កុំឲ្យជីវិតមានតែទុក្ខមិនចេះចប់ អ្នកគួរហាត់រម្ងាប់ចិត្តទាំង ៨យ៉ាងនេះឲ្យបាន
- 2018-04-05 09:55:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យជីវិតមានតែទុក្ខមិនចេះចប់ អ្នកគួរហាត់រម្ងាប់ចិត្តទាំង ៨យ៉ាងនេះឲ្យបាន
ការហ្វឹកហាត់ផ្លូវចិត្តកុំឲ្យមានភាពច្របូកច្របល់ ធ្វើឲ្យចិត្តមានសមាធិ និងមានសតិនឹងនរគ្រប់ពេលវេលា គឺជារឿងដ៏សំខាន់ ព្រោះថាបើចិត្តយើងកាន់តែស្ងប់ នោះជីវិតយើងនឹងកាន់តែមានក្ដីសុខច្រើនទៅតាមនោះដែរ។ បើសិនអ្នកត្រៀមខ្លួនរួចហើយ សូមសាកល្បងហ្វឹកហាត់តាមរយៈវិធីខាងក្រោមនេះ៖
១. ហាត់សម្លឹងខ្លួនឯងថាតូច
មានន័យថា ត្រូវធ្វើជាអ្នកតូច កុំធ្វើខ្លួនជាអ្នកធំ។ ចូរធ្វើជាមនុស្សធម្មតា កុំធ្វើជាមនុស្សសំខាន់ ។ នៅពេលមានអ្វីកើតឡើង សូមកុំគិតតែខ្លួនឯងជ្រុលពេក។
២. ហាត់មិនសន្សំរឿង
មានន័យថា ការប្រមែប្រមូលអ្វីគ្រប់យ៉ាងមកជាភារៈ។ លើលោកនេះគ្មានអ្វីដែលយើងប្រមែប្រមូលមកហើយ មិនជាភារៈនោះទេ លើកលែងតែអំពើល្អ ក្រៅពីនោះគឺសុទ្ធតែបន្ថែមបន្ទុកឲ្យយើងបើមិនច្រើន ក៏តិច។
៣. ហ្វឹកហាត់ខ្លួនឯងឲ្យចេះគិតងាយៗ
មានន័យថា កុំវង្វេងនឹងភាពល្អឥតខ្ចោះ ព្រោះភាពឥតខ្ចោះគ្មានទេនៅលើលោកនេះ មានតែមនុស្សល្ងង់ប៉ុណ្ណោះដែលមើលឃើញថា មានមនុស្សល្អឥតខ្ចោះនៅលើលោកនេះ។
៤. ហ្វឹកហាត់ខ្លួនឯងឲ្យនៅស្ងៀមៗ ឬពុំដូច្នោះទេគឺនិយាយតែអ្វីដែលល្អៗ
មានន័យថា ចំពោះរឿងមិនល្អ ឬពាក្យសម្ដីអ្វីដែលនិយាយទៅហើយគ្មានផលល្អ គួរតែកុំនិយាយ ព្រោះថាការនិយាយស្ដី ឬការរិះគន់អ្នកដទៃក្នុងន័យកាច់បំបាក់ គឺមានតែធ្វើឲ្យចិត្តរបស់យើងក្ដៅក្រហាយតែប៉ុណ្ណោះ។
៥. ហ្វឹកហាត់ខ្លួនឯងឲ្យយល់ពីធម្មជាតិ
មានន័យថាអ្វីៗក៏អាចកន្លងផុតដែរ នៅពេលមានក្ដីសុខត្រូវដឹងថា បន្តិចទៀតក្ដីសុខនឹងកន្លងទៅ នៅពេលមានទុក្ខ ក៏ត្រូវដឹងដែរថា បន្តិចទៀតក្ដីទុក្ខនោះនឹងកន្លងទៅ។ នៅពេលមានបញ្ហាអាក្រក់ៗកើតឡើង ត្រូវគិតថារឿងរ៉ាវទាំងអស់នោះនឹងមិននៅជាមួយយើងរហូតថ្ងៃស្លាប់ទេ។
៦. ហ្វឹកហាត់ឲ្យខ្លួនឯងយល់ពីបញ្ហានៃការនិយាយដើម
មានន័យថា យើងកើតមកក៏ត្រូវដឹងខ្លួនថា យើងប្រាកដជាត្រូវគេនិយាយដើម។ នៅពេលត្រូវគេនិយាយដើម ត្រូវដឹងថា យើងគ្រាន់បើហើយ ព្រោះវាមានន័យថាគេនៅនឹកដល់ឈ្មោះរបស់យើង។ អ្នកដែលចូលចិត្តខឹងច្រឡោត ដោយសារការនិយាយដើមពីអ្នកដទៃគឺជាមនុស្សដែលមិនយល់ពីសង្គម ព្រោះសូម្បីតែកូនៗក៏នៅនិយាយដើមឪពុកម្ដាយ ចុះទម្រាំអ្នកដទៃ។ បើយើងហាមខ្លួនឯងមិនឲ្យនិយាយដើមអ្នកដទៃបានពេលណា សឹមគិតថា គ្មាននរណានឹងនិយាយដើមយើង។
៧. ហ្វឹកហាត់ខ្លួនឯងឲ្យផុតចាកពីការធ្វើទាសករលុយ
មានន័យថា យើងត្រូវរៀនពេញចិត្តនឹងអ្វីដែលខ្លួនកំពុងមាន បើកំពុងជិះឡានអ្វីត្រូវពេញចិត្តឡាននោះ ស្លៀកសម្លៀកបំពាក់អ្វី ត្រូវពេញចិត្តសម្លៀកបំពាក់នោះ។ ការដែលយើងអាចឈប់ធ្វើជាទាសករលុយបាន គឺត្រូវចាប់ផ្ដើមពីការចេះ "ស្កប់ស្កល់"។ នៅពេលស្កប់ស្កល់ហើយ យើងនឹងមិនបាច់ខំរកលុយច្រើន ហើយជីវិតយើងនឹងមានឱកាសធ្វើអ្វីល្អៗបានច្រើនជាងការរកលុយ។
៨. រៀនលះបង់ និងព្រមចាញ់អ្នកដទៃខ្លះ
មានន័យថា ការដែលមនុស្សម្នាក់ព្រមចាញ់ប្រៀបអ្នកដទៃខ្លះ គឺជារឿងចាំបាច់។ អ្នកណាក៏ដោយដែលឈ្លក់វង្វេងនឹងភាពត្រឹមត្រូវ នឹងមិនព្រមចាញ់ប្រៀបអ្នកណាឡើយ។ មិនយូរមិនឆាប់ មនុស្សម្នាក់នោះនឹងអាចបែក ឡប់សតិ ក្លាយជាមនុស្សដែលឈ្នះគ្រប់យ៉ាងប៉ុន្តែគ្មានក្ដីសុខ ព្រោះត្រូវតែតស៊ូប្រជែងជាមួយអ្នកនៅជុំវិញខ្លួនឲ្យដល់ទីបំផុត ៕
ចុចអាន៖
នៅពេលមានគំនិតចាស់ទុំមែនទែន អ្នកនឹងមានការគិតខុសប្លែកពីមុន ៥យ៉ាងនេះ
កុំអង្គុយតែធ្វើមុខស្អុយ អានសម្រង់សម្ដីទាំងនេះ អាចធ្វើឲ្យអ្នកសើចវិញបានភ្លាម