ស្រឡាញ់​គ្នា​រាប់ឆ្នាំ​ មក​បែក​គ្នា​ត្រឹម​មួយ​ថ្ងៃ អ្នក​គួរ​ចំណាយ​ពេលអាន​អត្ថបទ​នេះ​​

  • 2018-03-28 07:46:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់ទំនង​ស្នេហា​ដែល​ចំណាយ​ពេល​រាប់​ឆ្នាំ​ជាមួយ​គ្នា មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ ព្រោះ​វា​បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន ការ​ចងចាំ​មាន​ច្រើន​រាប់​មិន​អស់ ហើយ​មនោសញ្ចេតនា​ក៏​កាន់​តែ​ជ្រាលជ្រៅ​កាត់​ផ្ដាច់​មិន​បាន។ ពេល​វេលា​កាន់​តែ​ដើរ​ទៅ​មុខ រឿង​ខ្លះ​យើង​មិន​ចង់​ឲ្យ​កើត​ឡើង​វា​ក៏​បាន​កើត​ឡើង ហើយ​អ្វី​ដែល​ឈឺចាប់​បំផុត​គឺ​រស់​នៅ​ឡើង​វិញ​បន្ទាប់​ពី​ស្នេហា​ជា​ច្រើន​ឆ្នាំ​នោះ​បាន​បញ្ចប់។ អ្វី​ដែល​នៅ​សល់​គឺ​ម្នាក់ៗ​នឹង​មាន​អារម្មណ៍​ថា​ឈឺចាប់ គ្រាន់​តែ​ម្នាក់​អាច​ខ្លាំង ម្នាក់​អាច​តិច​ទៅ​តាម​ទំហំ​នៃ​ក្ដី​ស្រឡាញ់​ដែល​យើង​មាន។ បើ​អ្នក​កំពុង​ជួប​រឿង​នេះ អ្នក​ប្រាកដ​ជា​ដេកយំ ដេក​នឹក​គេ ជា​ពិសេស​នៅ​ពេល​យប់ ព្រោះ​វា​ជា​ពេល​ដែល​អ្នក​ឈឺចាប់​បំផុត។ សាក​អាន​អត្ថបទ​នេះ​បន្តិច​ទៅ យ៉ាង​ណា​ក៏​អ្នក​អាច​ដក​ខួរក្បាល​អ្នក​នឹក​គេ​បាន ២ នាទី​ដែរ។

ថ្ងៃ​ដំបូង​ដែល​អ្នក​បែក​គ្នា អ្នក​ប្រាកដ​ជា​ឈឺចាប់​ណាស់​មែន​ទេ? អ្នក​ពិបាក​ទទួល​យក​ស្ថានភាព​បែប​នេះ​ណាស់​មែន​ទេ? ទឹកភ្នែក​អ្នក​ហូរ​ចុះ​មក​សឹង​តែ​មិន​អាច​ទប់​បាន ហើយ​អ្នក​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ស្រាល គ្មាន​អ្វី​ជាប់​ខ្លួន​សោះ។

រូបតំណាង

ថ្ងៃ​បន្ទាប់​អ្នក​កាន់​តែ​នឹក​គេ អ្នក​កាន់​តែ​ពិបាក​ទ្រាំ អ្នក​ពិបាក​ដើរ​ចេញ​ទៅ​ក្រៅ​ទាំង​ព្យាយាម​ធ្វើ​ដូច​គ្មាន​រឿង​អី​ណាស់​មែន​ទេ? អ្នក​មាន​អារម្មណ៍​ថា​ឯកា​ខ្លាំង ស្ងប់ស្ងាត់​ខ្លាំង​បន្ទាប់​ពី​ម្នាក់​នៅ​ដើរ​ចេញ​ទៅ ហើយ​អ្នក​កាន់​តែ​ណែន​ទ្រូង​ឲ្យ​តែ​នឹក​ឃើញ​ម្នាក់​នោះ។

