នៅ​ថ្ងៃ​ណា​មួយចំណង​អាពាហ៍ពិពាហ៍​នឹង​ដាច់ដោច​ បើ​អ្នក​​មាន​ទម្លាប់ ៥ យ៉ាង​នេះ

  • 2018-03-26 01:38:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាពាហ៍ពិពាហ៍​បរាជ័យ មិន​មែន​ដោយសារ​កង្វះ​ក្ដី​ស្រឡាញ់​ទេ ប៉ុន្តែ​ពេល​ខ្លះ​ដោយសារ​តែ​កង្វះ​មិត្តភាព​ទៅ​វិញ។ មាន​ត្រឹម​ក្ដី​ស្រឡាញ់ ប៉ុន្តែ​ប្រសិន​អ្នក​ទាំង​ពីរ​មិន​ចេះ​រក្សា​ភាព​ស្និទ្ធស្នាល ផ្អែមល្ហែម​ជា​ប្រចាំ​ទេ បញ្ហា​ជម្លោះ ភាព​ព្រងើយ​កន្តើយ និង​ចូល​មក​យាយី​ទំនាក់ទំនង​អ្នក​ជា​មិន​ខាន។ ជាក់ស្ដែង ខាង​ក្រោម​នេះ​ហើយ​ជា​ទម្លាប់​មិន​ល្អ ៥ យ៉ាង ដែល​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​ដើរ​ដល់​ផ្លូវ​បញ្ចប់ និង​ពិបាក​ស្រោចស្រង់​ត្រឡប់​មក​វិញ៖

១.ខ្សោយ​ផ្នែក​ទំនាក់ទំនង

អ្នក​ទាំង​ពីរ​លែង​សូវ​ចំណាយ​ពេល​អង្គុយ​ស្ដាប់​រឿង​រ៉ាវ​​របស់​គ្នា​ដូច​ពី​មុន។ ពេល​មាន​បញ្ហា​កើត​ឡើង​ម្ដងៗ ម្នាក់ៗ​ព្យាយាម​គេច​មុខ​គ្នា យក​ចាញ់​ឈ្នះ​រៀង​ខ្លួន ដោយ​មិន​ព្រម​ដោះស្រាយ​ដោយ​សន្តិវិធី​ឲ្យ​បាន​ឆាប់។ ស្ទើរតែ​គ្រប់​ពេល​អ្នក​ជ្រើសរើស​ការ​ផ្ញើ​សារ​បែប​សោះ​កក្រោះ ដើម្បី​បញ្ចៀស​ការ​ជះ​កំហឹង​នានា​ដោយ​អចេតនា ព្រោះ​គិត​ថា​ការ​និយាយ​ផ្ទាល់​មាត់ លែង​មាន​ប្រសិទ្ធភាព​ត​ទៅ​ទៀត។

២.គ្មាន​មនុស្ស​ស្និទ្ធស្នាល​ផ្សេង ក្រៅ​ពី​គាត់

កាល​ពី​មុន​​រាល់​ពេល​អ្នក​​​មាន​វិបត្តិ មិន​ថា​រឿង​ការងារ ជីវិត ឬ​​ស្នេហា​អ្នក​ប្រាកដ​ជា​ត្រូវការ​ការ​លួងលោម ឬ​ដំបូន្មាន​ល្អ​ៗ​ពី​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​ជាដើម។ ក្រោយ​រៀបការ​រួច អ្នក​លែង​ខ្វល់​នឹកនា​អំពី​នរណា​ទាំង​អស់ ក្រៅ​ពី​ប្ដី​ប្រពន្ធ​របស់​ខ្លួន។ គាត់​មិន​អាច​ក្លាយ​ជា​មនុស្ស​តែ​ម្នាក់​ដែល​អាច​ត្រូវ​អង្គុយ​ស្ដាប់​ទុក្ខ​សោក​អ្នក​គ្រប់​ពេល​ទេ ផ្ដល់​ឱកាស​ឲ្យ​គាត់​បាន​ដក​ដង្ហើម​ស្រួល​ខ្លះ ដូច្នេះ​អ្នក​ត្រូវ​តែ​មាន​មនុស្ស​ស្និទ្ធស្នាល​ក្បែរ​ខ្លួន​ដទៃ​ទៀត ដែល​អាច​កំដរ​អ្នក​បាន​​​ក្រៅ​ពី​គាត់។

៣.ការ​ផ្ដល់​តម្លៃ មាន​ភាព​ខុស​គ្នា​ខ្លាំង

ប្រសិន​អ្នក​ប្រញាប់​រៀបការ​ទាំង​មិន​ទាន់​ស្គាល់​គ្នា​ច្បាស់ អ្នក​ប្រាកដ​ជា​ជួប​បញ្ហា​នេះ​ជាក់ជា​មិន​ខាន។ ឧទាហរណ៍៖ ម្នាក់​ជា​មនុស្ស​ពូកែ​ថែ​រក្សា​សុខភាព មិន​ដែល​ញ៉ាំ​អ្វី​ផ្ដេសផ្ដាស​ទេ​ ហើយ​ម្នាក់​ទៀត​ជា​មនុស្ស​ដែល​ត្រូវការ​ត្រឹម​របស់​ដែល​ឆ្ងាញ់​មាត់​មួយ​ពេល មិន​ខ្វល់ខ្វាយ​រឿង​អនាម័យ ដល់​ពេល​ដែល​ឈឺ​ចាំ​គិត​គ្នា​ក្រោយ​ទៀត។ បើ​ខុស​គ្នា​ខ្លាំង​យ៉ាង​ហ្នឹង ទាល់​តែ​អ្នក​ទាំង​ពីរ​ព្យាយាម​សម្រុះសម្រួល​គ្នា​ឲ្យ​បាន​ច្រើន​ករណី នោះ​ទើប​ចំណង​អាពាហ៍ពិពាហ៍​នេះ​មាន​សង្ឃឹម​អាច​បន្ត​ទៅ​​មុខ​ទៀត​បាន។

៤.លាក់​រឿង​សំងាត់​រៀង​ខ្លួន

ភាព​ស្មោះត្រង់ គឺ​ជា​កត្តា​ដ៏​ចាំបាច់ ដើម្បី​ពង្រឹង​សម្ពន្ធភាព​ឲ្យ​កាន់​តែ​រឹងមាំ។ មិន​ថា​វា​ជា​រឿង​តូច ឬ​រឿង​ធំ អ្នក​មិន​គួរ​លាក់​ទុក​តែ​ម្នាក់​ឯង ដោយ​មិន​ព្រម​ចែក​រំលែក​ជាមួយ​ដៃគូ​ឡើយ។ មិន​មែន​មាន​ន័យ​ថា អ្នក​ត្រូវ​ប្រាប់​គាត់​គ្រប់​​គំនិត​ដែល​មាន​ក្នុង​ខួរក្បាល​ទាំង​អស់​ ឬ​ហេតុការណ៍​អ្នក​ជួប​ប្រទះ​គ្រប់​រឿង​នោះ​ទេ ប៉ុន្តែ​អ្នក​គួរ​ដឹង​ថា​រឿង​ណា​ដែល​សំខាន់ ត្រូវ​និយាយ​ចេញ​មក ព្រោះ​វា​នឹង​បង្ក​បញ្ហា​នៅ​ថ្ងៃ​ក្រោយ ប្រសិន​អ្នក​​លាក់​មិន​ជិត។

៥.លែង​ខ្វល់ខ្វាយ​ចំពោះ​រឿង​តូចតាច​ប្រចាំ​ថ្ងៃ

រៀបការ​រួច បន្ទុក​កាន់​តែ​ធ្ងន់ ទាំង​ការងារ​ក្រៅ​ផ្ទះ ក្នុង​ផ្ទះ ការ​មើល​ថែទាំ​កូន​ចៅ បំណុល ការ​បង់​រំលោះ​ប្រចាំ​ខែ សុទ្ធ​តែ​រឿង​ធំ​ៗ​ដែល​​ទាញ​យក​ការ​ព្រួយ​បារម្ភ​ពី​អ្នក​ស្ទើរ​ទាំង​ស្រុង។ ជីវិត​កាន់​តែ​រវល់ អ្នក​កាន់​តែ​ភ្លេច​​នូវ​ទង្វើ​ផ្អែមល្ហែម​មួយ​ចំនួន​ដូចជា ការ​ថើប ឱប ឬ​​សរសើរ​ចំពោះ​ភាព​ស្រស់​ស្អាត​របស់​​​ដៃ​គូ​​ដូច​ពី​មុន។ មនុស្ស​ភាគច្រើន​តែងតែ​ផ្លាស់ប្ដូរ នៅ​ពេល​ពួកគេ​ដើរ​ដល់​ចំណុច​មួយ​នេះ៕

ចុចអាន៖ហេតុផល ៤ យ៉ាង​នេះ​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ​សំខាន់​ណាស់

ប្រភព៖ powerofpositivity អត្ថបទ៖ អូន បញ្ញា