កូនខ្មែរមួយក្រុមផ្ដើមគំនិតផ្សព្វផ្សាយសម្លៀកបំពាក់បុរាណខ្មែរ សម្រាប់ស្លៀកចូលឆ្នាំថ្មី
- 2018-03-30 07:01:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនខ្មែរមួយក្រុមផ្ដើមគំនិតផ្សព្វផ្សាយសម្លៀកបំពាក់បុរាណខ្មែរ សម្រាប់ស្លៀកចូលឆ្នាំថ្មី
សង្ក្រាន្ដឆ្នាំនេះប្រទេសដែលមានវប្បធម៌ស្រដៀងគ្នាជាមួយកម្ពុជា គឺប្រទេសថៃបានរៀបចំដាក់ខោអាវប្រពៃណីឲ្យប្រជាជនស្លៀកពាក់ដើរលេងក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ ការអនុវត្តន៍ទទួលបានការគាំទ្រ និងកោតសរសើរពីប្រជាជនថៃយ៉ាងច្រើនកុះករ។
ដោយសារតែវប្បធម៌ស្រដៀងគ្នាខ្លាំង ទើបធ្វើឲ្យប្រជាជនខ្មែរមួយចំនួនស្រងាកចិត្តចំពោះការស្លៀកពាក់នេះ ដោយមើលទៅដូចគ្នានឹងសម្លៀកបំពាក់បុរាណខ្មែរខ្លាំង។ ដូចនេះហើយទើបកាលពីពេលថ្មីៗនេះយុវជនមួយក្រុមបានធ្វើវីដេអូបំផុសគំនិតឲ្យខ្មែរយើងជាពិសេសយុវវ័យងាកមកស្លៀកពាក់បែបបុរាណប្រពៃណីខ្មែរដើរលេងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ កញ្ញា ម៉ារ៉ាឌី រីហ្គែន ជានិស្សិត និងជាអ្នកបង្ហោះវីដេអូទាក់ទងនឹងម៉ូដប្រពៃណីខ្មែរបុរាណ បានបកស្រាយថា នាងបំផុសគំនិតនេះឡើង ដើម្បីជាការចាប់ផ្ដើមឲ្យយុវជនងាកមកស្រលាញ់ និងថែរក្សានូវវប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរ។
រីហ្គែន បន្ថែមថា ៖"ទាល់តែយើងចាប់ផ្ដើមមុនគេបង ទើបមានគេចាប់ផ្ដើមបន្តបន្ទាប់។ ចំពោះវីដេអូវិញខ្ញុំមិនផ្ដោតលើជំនួញអីទេបង គឺខ្ញុំធ្វើឡើងចេញពីចិត្ត និងការស្រលាញ់ចូលចិត្តប៉ុណ្ណោះ។ ខ្ញុំជឿថា មានមនុស្សច្រើនណាស់ដែលស្រលាញ់សម្លៀកបំពាក់បែបប្រពៃណីនេះដូចខ្ញុំ ហើយមានគំនិតការពារ និងអភិរក្ស"។
ក្នុងនោះដែរជានិសិត្សស្រីម្នាក់ឈ្មោះ រស់ ខេមរី ហើយជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ផ្ទាល់ឆ្លើយតបទៅនឹងពាក្យរិះគុណធ្វើតាមថៃថា៖ "ការពិតម៉ូដប្រពៃណីខ្មែរមានច្រើនតាមសម័យកាលខុសៗគ្នា ហើយសុទ្ធតែមានឯកសារបញ្ជាក់ច្បាស់លាស់។ តែដោយសារប្រទេសមានវប្បធម៌ស្រដៀងគ្នា តែមានភាពជឿនលឿនជាងយើងបានដាក់បង្ហាញមុនទើបធ្វើខ្មែរមួយចំនួនយល់ថាសម្លៀកបំពាក់នេះជារបស់គេទៅវិញ។"
តាមការផ្សព្វផ្សាយសម្លៀកបំពាក់របស់ក្រុមនាង មានដាក់លក់ក្នុងតម្លៃដូចខាងក្រោម៖
-បង់កប្រុស ១២០០០រៀល
-ស្បៃស្រី ២០០០០រៀល
-សំពត់ ២០០០០រៀល
ជាចុងក្រោយ នាងបានបន្ថែមថា ឆ្នាំនេះគ្រាន់ជាការចាប់ផ្ដើមប៉ុណ្ណោះ ដូច្នេះការរៀបចំម៉ូដសម្លៀកបំពាក់នៅមានចំណុចខ្វះខាត តែនាងសន្យាថាឆ្នាំក្រោយនឹងស្វះស្វែងស្រាវជ្រាវបន្ថែមពីម៉ូដខោអាវខ្មែរ ដើម្បីច្នៃម៉ូដឲ្យបានលំអិតជាងនេះ៕
វិដេអូ៖
Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY
ចុចអាន៖ម៉ូដសម្លៀកបំពាក់សឹងឡាវ ស្អាតមិនចាញ់ម៉ូដហូល-ផាមួងខ្មែរ