ប៉ុន្មាន​ថ្ងៃ​កន្លង​ផុត​ទៅ​អ្នក​ទ្រាំ​លែង​បាន​ហើយ​មែន​ទេ?​អ្នក​ចង់​ជួប​គេ អ្នក​ចង់​និយាយ​ជាមួយ​គេ​ណាស់​មែន​ទេ? អ្នក​ទាញ​ទូរស័ព្ទ​មក​សរសេរ​ពាក្យ​ក្នុង​ចិត្ត​ជាច្រើន​ដើម្បី​ចង់​ផ្ញើ​ទៅ​គេ​ឲ្យ​គេ​យល់ តែ​បន្ទាប់​មក​ទៀត​អ្នក​ក៏​បាន​លុប​វិញ​រួច​បោះ​ទូរស័ព្ទ​ចោល​ទៅ​ម្ខាង ហើយ​បន្ត​យំ​ទាំង​ទ្រូង​ស្ទើរ​ធ្លាយ។

មួយ​យប់​ៗ​អ្នក​ចូល​មើល​ Profile Facebook Instagram គេ​ អ្នក​ចង់​ដឹង​គេ​យ៉ាង​ម៉េច​ហើយ សុខសប្បាយ​ទេ? ស្អាត​ជាង​មុន​ទេ? ហើយ​តែង​ដេក​មើល​រូបថត​គេ​ទាំង​ភ្នែក​កំពុង​យំ។ បន្ទាប់​មក​អ្នក​មើល​រូបថត​ចាស់ៗ​ដែល​ថត​ជាមួយ​គ្នា នឹក​ឃើញ​រឿង​ពីមុន​ ពេល​ខ្លះ​អ្នក​ក៏​ញញឹម ហើយ​រូប​ខ្លះ​ទៀត​ធ្វើ​ឲ្យ​បេះដូង​អ្នក​ខ្ទេចខ្ទី​យ៉ាង​ខ្លាំង។

រូបតំណាង

មួយ​ខែ​បន្ទាប់​មក​​អ្នក​សឹង​តែ​ក្លាយ​ជា​មនុស្ស​ផ្សេង ភ្នែក​ចាប់​ផ្ដើម​ធ្លាក់ រូបរាង​ស្គម​ជាង​មុន មិន​សូវ​ខ្វល់​ជាមួយ​អ្នក​ណា មិន​និយាយ​ស្ដី មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់​ក្រៅ​ពី​សម្ងំ​ខូច​ចិត្ត​តែ​ឯង​ក្នុង​បន្ទប់។ អ្នក​ចង់​ត្រូវ​គ្នា​ជាមួយ​គេ​ណាស់ តែ​គេ​មិន​ត្រឡប់​មក​រក​អ្នក​ឡើយ ហើយ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ពេល​នេះ​គឺ​យំ និងព្យាយាម​រស់​ឲ្យ​ផុត​មួយ​ថ្ងៃៗ។

អាន​មក​ដល់​ត្រឹម​នេះ អ្នក​ប្រហែល​ជា​ឈឺចាប់​ណាស់​ហើយ​មែន​ទេ? តែ​តើ​អ្នក​អាច​ផ្លាស់​ប្ដូរ​អី​បាន​ខ្លះ​ទេ? សាកចាប់​ផ្ដើម​ជាមួយ​ជំហាន​បន្ទាប់បាន​អត់?

សាក​ចាប់​ផ្ដើម​រៀប​ចំ​ខ្លួន​ទៅ​ផ្សារ​បាន​ទេ? ទៅ​ទិញ​របស់​ល្អទុក​ញ៉ាំ ដូច​ជា​ទឹកដោះគោ ផ្លែឈើ​ស្រស់ៗ គ្រឿង​ថែរក្សា​ខ្លួន ថែរក្សា​មុខ។

ទៅ​បណ្ណាគារ​ទិញ​សៀវភៅ​ជីវិត​ សៀវភៅ​អប់រំ​ សៀវភៅ​ល្អៗ​បាន​ទេ? ទុក​អាន​ពេល​យប់ ព្រោះ​ពេល​យប់​ស្ងប់ស្ងាត់​ល្អ​ណាស់ ដូច្នេះ​អ្នក​អាច​អាន​បាន​យ៉ាង​មាន​ក្ដី​សុខ។

