នៅពេលជួបមនុស្សក្នុងសុបិន អ្នកនឹងលែងមានអារម្មណ៍ថាឯកាទៀតហើយ
- 2018-03-24 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅពេលជួបមនុស្សក្នុងសុបិន អ្នកនឹងលែងមានអារម្មណ៍ថាឯកាទៀតហើយ
មនុស្សម្នាក់ៗតែងតែមានមនុស្សក្នុងសុបិនម្នាក់ ហើយពេលខ្លះពួកគេបានចំណាយពេលដើម្បីចាំម្នាក់នោះបង្ហាញខ្លួន រហូតដល់ភ្លេចនូវមនុស្សក្បែរខ្លួនអស់។
មិនខុសទេខ្ញុំក៏ដូចគ្នា គេជាមនុស្សម្នាក់ដែលនៅក្នុងសុបិនខ្ញុំ ហើយខ្ញុំតែផ្សងឲ្យគេបង្ហាញខ្លួនចំពោះមុខខ្ញុំឲ្យបានលឿនបន្តិច។ រយៈពេលដែលយើងរង់ចាំម្នាក់នោះបង្ហាញខ្លួន ប្រហែលជាយើងធ្លាប់មានស្នេហាផ្សេង ឬអាចនិយាយបានថាជាបទពិសោធន៍។ មិនបានប៉ុន្មានស្នេហានោះក៏បានបញ្ចប់ទៅវិញហើយយើងក៏ក្លាយជាមនុស្សទំនេរម្ដងទៀត ដើម្បីរង់ចាំម្នាក់នោះបង្ហាញខ្លួនទៀត។
ឆ្លងកាត់បទពិសោធន៍ជាច្រើនគេក៏បានបង្ហាញខ្លួន ហើយពេលនោះយើងក៏ចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងដោយមិនដឹងខ្លួន។ យើងចាប់ផ្ដើមទទួលបានអារម្មណ៍ពិតប្រាកដមួយ អារម្មណ៍មានសុភមង្គលជារបៀបគ្រួសារមួយដែលស្នេហាមុនៗមិនធ្លាប់ផ្ដល់ឲ្យ។ គ្រប់យ៉ាងស្រស់ស្អាតបំផុតនៅពេលដែលយើងបើកភ្នែកមកឃើញមុខគេ ឃើញគេញញឹមដាក់យើងយ៉ាងទន់ភ្លន់។ កម្លាំងចិត្តក្នុងជីវិតយើងក៏ចាប់ផ្ដើមខ្លាំង ព្រោះគេជាក្ដីសង្ឃឹមមួយ។
នៅពេលដែលអ្នកជួបមនុស្សក្នុងសុបិន អ្នកនឹងលែងមានអារម្មណ៍ថាឯកាទៀតហើយ ទោះបីជាមិនបាននៅក្បែរគ្នា មើលមុខគ្នា ញ៉ាំបាយជាមួយគ្នា ឬអង្គុយជជែកគ្នាក៏ដោយ។ នៅពេលព្រឹកប្រហែលជាគេមិនបានផ្ញើសារ អរុណសួស្ដីមកយើងទេ ហើយគេក៏មិនអាចនិយាយថាស្រឡាញ់យើងរាល់ថ្ងៃដែរ គេរឹតតែមិនអាចកំដរយើងគ្រប់ពេលទៀត តែបេះដូងយើងនៅតែមានភាពកក់ក្ដៅ។ ពីមុនឲ្យតែដៃគូយើងទុកយើងចោល មិនសូវបានរវល់ជាមួយយើង យើងនឹងអន់ចិត្ត ខឹង ពិបាកចិត្ត តែនោះមកពីគេមិនមែនជាមនុស្សពិតប្រាកដក្នុងជីវិតយើង។ រហូតដល់ខ្ញុំជួបគេទើបខ្ញុំយល់ច្បាស់ពីអារម្មណ៍ស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ។ ការខឹង ការអន់ចិត្ត ការមិនសប្បាយចិត្តត្រូវបានកាត់បន្ថយអស់រលីងចេញពីចិត្តខ្ញុំ វានៅសល់តែការស្រឡាញ់ ការបារម្ភ ការយោគយល់គ្នា។
គេជាមនុស្សម្នាក់ដែលធ្វើឲ្យខ្ញុំលែងស្គាល់ភាពឯកាដូចពីមុន គេជាមនុស្សដែលធ្វើឲ្យខ្ញុំហ៊ានលះបង់ច្រើនសម្រាប់គេ ទាំងការប្រចណ្ឌ ការរករឿង ការមិនទុកចិត្ត ការគិតតែអារម្មណ៍ខ្លួនឯង និងលះបង់មនុស្សផ្សេងទៀតដែលចង់ចូលមកក្នុងជីវិតខ្ញុំ។ គេក៏ជាមនុស្សដែលធ្វើឲ្យបេះដូងខ្ញុំរំភើប ដោយមិនបាច់មានការ Surprise ធ្វើឲ្យបេះដូងខ្ញុំកក់ក្ដៅដោយមិនបាច់នៅជាមួយគ្នារាល់ថ្ងៃ និងធ្វើឲ្យបេះដូងខ្ញុំរីករាយដោយមិនបាច់និយាយគ្នារាប់ម៉ោង ហើយគេបានធ្វើឲ្យខ្ញុំក្លាយជាមនុស្សស្រីម្នាក់ដែលមានសុភមង្គលជាងគេ ដោយមិនបាច់បង្អួតអ្នកណាថាខ្ញុំមានគេ។
អរគុណដែលបានបង្ហាញវត្តមានក្នុងជីវិតខ្ញុំ អរគុណដែលមិនបានឲ្យខ្ញុំរង់ចាំអ្នកយូររហូតដល់ហួសពេល អរគុណដែលធ្វើឲ្យខ្ញុំយល់ពីស្នេហាក្នុងជីវិតពិតមួយ៕
ចុចអាន៖ជាមនុស្សស្រីថ្លៃថ្នូរម្នាក់ក្នុងរឿងស្នេហា គួរទម្លាប់ប្រកាន់ចរិតបែបនេះ