប៉ុន្តែត្រូវតម្រូវឲ្យអ្នកទាំងពីរមានចិត្តធ្ងន់បន្តិចពេលដែលមានបញ្ហា។
៤. ប្រភេទស្នេហាដកពិសោធន៍
ជាស្នេហាមួយដែលអាត្មានិយម ព្រោះពួកគេបង្កើតស្នេហានេះឡើងមកក៏ដោយសារចង់ដឹង ចង់ស្គាល់ ឬក៏ប្រៀបធៀបគ្នាដើម្បីស្វែងរកភាពពិតប្រាកដនៃពួកគេតែប៉ុណ្ណោះ។ ពួកគេអាចនឹងមានអារម្មណ៍ថាធុញទ្រាន់ជាមួយស្នេហាចាស់ហើយក៏មកលួចបង្កើតស្នេហានេះដើម្បីបានសប្បាយតែប៉ុណ្ណឹង។ប្រភេទស្នេហានេះ គឺមិនជោគជ័យនោះទេ ទោះបីជាទទួលបានអារម្មណ៍ស្រឡាញ់ពិតក៏ដោយព្រោះពួកគេនឹងផ្លោះទៅម្នាក់ទៀតបន្ទាប់ពីគេអស់ចិត្ត។
៥. ប្រភេទស្នេហាត្រដាបត្រដួស
ជាស្នេហាមួយដែលចាប់ផ្ដើមអស់អារម្មណ៍ អស់ការស្រឡាញ់ ប៉ុន្តែអាចនៅមានការអាណិត ឬក៍មិនដាច់ចិត្តហើយព្យាយាមនៅបន្ត។ ពួកគេប្រឹងសម្ដែងថានៅស្រឡាញ់ទាំងដែលគ្មានសល់ចិត្តបន្តិចណាទេ។ ប្រភេទស្នេហានេះគឺមិនល្អនោះទេ បើអាចគួរទេបញ្ចប់វាតាំងពីពេលដែលអស់ចិត្ត កុំព្យាយាមនៅបន្តអីព្រោះវាគ្មានលទ្ធផលអីទៅអនាគតក្រៅពីឈឺចាប់ ។
៦. ប្រភេទស្នេហាប្រកួតប្រជែង
ជាស្នេហាមួយដែលពួកគេព្យាយាមចង់យកឈ្នះគ្នា យកត្រូវរៀងខ្លួន ដើម្បីកុំឲ្យខ្លួនឯងអន់។ ខ្លះទៀតពេលដែលធ្វើអ្វីមួយមិនត្រូវការជំនួយពីម្នាក់ទៀត សុខចិត្តរឹងទទឹងធ្វើវាតែឯង។ ពួកគេគឺមានភាពខ្លាំងរៀងខ្លួន ហើយមិនទូលាយក្នុងការអត់ឱនឲ្យគ្នា ព្រមទាំងគុំគ្នាទៀតផង។ ប្រភេទស្នេហានេះ គឺគ្មានអ្វីដែលត្រូវបន្តទៀតនោះទេ វាគួរតែមិនមានតែម្ដងព្រោះស្នេហាមិនមែនជាការយកឈ្នះយកចាញ់គ្នាឡើយ។
បើអ្នកចូលក្នុងប្រភេទស្នេហាណាមួយដូចខាងលើនេះ អ្នកគួរតែគិតមើលម្ដងទៀតថាអ្នកអាចកែប្រែវាបានឬក៏អត់ព្រោះបើចេះតែបន្តទាំងដឹងថាគ្មានអនាគតហើយ គួរកុំចំណាយពេលអីល្អជាង៕
ចុចអាន៖ចាំទុកឲ្យហើយ! កុំរៀបការជាមួយបុរសមានចំណុចមិនល្អទាំងនេះឲ្យសោះ