ហេតុផល ៤ យ៉ាង​នេះ​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ​សំខាន់​ណាស់

  • 2018-03-21 01:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍ កសាង​គ្រួសារ​រួច​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​​តែងតែ​មាន​សម្ពាធ​ជាប់​ខ្លួន​ជា​និច្ច។ ដើម្បី​លើកស្ទួយ​ជីវភាព​​គ្រួសារ ទាំង​ប្ដី​ទាំង​ប្រពន្ធ​ប្រឹងប្រែង​ធ្វើ​ការ រក​ស៊ី រហូត​​លែង​​នឹកនា​ដល់​ការ​​សម្រាក លំហែ​អារម្មណ៍។ ដូចនេះ​អ្នក​គួរតែ​ធ្វើ​ដំណើរ​កម្សាន្ត​ជុំ​គ្រួសារ ដោយ​ផ្អែក​លើ​ហេតុផល​សំខាន់ ៤ យ៉ាង​នេះ៖

១.បង្កើន​ភាព​ស្និទ្ធស្នាល

ឪពុក​ម្ដាយ​រវល់​ជាមួយ​ការងារ ហើយ​កូន​ៗ​រវល់​ជាមួយ​ការ​សិក្សា​ ដូច្នេះ​ហើយ​អ្នក​ទាំង​អស់​គ្នា​ស្ទើរ​តែ​គ្មាន​ពេល​បាន​និយាយ​ជាមួយ​គ្នា​សោះ​​​ពេញ​មួយ​ថ្ងៃ។ ត្បិត​ថា​អ្នក​មាន​ថ្ងៃ​ចុង​សប្ដាហ៍ ប៉ុន្តែ​វា​នៅ​តែ​មិន​គ្រប់គ្រាន់​​ក្នុង​ការ​តាមដាន​រាល់​គ្រប់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​សមាជិក​ម្នាក់ៗ​ឡើយ។ ហេតុនេះ​ដំណើរ​កម្សាន្ត​ជុំ​គ្នា នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​​​របស់​អ្នក​ឲ្យ​កាន់​តែ​ស្និទ្ធស្នាល​ឡើង។

២.ជួយ​ឲ្យ​អ្នក​គ្រប់​គ្នា​បាន​សម្រាក​លំហែ​អារម្មណ៍

ដោយសារ​តែ​សម្ពាធ​​​ពី​ការងារ​ក្រៅ​ផ្ទះ ក្នុង​​ផ្ទះ ការ​មើល​ថែ​ទាំ​កូន​ចៅ អ្នក​ប្រហែល​ជា​ហត់​នឿយ​ខ្លាំង​ណាស់​​ទាំង​ផ្លូវ​កាយ ព្រម​ទាំង​ផ្លូវ​ចិត្ត​។ ចំណែក​កូន​ៗ ពួកគេ​ក៏​ធុញទ្រាន់​ជាមួយ​ការ​រៀន​សូត្រ​ដូច​គ្នា។ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​ធ្វើ​ឲ្យ​អារម្មណ៍​ជ្រះថ្លា​ឡើង​វិញ ដំណើរ​កម្សាន្ត​ជា​សកម្មភាព​ដែល​គ្រួសារ​ទាំង​ឡាយ​មិន​អាច​ខ្វះ​បាន។

៣.បង្កើត​កម្រង​អនុស្សាវរីយ៍​ល្អ​ៗ

អ្នក​​អាច​ថត​រូប​ជុំ​គ្រួសារ​ជា​ច្រើន ដើម្បី​រក្សា​ទុក​ជា​កម្រង​អនុស្សាវរីយ៍​​​ល្អ​ៗ​ជាមួយ​គ្នា។ ជឿ​ជាក់​ថា​យូរ​ឆ្នាំ​កន្លង​ផុត​ទៅ រូបថត​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ញញឹម សើច​​ក្អាកក្អាយ ព្រោះ​នឹក​ឃើញ​ដល់​សកម្មភាព​សប្បាយ​ៗ​ទាំង​អស់​នោះ​វិញ​ជាក់​ជា​មិន​ខាន។

៤.ទទួល​បាន​បទពិសោធន៍​ថ្មីៗ

ដំណើរ​កម្សាន្ត​ទៅ​តំបន់​ឆ្ងាយ​ៗ​ជួយ​ឲ្យ​អ្នក​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ទាក់ទង​នឹង​វប្បធម៌ ភាសា សង្គម ប្រវត្តិសាស្ត្រ ក៏​ដូចជា​របៀប​រស់នៅ​ប្លែកៗ​របស់​ប្រជាជន​នៅ​តំបន់​ទាំង​នោះ។ វា​ជួយ​ឲ្យ​ការ​យល់ដឹង​របស់​អ្នក​កាន់​តែ​ទូលំ​ទូលាយ។ ប្រសិន​អ្នក​មិន​ដែល​ចេញ​ទៅ​ណា​ទេ អ្នក​​ប្រៀប​បាន​ដូច​កង្កែប​ក្នុង​អណ្ដូង​អញ្ចឹង ទោះ​អ្នក​ណា​និយាយ​អ្វី ក៏​អ្នក​​គ្មាន​យោបល់​​ជជែក​ជាមួយ​គេ​ដែរ៕

ប្រភព​៖​famifi

ចុចអាន៖ចង់​ថតរូប​បែបគូស្នេហ៍ បែប​រ៉ូមែនទិច​ងងឹតៗ អាច​សាក Style នេះ​បាន

អត្ថបទ៖ អូន បញ្ញា