រូបតំណាង

ទៅ​ទិញ​ខោអាវ​ថ្មីៗ​បាន​ទេ? ផ្លាស់​ប្ដូរ​ Style ធ្វើ​ខ្លួន​បាន​ទេ? កុំ​នៅ​ធ្វើ​ខ្លួន​ត្រដាបត្រដួស​ពេក​ទៀត​បាន​ទេ?

មក​ដល់​ផ្ទះ​វិញ​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​ល្អៗ​ឡើង​វិញ ងូត​ទឹក​ឲ្យ​ស្អាត ប្រើ​គ្រឿង​ថែរក្សា​មុខ​នោះ បន្ទាប់​មក​អង្គុយ​មើល​រឿង​ភាគ​ដែល​អ្នក​ចូល​ចិត្ត។ បើ​នៅ​មិន​ទាន់​គេង​លក់​ទៀត យក​សៀវភៅ​មក​អាន​មកតែ​កុំ​មើល​សៀវភៅ​ណា គឺ​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។

ព្រឹក​ឡើង​រៀបចំ​ខ្លួន​ទៅ​ធ្វើ​ការ​ឲ្យ​បាន​ស្អាត​បាត បាញ់​ទឹកអប់​ឲ្យ​ក្រអូប​ ហើយ​ទៅ​ដោយ​ភាព​ជឿជាក់។ ផ្ចង់អារម្មណ៍​ធ្វើ​ការ​ឲ្យ​បាន​ល្អ បន្ទាប់​មក​ចេញទៅ​ក្រៅ​យក​ខ្យល់​អាកាស​ ឬ​ផឹក​កាហ្វេ​ធ្វើ​ការ​ដែល​នៅ​សល់ ឬ​មើល​អ្វី​ដែល​អាច​ជួយ​អ្នក​ឲ្យ​អារម្មណ៍​ល្អ​បាន។

ឈប់​រំឭក​ពី​គេ​ទៀត ហើយ​ធ្វើ​ខ្លួន​ឲ្យ​រឹងមាំ​ មិន​យូរ​ទេ​អ្នក​នឹង​ធូរស្រាល​ពី​ការ​ខូច​ចិត្ត​នោះ កុំ​យំទៀត​បាន​ទេ? ព្រោះ​ភ្នែក​អ្នក​នឹង​ធ្លាក់ ខ្មៅ​ លែង​ស្អាត​ទៀត​ហើយ។

រូបតំណាង

មនុស្ស​បែកគ្នា​មិន​មែន​មក​ពី​កំហុស​អ្នក​ណា​ទេ​ តែ​នេះ​មក​ពី​បុណ្យ​យើង​សាង​រួម​គ្នា​បាន​តែ​ប៉ុណ្ណឹង ទើប​បាន​ជា​ពួក​យើង​មាន​និស្ស័យ​ត្រឹម​តែ​សង្សារ។ រង់ចាំ​មនុស្ស​ដែល​មាន​បុណ្យ​ជា​ប្ដី​ប្រពន្ធ​យើង​វិញ​ទៅ។

ញញឹម​ឡើង​ណា នេះ​ហើយ​ជា​ស្នេហា ៥ ឆ្នាំ ៦​ឆ្នាំ ៧ឆ្នាំ វា​គ្រាន់​តែ​ជា​រយៈ​ពេល​តែ​ប៉ុណ្ណោះ អ្វី​ដែល​គង់​ទៅ​វា​នឹង​ទៅ៕​​

ចុចអាន៖នៅ​ពេល​ជួប​​មនុស្ស​ក្នុង​សុបិន​​ អ្នក​នឹង​លែង​មាន​អារម្មណ៍​ថា​ឯកា​ទៀតហើយ

Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

អត្ថបទ៖ ផេង ផលធិតា