ខ្លួនឯងជាមនុស្សមានស្មារតីល្អ ឬមិនល្អ សង្កេតមើល ៥ ចំណុចនេះ
- 2018-03-27 01:40:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លួនឯងជាមនុស្សមានស្មារតីល្អ ឬមិនល្អ សង្កេតមើល ៥ ចំណុចនេះ
ចង់ក្លាយខ្លួនជាមនុស្សដែលមានស្មារតីល្អម្នាក់ មិនមែនជារឿងងាយស្រួលដែលនរណាៗក៏អាចធ្វើបាន។ វាត្រូវការការតស៊ូ អត់ធ្មត់ ហាត់ពត់លុតដុំខ្លួនយ៉ាងខ្លាំង ជាមួយបទពិសោធន៍ជាច្រើនទាំងល្អ ទាំងអាក្រក់ ដែលអ្នកតែងជួបប្រទះក្នុងជីវិត។ ប្រសិនចង់ដឹងថាតើរាល់ថ្ងៃនេះខ្លួនឯងរឹងមាំដល់កម្រិតណាហើយ រៀនសង្កេត ៥ ចំណុចខាងក្រោម។ ដរាបណាអ្នកមានគ្រប់ទាំងអស់ វាគឺជាសញ្ញាបញ្ជាក់ថា ផ្លូវចិត្តរបស់អ្នករឹងមាំល្អខ្លាំងបំផុត៖
១.អ្នកមិនសូវរអ៊ូរទាំច្រើន
ពេលជួបបញ្ហាម្ដងៗ អ្នកមិនដែលរអ៊ូរទាំ មួម៉ៅ ខឹង ឬបន្ទោសនរណាឡើយ។ អ្នកតែងព្យាយាមរកដំណោះស្រាយ ដើម្បីស្រោចស្រង់ស្ថានការណ៍ឲ្យបានលឿនបំផុត។ អ្នកផ្លាស់ប្ដូរតែអ្វីដែលអ្នកអាច ហើយរឿងដែលមិនអាចក៏ត្រូវបណ្ដោយតាមព្រហ្មលិខិតខ្លះ។ ការត្អូញត្អែរចំពោះអ្នក មិនអាចជួយអ្វីបាន ក្រៅពីបង្កបញ្ហាឲ្យរឹតតែវឹកវរខ្លាំងឡើងប៉ុណ្ណោះ។
២.គ្រប់គ្រងជីវិតខ្លួនឯងបានយ៉ាងល្អ
អ្នកមិនដែលបន្ទោសវាសនា ឬបុគ្គលណាម្នាក់ចំពោះរឿងអកុសលនានាដែលបានកើតឡើងលើអ្នកឡើយ រឹតតែមិនរំពឹងចង់បានការសង្គ្រោះពីមនុស្សដទៃដូចគ្នា។ ទោះបីពេលខ្លះមានមនុស្សជាច្រើនបើកដៃចាំជួយជ្រោមជ្រែង ប៉ុន្តែអ្នកនៅតែជ្រើសរើសធ្វើជាមនុស្សត្រួសត្រាយផ្លូវដើរដោយខ្លួនឯង ទទួលខុសត្រូវតែម្នាក់ឯង និងផ្លាស់ប្ដូរខ្សែជីវិតតាមអ្វីដែលខ្លួនឯងចង់បាន។
៣.មើលឃើញឧបសគ្គជាឱកាសរីកចម្រើន
អ្នកទទួលស្គាល់ថា មនុស្សគ្រប់រូបកើតមក តែងមានទុក្ខ គ្រាន់តែទុក្ខចំពោះរឿងផ្សេងគ្នា ដូច្នេះអ្នកគ្មានអ្វីត្រូវឈឺចាប់ ឬតូចចិត្តឡើយ។ ទោះជាស្ថិតក្នុងស្ថានភាពអាក្រក់ប៉ុណ្ណា អ្នកនៅតែអាចរក្សាជំហរ និងស្នាមញញឹមបានជានិច្ច។ ជីវិតកាន់តែលំបាក វាកាន់តែមានន័យ ពេលអ្នកទទួលបានជ័យជំនះ។ អ្នកផ្សេងប្រហែលខ្លាចរអាឧបសគ្គ ប៉ុន្តែអ្នកបែរជាឃើញវាជាឱកាសល្អក្នុងការពង្រឹងសមត្ថភាពខ្លួនឲ្យរឹតតែខ្លាំងឡើង។
៤.បោះចោលទម្លាប់អាក្រក់ៗ
មនុស្សរឹងមាំដឹងថាអ្វីដែលគួរប្រកាន់ខ្ជាប់ និងអ្វីដែលគួរបោះបង់ចោល ដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាមនុស្សដ៏ប្រសើរម្នាក់។ គ្រឿងស្រវឹង ល្បែងស៊ីសង ការញ៉ាំតាមចំណង់ ឬទង្វើឥតប្រយោជន៍ដទៃទៀត អ្នកមិនដែលយកខ្លួនបៀត។ ទោះជាអ្នកអាចថ្លោះធ្លោយ បណ្ដោយខ្លួនតាមគេតាមឯងម្ដងម្កាល ប៉ុន្តែអ្នកតែងត្រឡប់មកទម្លាប់ល្អវិញបានយ៉ាងលឿនបំផុត។
៥.រក្សាគោលជំហរផ្ទាល់ខ្លួន
អ្នកមិនឲ្យអំណាច ឬឥទ្ធិពលមនុស្សភាគច្រើន មកគ្របសង្កត់ ផ្ដួលរលំគោលជំហរផ្ទាល់ខ្លួនរបស់អ្នកបានឡើយ។ អ្នកសុខចិត្តដកខ្លួនចេញ ឈរតែម្នាក់ឯង ក៏មិនធ្វើរឿងក្បត់ឧត្ដមគតិ។ អ្នកគោរពគំនិតខ្លួនឯង បដិសេធអ្វីដែលខ្លួនមិនពេញចិត្ត និងមិនព្រមធ្វើជាកម្រាលព្រំឲ្យអ្នកណាម្នាក់ជាន់ឈ្លីបានជាដាច់ខាត៕
Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW
ចុចអាន៖បង្កើតសុភមង្គលឲ្យខ្លួនឯង ដោយធ្វើរឿងទាំងនេះ ទើបជីវិតនឹងសប្បាយរីករាយរហូត