ទម្លាប់​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ម្នាក់ដ៏​រឹង​មាំ និង​រីករាយ​ តាម​គន្លឹះទាំង​នេះ

  • 2018-03-24 02:35:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាត់​ខ្លួន​ឯង​ឲ្យ​រឹងមាំ និង​រស់​នៅ​ដោយ​ភាព​រីករាយ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ ព្រោះ​ជីវិត​នេះ​ត្រូវ​តែ​មាន​សុខ និង​ទុក្ខ តែ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នោះ​គឺ​រស់​នៅ​ជាមួយ​សុខ​ឲ្យ​បាន​ច្រើន។ ខាង​ក្រោម​នេះ​ជា​វិធី​ដ៏​ល្អ​សម្រាប់​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​រឹងមាំ និង​រីករាយបាន ៖

១. ទទួល​យក​ខ្លួន​ឯង

គ្មាន​អ្នក​ណា​ល្អ​គ្រប់​ដប់​នោះ​ទេ ប្រហែល​ពេល​ខ្លះ​អ្នក​អន់​ចិត្ត​ អ្នក​មិន​សប្បាយ​ដែល​កើត​មក​មិន​ស្អាត មិន​ល្អ​ដូច​គេ ប៉ុន្តែ​អ្នក​ត្រូវ​បើក​ចិត្ត​​គិត​ថា​មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ចំណុច​ល្អ​រៀង​ៗខ្លួន។ មិន​ប្រាកដ​ថា​អ្នក​ដែល​ស្អាត​មាន​វាសនា​ល្អ​ឡើយ អ្វី​ដែល​សំខាន់​យើង​ចេះ​ទទួល​យក​ការពិត​ហើយ​រស់​នៅ​ដោយ​ក្ដី​ស្រឡាញ់​សម្រាប់​ខ្លួន​ឯង។

រូបតំណាង

**២. អភិវឌ្ឍខ្លួន**

នេះ​សម្ដៅ​លើ​រូបរាង​ខាង​ក្រៅ និង​ចរិត​មាយាទ​ខាងក្នុង​ព្រម​គ្នា​តែ​ម្ដង។ បើ​អ្នក​គិត​ថា​ខ្លួន​ឯង​មិន​សូវ​ស្អាត​ទេ ចាប់​ផ្ដើម​ថែខ្លួន រៀបចំខ្លួន​ឲ្យ​បាន​ស្អាត ដោយ​ហាត់ប្រាណ​យក​រាង​ស្អាត ថែរក្សា​សម្រស់​ឲ្យ​បាន​ល្អ និង​ផ្លាស់ប្ដូរ​របៀប​តែងខ្លួន។ លើសពី​នេះ ចរិតឬកពា​ក៏​ត្រូេះ​តែ​ចេះ​រៀបចំ​ឲ្យ​បាន​ល្អ​ដែរ មិន​មែន​ស្អាត​បាន​តែ​ខ្លួន​ឲ្យ​គេ​ដៀល​ថា​ចរិត​អន់។

៣. ប្រើ​ជីវិត​ឲ្យ​មាន​តម្លៃ

ការពិត​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​តម្លៃ​ អ្វី​ដែល​សំខាន់​តើ​អ្នក​ចេះ​ប្រើ​វា​ទេ? ទោះ​បី​ជា​អ្នក​មាន​ជីវិត​ដុន​ដាប​យ៉ាង​ណា​ក៏​ដោយ តែ​បើ​អ្នក​ចេះ​ស្វែង​រក​ផ្លូវ​ចេញហើយ​ចាត់​ទុក​ជីវិត​ខ្លួន​ឯង​មាន​តម្លៃ នោះ​អ្នក​នឹង​រីករាយ។ គ្មាន​អ្នក​ណា​អាច​ទាយ​ដឹង​ឡើយ​ថា​ថ្ងៃស្អែក​មាន​អ្វី​កើត​ឡើង ថ្ងៃ​ណា​មួយ​អ្នក​ប្រាកដ​ជា​អាច​ស្វែង​រក​ផ្លូវ​ជីវិត​មួយ​ដ៏​ប្រសើរ​បាន។

