មិនចង់ស្លាប់មុនអាយុ ត្រូវអនុវត្តទម្លាប់ល្អៗទាំងនេះដើម្បីអាយុវែង រស់បានយូរ
- 2018-04-03 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ស្លាប់មុនអាយុ ត្រូវអនុវត្តទម្លាប់ល្អៗទាំងនេះដើម្បីអាយុវែង រស់បានយូរ
មនុស្សយើងកើតមកមានជីវិតតែមួយ ត្រូវចេះឲ្យតម្លៃនិងគ្រប់គ្រងជីវិតខ្លួនឯងឲ្យបានល្អប្រសើរ រស់នៅប្រកបដោយសុខុមាលភាព ដើម្បីថែរក្សាជីវិតមួយនេះឲ្យបានយូរអង្វែង។ ដូច្នេះអ្នកត្រូវផ្លាស់ប្ដូរទម្លាប់អាក្រក់ចេញ ហើយព្យាយាមអនុវត្តទម្លាប់ល្អៗប្រចាំថ្ងៃដូចជា៖
១. កុំបរិភោគហួសប្រមាណ
បើអ្នកចង់រស់បានយូរ កុំញុំាំច្រើនពេក។ អ្នកគួរមានបរិមាណមួយដែលសមល្មម ព្រោះតាមការស្រាវជ្រាវពីជនជាតិជប៉ុនម្នាក់ដែលមានអាយុវែងជាងគេ គឺគាត់មិនបរិភោគរហូតដល់ហល់ពេញពោះពេកនោះទេ ត្រឹមតែ៨០%បានហើយ។
២. កុំមើលទូរទស្សន៍ច្រើនពេក
វាធ្វើឲ្យប៉ះពាល់ដល់សុខភាពច្រើនណាស់ ប្រសិនបើអ្នកមើលទូរទស្សន៍លើសពី៤ម៉ោងក្នុងមួយថ្ងៃ។
៣. មិនត្រូវនៅក្រោមកម្តៅថ្ងៃយូរពេកទេ
កម្តៅព្រះអាទិត្យមិនមែនត្រឹមតែធ្វើឲ្យស្បែកស្រអាប់ មានស្នាមអុជខ្មៅនិងភាពជ្រីវជ្រួញប៉ុណ្ណោះទេវាថែមទាំងអាចបង្កមហារីកដល់ស្បែកទៀតផង។ ដូច្នេះមុនចេញទៅខាងក្រៅអ្នកគួរតែ ជ្រើសរើសឡេការពារកម្តៅថ្ងៃណាដែលមាន SPF 30 ឡើងទៅ មកលាបនៅលើស្បែក។
៤. មានគ្នាជជែកលេង
តាមការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា អ្នកដែលមិនសូវមានមិត្តភ័ក្ដិ និងទំនាក់ទំនងល្អនៅក្នុងគ្រួសារ អាចប្រឈមនឹងជំងឺបេះដូង។ ជាពិសេសចំពោះមនុស្សចាស់ដែលមាន ភាពឯកាអផ្សុក ធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។
៥. ញុំាំបន្លែផ្លែឈើឲ្យបានច្រើន
ជាតិហ្វាយបឺរនិងវីតាមីននៅក្នុងបន្លែនិងផ្លែឈើ អាចជួយកាត់បន្ថយជំងឺបេះដូងបានដល់ទៅ ៧៦% ព្រមទាំងអាចជួយកាត់បន្ថយនូវជំងឺមហារីកដោះផងដែរ។ ប៉ុន្តែគួរព្យាយាមជ្រើសរើសបន្លែដែលគ្មានគីមី។
៦. ហាត់ប្រាណ
អ្នកខ្លះគ្រាន់តែលឺក៏ខ្ជិលបាត់ទៅហើយ ប៉ុន្តែអ្នកត្រូវតែព្យាយាមបន្តិចម្តងៗជារៀងរាល់ថ្ងៃដើម្បីសុខភាពល្អ ទាំងផ្លូវចិត្តនិងផ្លូវកាយ។
៧. មិនជក់បារី
មិនហួសពេលទេ ទោះបីអ្នកជាមនុស្សញៀនបារីប៉ុណ្ណាក៏ដោយ អ្នកត្រូវតែបញ្ឈប់វាភ្លាមទៅ ព្រោះបារីអាចឲ្យអ្នកមានជំងឺមហារីកសួត និងអាយុខ្លី។
៨. កុំកើតទុកច្រើនពេក
ការកើតទុកខ្វល់ខ្វាយច្រើនពេក មានផលប៉ះពាល់ដល់សុខភាពជាងអ្នកជក់បារីទៅទៀត។ ដូច្នេះមានជីវិតរស់អ្នកត្រូវចេះធ្វើចិត្ត និងលំហែកាយឲ្យមានភាពសប្បាយរីករាយទើបមានន័យ។
៩. សម្រាកឲ្យបានគ្រប់គ្រាន់
ត្រូវចូលគេងឲ្យបានទៀងម៉ោង និងគេងឲ្យបានយ៉ាងហោចណាស់៨ម៉ោងក្នុងមួយថ្ងៃ ៕