មនុស្សស្រីឆ្លាតបែបទាន់សម័យ និងថ្លៃថ្នូរក្នុងភ្នែកអ្នកដទៃ គប្បីប្រកាន់ខ្ជាប់រឿងទាំងនេះ
- 2018-03-23 09:02:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីឆ្លាតបែបទាន់សម័យ និងថ្លៃថ្នូរក្នុងភ្នែកអ្នកដទៃ គប្បីប្រកាន់ខ្ជាប់រឿងទាំងនេះ
តម្លៃរបស់មនុស្សឋិតនៅលើអាកប្បកិរិយាថ្លៃថ្នូរដែលធ្វើឲ្យអ្នកដទៃស្រឡាញ់រាប់អាន។ រីឯភាពឆ្លាតវៃ ក៏ជាអ្វីដែលធ្វើឲ្យអ្នកក្លាយខ្លួនជាមនុស្សពិសេសក្នុងភ្នែកអ្នកដទៃផងដែរ។ ដូច្នេះ ដើម្បីក្លាយជាមនុស្សស្រីទាំងឆ្លាត និងថ្លៃថ្នូរក្នុងកែវភ្នែកអ្នកដទៃ តើអ្នកគួរគប្បីមានចំនុចអ្វីខ្លះ?
១. មិនបញ្ចេញអារម្មណ៍ខុសកាលៈទេសៈ៖ អ្នកដឹងថាពេលណាគួរបញ្ចេញអារម្មណ៍បែបណា មិនមែនចង់សើចចេះតែសើច ឬចង់យំក៏ចេះតែយំទេ។ ការធ្វើបែបនេះក៏ជួយរក្សាតម្លៃមិនឲ្យអ្នកដទៃហ៊ានមាក់ងាយផ្តេសផ្តាសមកលើយើងដែរ។
**២. ទទួលការរិះគន់មានប្រយោជន៍៖** បើមាននរណាម្នាក់រិះគន់ថាយើងមិនល្អ យើងអាចទទួលយកពាក្យទាំងនោះបាន លុះត្រាតែយើងមានចំនុចដូចដែលគេនិយាយនោះពិតមែន។ ប៉ុន្តែបើយើងមិនបានធ្វើដូចដែលមាត់គេនិយាយទេ កុំខ្វល់ច្រើន ស្តាប់ចូលត្រចៀកម្ខាង ហើយជះចោលទៅត្រចៀកម្ខាងទៀតទៅ។ ពាក្យមុសាទាំងនោះគ្មានបានប្រយោជន៍អ្វីក្រៅពីបំផ្លាញសតិអារម្មណ៍យើងឡើយ ដូច្នេះគួរកុំយកចិត្តទុកដាក់ជាមួយវាខ្លាំងពេក។
៣. មិនកំណាញ់ចំពោះខ្លួនឯង៖ នេះសំដៅលើការចំណាយប្រាក់ទៅលើការរស់នៅប្រចាំថ្ងៃ។ អ្នកមិនគួរមានចរិតកំណាញ់ រិះស្វិត មិនហ៊ានចំណាយលើការតម្រូវការរបស់ខ្លួនខ្លាំងពេកទេ។ ខំប្រឹងធ្វើការរកលុយ ក៏ត្រូវឆ្លៀតពេលលំហែខួរក្បាលខ្លួនឯងខ្លះ ត្រូវការរបស់របរចាំបាច់ប្រើប្រាស់ក៏ត្រូវទៅទិញ។
៤. ប្រយ័ត្នសម្តីសំដៅ៖ សុភាសិតខ្មែរតែងពោលថា «អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងក៏ព្រោះអណ្តាត»។ អ្នកអាចរងគ្រោះបានគ្រប់ពេលដោយសារការនិយាយស្តី បើខ្ជាក់ចេញមកហើយគឺមិនអាចលេបចូលវិញបានទេ ដូច្នេះគួរមានការប្រុងប្រយ័ត្ន និយាយអ្វីដែលគួរនិយាយ ហើយនិយាយឲ្យត្រូវពេលផង។
៥. មិនប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ៖ វេបសាយកញ្ញា តែងតែលើកយកមកនិយាយជារឿយៗអំពីបញ្ហានេះ ការប្រៀបធៀបខ្លួនទៅនឹងអ្នកដទៃ ធ្វើឲ្យជីវិតរស់មិនបានសុខ គ្មានសុភមង្គល មានតែការច្រណែននិងភាពក្តៅក្រហាយប៉ុណ្ណោះ។ ជីវិតមនុស្សគ្មាននរណាល្អគ្រប់ដប់ទេ ដូច្នេះគួរបង្កើតរបៀបរស់នៅមួយសម្រាប់ខ្លួនឯង ទោះបីវាជាជីវិតខុសពីអ្នកដទៃ តែអ្នកអាចធ្វើអ្វីដែលខ្លួនចង់ធ្វើបាន។
៦. ទម្លាប់អានពេលទំនេរ៖ មនុស្សស្រីមិនមែនវិលចង្រ្កានមិនជុំដូចសម័យមុនទេ គួរស្វែងយល់អំពីចំណេះដឹងផ្សេងៗឲ្យបានច្រើនតាមរយៈការអាន ជាជាងយកពេលទំេនរទៅយកសំរាមមកដាក់ខួរក្បាល។
៧. ជៀសវាងកំហុសច្រំដែល៖ ការសាងកំហុសគឺជាមេរៀន ព្រោះបើមិនឃើញខុសក៏មិនអាចរកត្រូវឃើញដែរ តែសូមកុំឲ្យរឿងនោះកើតឡើងច្រំដែលទៀតឲ្យសោះ។ «អ្នកមិនខុសទេ បើសិនធ្វើឲ្យខ្លួនឯងមានកំហុស ប៉ុន្តែអ្នកនឹងមានខុសពេលដែលធ្វើឲ្យខ្លួនឯងមានកំហុសចំពោះរឿងដដែលម្តងទៀត»៕
ចុចអាន៖៥ជំហានដើម្បីការសម្រេចចិត្តដ៏វៃឆ្លាត និងត្រឹមត្រូវជាងមុន