៤. បន្ត​ក្ដី​ស្រមៃ

អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ ទម្រាំ​ឈោង​ចាប់​ក្ដី​ស្រមៃ​ខ្លួន​ឯង​បាន​មិន​មែន​ងាយ​ស្រួល​នោះ​ទេ​ ដូច្នេះ​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ ទោះ​គ្មាន​អ្នក​ណា​លើក​ទឹក​ចិត្ត​អ្នក​ក៏​ដោយ។ ត្រូវ​ចាំ​ថា​គ្មាន​អ្នក​ណា​ល្អ​ដាក់​អ្នក​ជាង​អ្នក​ខ្លួន​ឯង​ទេ ក្រោកឡើង​ហើយ​បន្ត​នូវ​ក្ដី​ស្រមៃ​ដែល​ខ្លួន​ចង់​បាន។

រូបតំណាង

៥. ប្រឡូក​ក្នុង​ជីវិត​ការងារ

ការងារ​ណា​ក៏​បង្រៀន​អ្នក​ដែរ អ្នក​ធ្វើ​ការ​កាន់​តែ​ច្រើន​ អ្នក​កាន់​តែ​ស្គាល់​ពី​ខ្លួន​ឯង និង​សង្គម​មនុស្ស​កាន់​តែ​ច្បាស់។ ការងារ​បង្រៀន​អ្នក​ឲ្យ​រឹង​មាំ និងមាន​ថាមពល​ជីវិត​កាន់​តែ​ខ្លាំង​ ព្រោះ​ក្នុង​ជីវិត​ការ​ងារ​មាន​មនុស្ស​គ្រប់​ប្រភេទ ហើយ​បើ​អ្នក​មិន​ឈ្លាសវៃ​អ្នក​នឹង​អាច​រង​គ្រោះ​ដោយ​សារ​មនុស្ស​ទាំង​អស់​នោះ។

៦. ធ្វើ​ជា​មនុស្ស​ដែល​នៅ​កណ្ដាល

កុំ​ធ្វើ​ជា​មនុស្ស​ដែល​ដើរ​តាម​គេ បើ​គេ​ស្អប់​អ្នក​នេះ​ អ្នក​ក៏​ស្អប់​អ្នក​នេះ​ដែរ នោះ​អ្នក​គ្មាន​ថ្ងៃ​ល្អ​ឡើយ។ អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​នៅ​ផ្លូវ​កណ្ដាល កុំ​ឆាប់​ជឿ កុំ​ឆាប់​ស្ដាប់​អ្នក​ណា​ពេក ត្រូវ​ចេះ​សម្រប​ខ្លួន​ និង គិត​ពី​ការ​ពិត​ឲ្យ​បាន​ត្រឹម​ត្រូវ។

៧. រៀន​បំភ្លេច​ និង​អភ័យទោស

បើ​អាច​គួរ​តែ​រៀន​បំភ្លេច​រឿង​រ៉ាវ​មិន​ល្អៗ​ចោល​ខ្លះ​ទៅ ព្រោះ​ខួរក្បាល​អ្នក​មិន​មែន​ជាធុង​សម្រាម​ឡើយ។ ការ​បំភ្លេច​ចោល និង​ការ​អភ័យទោស​បាន​ជួយ​ឲ្យ​ជីវិត​អ្នក​ស្រស់ស្អាត មិនស្មុគស្មាញ និង​ឈឺចាប់​ដោយសារ​រឿង​ដែល​មិន​ល្អ​ចូល​មក​ក្នុង​ជីវិត។

រូបតំណាង

រស់​នៅ​ដោយ​ក្ដី​ស្រឡាញ់ រស់​នៅ​ដោយ​សេចក្ដី​ល្អ នោះ​ជីវិត​រីករាយ​ពេក​ណាស់​ទៅ​ហើយ៕

ចុចអាន៖មនុស្ស​ស្រី​ឆ្លាត​បែប​ទាន់​សម័យ ​និង​ថ្លៃ​ថ្នូរ​ក្នុង​ភ្នែក​អ្នក​ដទៃ គប្បីប្រកាន់ខ្ជាប់រឿងទាំងនេះ

អត្ថបទ៖ ផេង ផលធិតា