៥ វិធីជួយបញ្ចប់ជម្លោះរវាងអ្នក និង Best Friend
- 2018-04-18 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធីជួយបញ្ចប់ជម្លោះរវាងអ្នក និង Best Friend
គ្រួសារជាផ្នែកមួយដ៏សំខាន់នៃជីវិត ហើយបើយើងមានមិត្តជិតស្និទ្ធដ៏ល្អទៀតនោះ ពួកគេក៏ដូចជាសមាជិកម្នាក់ក្នុងក្រុមគ្រួសារដែរ។ អ្នកពិតជាមានសំណាងណាស់ បើមានមិត្តល្អចេះយល់ចិត្ត និងរាប់អានគ្នាដូចបងប្អូន ដូច្នោះហើយកុំដោយសារតែជម្លោះ ឬការភាន់ច្រឡំបន្តិចបន្តួចធ្វើឲ្យកាត់ផ្ដាច់នូវទំនាក់ទំនងដ៏ល្អមួយនេះ។ ខាងក្រោមនេះជាវិធីទាំង ៥ ដែលអាចជួយអ្នកបាន៖
១. និយាយឲ្យដឹងសាច់រឿង
ស្វែងរកកន្លែងស្ងាត់ ដើម្បីនិយាយគ្នាឲ្យដឹងខុសត្រូវ និយាយអ្វីទាំងអស់ដែលមានក្នុងចិត្ត ហើយអ្នកត្រូវចាំស្តាប់ដល់ចប់ ដោយមិនតវ៉ាកាត់ពាក់កណ្ដាលទីនោះទេ ទើបរឿងតូចមិនក្លាយជារឿងធំ។
**២. កុំយកឈ្នះតែឯង**
បើទោះជាមិត្តបន្ទោសថា វាជាកំហុសអ្នកក៏ដោយ កុំប្រតិកម្មភ្លាមៗពេក ត្រូវចេះទប់អារម្មណ៍ មិនឆេវឆាវចង់ឈ្នះ ព្រោះអ្វីដែលអ្នកត្រូវធ្វើពេលនេះ គឺស្តាប់គាត់និយាយឲ្យអស់សិន សឹមនិយាយពីហេតុផលរបស់អ្នកតាមក្រោយដោយសម្រួល។
៣. សួរបញ្ជាក់ពីអ្វីដែលអាចធ្វើបាន ដើម្បីបញ្ចប់ជម្លោះ
អ្នកខ្លះត្រូវចំណាយពេលយូរបន្តិច ក្នុងការបង្ហាញពីអារម្មណ៍ពិត បើមិត្តអ្នកនិយាយចេញមកហើយ អ្នកមិនច្បាស់ត្រង់ណា អាចសួរបញ្ជាក់ពីហេតុផលដែលធ្វើឲ្យអ្នកទាំងពីរអន់ចិត្តមិននិយាយរកគ្នា ដើម្បីឲ្យកាន់តែច្បាស់ជាងមុន។
៤. ទទួលស្គាល់កំហុស
វាជាទំនួលខុសត្រូវមួយ បើអ្នកពិតធ្វើខុសមែន ត្រូវហ៊ានទទួលស្គាល់កំហុស ហើយនិយាយថា «សុំទោស» ទៅវាមិនអន់អីទេ ទោះបីជាត្រូវប្រើពេលបន្តិចក្នុងការអត់ឱន ប៉ុន្តែប្រសើរជាងការឈប់រាប់រកគ្នារហូតដែរ។
៥. ទុកពេល
បើសិនជាមិត្តអ្នកខឹងខ្លាំងមែនទែន ទុកពេលឲ្យគាត់ខ្លះសិនទៅ ជួនកាលពេលវេលាអាចធ្វើឲ្យអ្វីៗប្រសើរជាងមុន។ ត្រូវចេះអត់ធ្មត់ រកដំណោះស្រាយបន្តិចម្តងៗ ហើយនៅតែធ្វើល្អដាក់មិត្តអ្នកដដែល ទោះបីជាគាត់មិនចង់និយាយស្តីក៏ដោយ៕
មិត្តល្អមិនងាយនឹងរកបានទេ ដូច្នោះកុំបញ្ចប់ចំណងមិត្តភាពដោយងាយៗអី!
ចុចអានបន្ត៖
សញ្ញាទាំង ៦ បញ្ជាក់យ៉ាងច្បាស់ថា អ្នកមានមិត្តជាសត្វពស់
៧ រឿងអ្នកអាចធ្វើចំពោះមិត្តសម្លាញ់បាន ដោយមិនចាំបាច់ប្រើលុយអស់មួយកាក់មួយសេន