វិធី​បង្ការ​ និង​បញ្ឈប់​អាការ​ពុល​ឡាន​ ពេល​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ

  • 2018-04-12 07:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​រដូវ​កាល​ចូល​ឆ្នាំ​ខ្មែរ​នេះ​ ប្រជាជន​ភាគ​ច្រើន​ត្រូវ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ ឬ​ទៅ​ស្រុក​កំណើត​ជួបជុំ​គ្រួសា​រ។​ ទោះ​មិន​ស្រួល​ខ្លួន​យ៉ាង​ណា​ក៏​ត្រូវ​តែ​ទៅ​ ហើយ​ពេល​ខ្លះ​ស្ថានភាព​ផ្លូវ​ទៅ​ស្រុក​មិន​អំណោយ​ផល​ទៀត​នោះ​ ទើប​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មាន​អាការ​ពុល​ឡាន​ក្អួត​ចង្អោរ​ វិល​មុខ​ពិបាក​ក្នុង​ខ្លួន​ជា​ខ្លាំង។​

នៅ​ពេល​ពុល​ឡាន​​នឹង​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​លែង​សូវ​សប្បាយ​ដូច​ការ​រំពឹង​ទុក​។​ ដូច្នេះ​ខាង​ក្រោម​នេះ​ជា​វិធី​បញ្ឈប់​និង​បង្ការ​អាការ​ពុល​ឡានដ៏​មាន​ប្រសិទ្ធភាព៖

១.​ ញ៉ាំ​អាហារ​មុន​ពេល​ឡើង​ឡាន

មិន​ត្រូវ​អត់​អាហារ​ដោយ​ខ្លាច​ក្អួត​នោះ​ទេ។​ គួរ​ញ៉ាំ​អាហារ​មួយ​ល្មម​ ដែល​មាន​ជីវជាតិ​និង​ជាតិ​ស្ករ​គ្រប់​គ្រាន់​ ដូចជា​ញ៉ាំ​បាយ​ជា​ដើម។​ ជៀសវាង​ការ​ផឹក​គ្រឿង​ស្រវឹង​ និង​ញ៉ាំ​ឆ្អែត​ជ្រុល​ពេក​ ឬ​មិន​ញ៉ាំ​អី​សោះ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អាការ​វិលមុខ​ ពុល​ឡាន។​

២.​ ញ៉ាំ​ថ្នាំ​ពុល​ឡាន​មុន​ឡើង​ឡាន

ញ៉ាំ​ថ្នាំ​ពុល​ឡាន​ ៣០​នាទី​ មុន​ចេញ​ដំណើរ​អាច​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​ពុល​ឡាន​បាន។​ អ្នក​អាច​រក​ទិញ​ថ្នាំ​នេះ​នៅ​ឱសថ​ស្ថាន​ហើយ​​​ឱសថការី​​នឹង​ណែ​នាំ​ពី​របៀប​ប្រើ​តាម​វ័យ។​

៣.​ កុំ​មើល​ទូរសព្ទ​ពេល​ធ្វើ​ដំណើរ​

ការ​អោន​ចុច​មើល​ទូរសព្ទ​ ពេល​ឡាន​កំពុង​ធ្វើ​ចលនា​​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្បាល​វិល​មុខ​ចង់​ក្អួត​។​ ដូចនេះ​អ្នក​គួរ​មើល​ទៅ​ក្រៅ​បង្អួច​ ហើយ​ជៀស​វាង​​ឱន​ឈ្ងោក​ចុះ​​អាន​សៀវភៅ​ ឬ​ទូរសព្ទ​ដែល​ធ្វើ​ឲ្យ​ពុល​ឡាន​។​

៤.​ ជ្រើស​រើស​កន្លែង​អង្គុយ

សម្រាប់​អ្នក​ឧស្សាហ៍​​ពុល​ឡាន​នេះ​ រាល់​ពេល​ធ្វើ​ដំណើរ​គួរ​ជ្រើស​រើស​កន្លែង​អង្គុយ​ខាង​មុខ​ឬ​ក្បែរ​កញ្ចក់​។​ បើ​ជិះ​ឡាន​កៅអី​ទល់​មុខ​គ្នា​ ជៀសវាង​អង្គុយ​បែរ​មុខ​ទៅ​ក្រោយ​បញ្ច្រាស​ទិសដៅ​​ដែល​ធ្វើ​ឲ្យ​ពុល​ឡាន។​

៥.​ បើក​​បង្អួ​ច​ឲ្យ​មាន​អុកស៊ីហ្សែន​គ្រប់​គ្រាន់

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អាការ​ពុល​ឡាន​មួយ​ទៀត​គឺ​មក​ពី​ក្នុង​ឡាន​ហប់​ខ្យល់​ ឬ​ខ្វះ​អុកស៊ីហ្សែន​។​ ដូច្នេះ​អ្នក​គូរ​បើក​កញ្ចក់​ឲ្យ​ខ្យល់​ចូល​រហូត​មាន​អារម្មណ៍​ធូរ​ស្រាល​សិន​ សឹម​បិទ​កញ្ចក់​បន្ត​ម៉ាស៊ីន​ត្រជាក់។​ ជៀសវាង​ប្រើ​ទឹក​អប់​ដាក់​ឡាន​​ដែល​មាន​ក្លិន​​ឈួល​ពេក​ ព្រោះ​វា​និង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ចង់​ក្អួត​ចង្អោរ៕

ចុចអាន៖ស្រី​ៗ បើ​សង្កេត​ឃើញ​ខ្លួនឯង​មាន​អាការៈ​ផ្លាស់ប្ដូរ ៧នេះ ក្នុង​វ័យ ៣០ កុំ​ភ័យ ព្រោះ​ជួប​គ្រប់គ្នា

ប្រភព៖ medicinenet ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម