៥​សញ្ញា​បញ្ជាក់​ថា​​​វិបត្តិ​​ស្នេហា​កំពុង​បំផ្លាញ​សុខភាព​អ្នក​យ៉ាង​​​​​​ធ្ងន់ធ្ងរ

  • 2018-03-16 02:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​គឺ​ជា​ប្រភព​នៃ​​សុភមង្គល ប្រសិន​​អ្នក​ជួប​ដៃ​គូ ឬ​ទំនាក់ទំនង​ដែល​សម​ប្រកប​។ ផ្ទុយ​ទៅ​វិញ ប្រសិន​អ្នក​សំណាង​អាក្រក់ ជួប​ស្នេហា​ដែល​ផ្ដល់​ទុក្ខ​លំបាក ច្រើន​ជាង​សេចក្ដី​សុខ នោះ​អ្នក​​នឹង​ក្លាយ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​តានតឹង ធុញថប់​ ជាក់​ជា​​មិន​ខាន​។ ហេតុនេះ​អ្នក​ត្រូវ​រួសរាន់​ដោះស្រាយ​បញ្ហា​សុខភាព​ដែល​បង្ក​ពី​​វិបត្តិ​នេះ​ជា​បន្ទាន់​ ប្រសិន​អាការៈ​ទាំង​៥​ខាង​ក្រោម​នេះ​លេច​ឡើង​​៖​

១. ជំងឺ​ក្រពះ​ពោះវៀន​

ភាព​ធុញថប់ មួម៉ៅ​រាល់​ថ្ងៃ ធ្វើ​ឲ្យ​អ្នក​​ប្រឈម​មុខ​ជាមួយ​បញ្ហា​ក្រពះ​ពោះវៀន​ដូចជា ឧស្សាហ៍​ឈឺ​​ពោះ ក្អួត​ចង្អោរ ប្រពន្ធ​រំលាយ​អាហារ​ដំណើរ​ការ​មិន​ល្អ ឬ​​ប្រសិន​ដល់​កម្រិត​ធ្ងន់ធ្ងរ អ្នក​អាច​កើត​ជំងឺ​​ដំបៅ​ក្រពះ​ជា​ដើម​។​

២. ញៀន​ថ្នាំ ឬ​គ្រឿង​ស្រវឹង​

អ្នក​ជ្រើសរើស​យក​ផ្លូវ​សប្បាយ​មួយ​ពេល​ដោយ​ការ​ប្រើប្រាស់​គ្រឿង​ញៀន ឬ​គ្រឿង​ស្រវឹង​ ដើម្បី​បន្លប់​ទុក្ខសោក​មួយ​គ្រា​។ ថ្នាំ​ញៀន និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ មិន​ត្រឹម​តែ​បំផ្លាញ​សុខភាព​អ្នក វា​ថែម​ទាំង​បំផ្លាញ​អនាគត​របស់​អ្នក​ទាំង​មូល​​ថែម​ទៀត​ផង​។​

៣. គេង​មិន​គ្រប់គ្រាន់​

អ្នក​​មាន​បញ្ហា​គេង​មិន​សូវ​លក់ ​តែងតែ​ភ្ញាក់​ញឹកញាប់​ និង​ត្រូវ​បញ្ឈរ​ភ្នែក​ទើស​ភ្លឺ​ស្ទើរ​រាល់​យប់​ ព្រោះ​តែ​អ្នក​ពិបាក​ចិត្ត​ចំពោះ​រឿង​ស្មុគស្មាញ​គ្រប់​​​បែប​យ៉ាង​នោះ​។ នៅ​ពេល​ថ្ងៃ អ្នក​ក៏​ត្រូវ​អស់​កម្លាំង ល្ហិតល្ហៃ ដោយសារ​តែ​រាងកាយ​របស់​អ្នក​មិន​បាន​សម្រាក​គ្រប់គ្រាន់​។

៤. ប្រពន្ធ​ការពារ​រាងកាយ​ចុះ​ក្រោយ​

មនុស្ស​ដែល​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ ឧស្សាហ៍​ឈឺ​ខ្លាំង​ណាស់​។ អ្នក​មិន​សូវ​នឹកនា​រឿង​ថែ​សុខភាព លំហាត់​ប្រាណ ឬ​របប​អាហារ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ហ្មត់ចត់​ដូច​ពី​មុន​ឡើយ​ ដូច្នេះ​នៅ​ពេល​ដែល​​រាងកាយ​អ្នក​ខ្វះ​វីតាមីន ប្រពន្ធ​ការពារ​រាងកាយ​អ្នក​ក៏​​ចុះ​ខ្សោយ​ដូច​គ្នា​។​

៥. កើត​មុន​

ភាព​តានតឹង ធុញថប់ ជំរុញ​ឲ្យ​អ័រម៉ូន​របស់​អ្នក​​ផលិត​ខុស​ប្រក្រតី​។ អ្នក​​នឹង​សង្កេត​ឃើញ​ផ្ទៃ​មុខ​របស់​អ្នក​​ឡើង​​ខ្លាញ់​ច្រើន កើត​មុន ព្រម​ទាំង​មាន​ស្នាម​ជាំ​លេច​ចេញ​ច្រើន​ខុស​ពី​ធម្មតា​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ប្រហែល​​ជា​រំសាយ​អារម្មណ៍​ដោយ​ការ​​​កេស ឬ​ញេច​មុន​ទាំង​នោះ រហូត​ធ្វើ​ឲ្យ​ស្ថានភាព​រឹត​តែ​យ៉ាប់​ខ្លាំង​ឡើងៗ​ ៕

ចុចអាន៖

ប្រភព៖ powerofpositivity ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម