ពេល​មួយ​ដែល​ខ្ញុំ​អស់​សង្ឃឹម​លើ​ស្នេហា​បំផុត ខ្ញុំ​មាន​តែ​ដើរ​ចេញ

  • 2018-04-09 07:08:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​អ្នក​អស់សង្ឃឹម​ខ្លាំង​បំផុត​លើ​ស្នេហា តើ​អ្នក​នឹង​ធ្វើ​អ្វី​បន្ត? បើ​សូម្បី​តែ​ក្ដី​សង្ឃឹម​បន្តិច​ក៏​អ្នក​លែង​មាន​នោះ តើ​អ្នក​អាច​នឹង​ឈរ​ចំពោះ​មុខ​ស្នេហា​អ្នក​ទៀត​បាន​ទេ?

រូបតំណាង

អាច​ប្រហែល​មក​ពី​ខ្ញុំ​អន់​ពេក ខ្សោយ​ពេក​ដែល​មិន​អាច​ថែរក្សា​ការ​ស្រឡាញ់​មួយ​នេះ​ទៅ​មុខ​ទៀត។ ខ្ញុំ​មិន​បន្ទោស​ទៅ​លើ​អ្នក​ណា​ទេ នេះ​ប្រហែល​មក​ពី​ពួក​យើង​ហត់​នឿយ​ដូចគ្នា។ ម្នាក់ៗ​ចាប់​ផ្ដើម​ប្រែប្រួល​ ចាប់​ផ្ដើម​លែង​ចង់​និយាយ​អី​ទាំង​អស់ ព្រោះ​ពេលនេះ​និយាយ​អី​ក៏​លែង​សំខាន់​ដែរ។

ខ្ញុំ​គួរ​និយាយ​អី​បន្ត​ទៀត​ទៅ បើ​ខ្ញុំ​និយាយ​អ្នក​គិត​ថា​ខ្ញុំ​យក​ល្អ​តែ​ខ្លួន​ឯង ខ្ញុំ​ជា​មនុស្ស​ពាក់​មុខ​ ខ្ញុំ​ជា​មនុស្ស​សម្ដែង។ ពេល​នេះ​ពាក្យ​អី​ក៏​អ្នក​និយាយ​ចេញ​មក​ដែរ អ្នក​ស្ដី​អ្នក​ថា​ឲ្យ​ខ្ញុំ​គ្រប់​សព្វ។ អ្នក​ថា​ខ្ញុំ​ប្លែក អ្នក​ថា​ខ្ញុំ​ប្រែប្រួល តែ​តើ​អ្នក​មាន​មើល​ខ្លួន​ឯង​ទេ? របៀប​ដែល​អ្នក​ស្រឡាញ់​ខ្ញុំ​ពេល​នេះ អ្នក​មាន​ដឹង​ខ្លួន​ទេ? អ្នក​រវល់​ ខ្ញុំ​ក៏​មិន​ទាមទារ​ពេល​វេលា​ពី​អ្នក​ច្រើន​ដូច​មុន​ដែរ ខ្ញុំ​ឲ្យ​អ្នក​តាម​តែ​អ្នក​ត្រូវ​ការ។ អ្នក​ថា​រឿង​ខ្លះ​ឲ្យ​ខ្ញុំ​រឹងមាំ​ចេះ​ធ្វើ​ខ្លួន​ឯង​ខ្លះ​ទៅ ខ្ញុំ​ក៏​ធ្វើ​វា​ដោយ​ខ្លួន​ឯង​មិន​បាច់​ពឹង​អ្នក បន្ទាប់​មក​អ្នក​ក៏​ថា​ខ្ញុំ​ប្លែក។ ពេល​ខ្លះ​ខ្ញុំ​ហួស​ចិត្ត​ណាស់​ខ្ញុំ​ហួស​ចិត្ត​នឹង​អ្វី​ដែល​អ្នក​និយាយ និង​ធ្វើ​មក​កាន់​ខ្ញុំ។

រូបតំណាង

ពេល​អ្នក​ទុក​ខ្ញុំ​ចោល​អ្នក​មាន​ដែល​គិត​អារម្មណ៍​ខ្ញុំ​ទេ ចុះ​ពេល​ដែល​ខ្ញុំ​ទុក​អ្នក​ចោល​វិញ​ហេតុអីអ្នក​បន្ទោស​ខ្ញុំ? ពេល​មាន​បញ្ហា​តើ​អ្នក​ណា​ដែល​​ព្យាយាម​​និយាយ​ ព្យាយាម​សម្រុះ​សម្រួល​គ្នា? អ្នក​ណា​ដែល​ Call ទៅ? អ្នក​ណា​ដែល​និយាយ​រហូត​ដល់​អ្នក​និង​ខ្ញុំ​ត្រូវ​គ្នា​វិញ? គឺ​មាន​តែ​ខ្ញុំ​ទេ ព្រោះ​មាន​តែ​ខ្ញុំ​។

យូរ​ៗ​ទៅ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ហត់ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ ខ្ញុំ​ចាប់​ផ្ដើម​អស់​សង្ឃឹម​លើ​អ្នក​ រឹត​តែ​អស់​សង្ឃឹម​លើ​ស្នេហា​មួយ​នេះ។ ខ្ញុំ​លែង​ចង់​ព្យាយាម​ម្នាក់​ឯង​ទៀត​ហើយ ខ្ញុំ​លែង​ចង់​និយាយ​អី​ទាំង​អស់ ខ្ញុំ​ហត់​នឹង​ដេក​យំ​តែ​ឯង​រាល់​យប់​ណាស់ ខ្ញុំ​ហត់​នឹង​ព្យាយាម​ថែរក្សា​ស្នេហា​មួយ​នេះ​ទៀត​ណាស់។

ពួក​យើង​​អហោសិកម្ម​ឲ្យ​គ្នា​ទៅ ចាត់​ទុក​ថា​យើង​លែង​ជំពាក់​អី​គ្នា​ទៀត​ទៅ ការលះបង់​ខ្ញុំ​ចំពោះ​ស្នេហា​នេះ ហើយ​ការ​លះបង់​អ្នក​ចំពោះ​ស្នេហា​នេះ​យើង​ទុក​ថា​រួច​គ្នា​ទៅ។ ពួក​យើង​ទៅ​មុខ​ទៀត​លែង​កើត​ហើយ ព្រោះ​ពេល​នេះ​ខ្ញុំ​លែង​មាន​សង្ឃឹម លែង​មាន​កម្លាំង​ចិត្ត​អី​ទៀត​ហើយ។ អ្នក​បាន​ផ្ដល់​ភាព​អស់​សង្ឃឹម​ឲ្យ​ខ្ញុំ​ជា​ច្រើន​ដង​ច្រើន​សា រហូត​ដល់​ក្ដី​រំពឹង​ខ្ញុំ​របូត​អស់​ពី​ខ្លួន។

ចប់​ត្រឹម​ហ្នឹង​ទៅ​ចុះ​ណា ហើយ​ខ្ញុំ​នឹង​ព្យាយាម​ព្យាបាល​របួស​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​មាន​ដោយ​ខ្លួន​ឯង៕

រូបតំណាង

ចុចអាន៖កុំ​ឲ្យ​ខ្ញុំ​នូវ​ការ​ស្រឡាញ់​មួយ​ដែល​មិន​ច្បាស់លាស់ ព្រោះ​​ខ្ញុំ​មិន​ដែល​ចង់​លេង​សើច​ជាមួយ​អ្នក​ទេ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម