ចង់ដឹងថានាងស្រឡាញ់ ឬចាត់ទុកត្រឹមមិត្តធម្មតា មើលសញ្ញា១០យ៉ាងនេះ
- 2018-03-24 06:50:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងថានាងស្រឡាញ់ ឬចាត់ទុកត្រឹមមិត្តធម្មតា មើលសញ្ញា១០យ៉ាងនេះ
ដោយសារតែចរិតរួសរាយ រាក់ទាក់ពីកំណើតរបស់មនុស្សស្រី ពេលខ្លះមនុស្សប្រុសពិតជាពិបាកក្នុងការវិនិច្ឆ័យខ្លាំងណាស់ ថាតើនាងកំពុងតែចាប់អារម្មណ៍បែបស្នេហា ឬក៏រាប់អានខ្លួនត្រឹមជាមិត្តធម្មតា។ ប្រសិនអ្នកកំពុងស្ទាក់ស្ទើរ រារែក សង្ស័យខ្លាំង សូមរៀនសង្កេតសញ្ញាទាំង១០នេះ នោះអ្នកប្រាកដជាច្បាស់ថាតើនាងកំពុងមានអារម្មណ៍បែបណាចំពោះអ្នក៖
១. នាងតែងតែផ្ញើសារតបអ្នកវិញ
នាងមិនដែលអានសាររបស់អ្នក រួចទុកចោលរ៉ាប់ម៉ោង ដោយមិនឆ្លើយតបភ្លាមៗនោះទេ។ ទោះបីជានាងកំពុងរវល់ប៉ុណ្ណា ក៏នាងឆ្លៀតផ្ញើសារត្រឡប់ដោយមិនឲ្យអ្នករង់ចាំទាំងអន្ទះសាឡើយ។
**២. នាងប្រើប្រាស់កែវភ្នែកស្រទន់ សម្លឹងមើលអ្នក**
នាងតែងសម្លឹងមើលអ្នកស្ទើរតែគ្រប់ពេលនៅក្បែរគ្នា។ យូរៗម្ដងពេលអ្នកក្រឡេកចំភ្នែករបស់នាង នាងប្រញាប់ទម្លាក់ភ្នែកចុះភ្លាម ព្រោះអារម្មណ៍របស់នាងកំពុងភ័យ អៀនខ្មាស ជ្រួលច្របល់ខ្លាំង។
៣. ប៉ះពាល់រាងកាយអ្នក
ពេលខ្លះនាងប្រើកាយវិការបែបខ្នាញ់ ដោយក្ដិច ឬវាយអ្នកតិចៗ ពេលអ្នកនិយាយសម្ដីបែបកំប្លែងៗ។ ប្រសិននាងជានារីដែលមិនសូវមានភាពអៀនខ្មាសច្រើន នាងអាចហ៊ានកាន់ដៃ ច្របាច់ស្មា ឬដាក់ដៃនាងលើជង្គង់របស់អ្នកទៀតក៏មាន។
៤. ស្លៀកពាក់ស្អាតៗ
ទីណាដែលមានវត្តមានអ្នក នាងនឹងព្យាយាមតុបតែងខ្លួន ស្លៀកពាក់ឲ្យបានស្រស់ស្អាត និងលេចធ្លោខុសពីធម្មតា។ នាងធ្វើបែបនេះមិនមែនដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកតែម៉្យាងនោះទេ ប៉ុន្តែនាងកំពុងតែសាងភាពជឿជាក់ឲ្យខ្លួនឯងរឹតតែខ្លាំងឡើង។
៥. មិត្តភក្ដិរបស់នាងបញ្ចេញឫកពារចម្លែកៗ
នាងប្រហែលរៀបរាប់រឿងរ៉ាវជាច្រើនអំពីអ្នកប្រាប់ពួកគេ។ ហេតុនេះហើយទើបពេលជួបអ្នកម្ដងៗ ពួកគេតែងព្យាយាមសង្កេត តាមដាន សព្វគ្រប់បែបយ៉ាង ដើម្បីវិនិច្ឆ័យថាអ្នកជាមនុស្សល្អគ្រប់គ្រាន់ សក្ដិសមជាមួយមិត្តរបស់ពួកគេឬអត់។
៦. សួរនាំអំពីរឿងគូស្នេហ៍
ក្នុងកិច្ចសន្ទនា នាងឆ្លៀតសួរសំនួរទាក់ទងជាមួយភាពនៅលីវរបស់អ្នក។ នាងចង់ដឹងថាអ្នកពិតជាគ្មានសង្សារ ឬក៏កំពុងលួចស្រឡាញ់អ្នកណាដែរឬទេ។ ពេលទំនេរអ្នករៀបគម្រោងទៅណា និងជាមួយអ្នកណា នាងតែងជជីកសួរជានិច្ច។
៧. ចម្លងឥរិយាបថរបស់អ្នក
ព្រោះតែការពេញចិត្ត ស្ងើចសរសើរដ៏លើសលប់ចំពោះអ្នក នាងក៏ក្លាយខ្លួនជាហ្វេនងប់ងុលម្នាក់ទាំងមិនដឹងខ្លួន។ ជាឧទាហរណ៍ នាងចាប់ផ្ដើមប្រើប្រាស់ពាក្យសម្ដី ឬបញ្ចេញឥរិយាបថពិសេសៗ ដែលជាស្ទីលប្រចាំខ្លួនរបស់អ្នក។
៨. អ្នកជាមនុស្សកំប្លែង គួរឲ្យស្រឡាញ់ខ្លាំងសម្រាប់នាង
នាងតែងតែសើចក្អាកក្អាយចំពោះរឿងកំប្លែងនានា ដែលអ្នកនិយាយ។ ឲ្យតែរឿងទាំងនោះចេញពីមាត់របស់អ្នក នាងញញឹម សប្បាយចិត្តចំពោះការស្ដាប់ ព្រមទាំងផ្ទុះសំណើចសូម្បីតែរឿងដែលឆ្គងខ្លាំង មិនកំប្លែងសោះក៏មាន។
៩. ចាប់អារម្មណ៍ចំពោះចំណង់ចំណូលចិត្តរបស់អ្នក
តើនាងធ្លាប់ចាប់អារម្មណ៍រឿងបាល់ទាត់ពីមុនមកទេ? ឬក៏នាងផ្លាស់ប្ដូរខ្លាំងបែបនេះ ដើម្បីស្គាល់អ្នកឲ្យរឹតតែច្បាស់? ប្រសិនអ្នកសង្កេតឃើញថា ចំណង់ចំណូលចិត្តរបស់នាងចាប់ផ្ដើមស្រដៀងគ្នាជាមួយអ្នក ដូចជាការលេងហ្គេម ស្ទូចត្រីជាដើម ច្បាស់ណាស់ថានាងកំពុងលួចស្រឡាញ់អ្នកហើយ។
១០. រកលេសដើម្បីបានជជែកលេងជាមួយអ្នក
នាងចង់ជជែកលេងជាមួយអ្នកឲ្យបានច្រើនតាមតែអាចទៅរួច។ សូម្បីពេលខ្លះត្រឹមតែរឿងតូចតាច ឥតប្រយោជន៍សោះក៏នាងចេះតែលើកមកនិយាយដែរ។ ជាការពិត ទាំងអស់នេះសុទ្ធតែការប្រឹងប្រែងខ្លាំងរបស់នាង ក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីអ្នក៕
ចុចអាន៖បើស្រឡាញ់គ្នាយូរទៅមានអារម្មណ៍ថាធុញទ្រាន់ គួរតែធ្វើរឿងទាំងនេះឡើងវិញ