មនុស្សមានការចងចាំល្អខ្លាំងពេក ក៏អាចមានទុក្ខច្រើនជាងគេដែរ
- 2018-03-13 07:02:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សមានការចងចាំល្អខ្លាំងពេក ក៏អាចមានទុក្ខច្រើនជាងគេដែរ
ពេលខ្លះមនុស្សយើងមានទុក្ខក៏ព្រោះតែមានការចងចាំល្អខ្លាំងពេក។
ព្រហ្មលិខិតចូលចិត្តលេងសើចជាមួយមនុស្សជានិច្ច។ នៅពេលយើងចាប់ផ្ដើមអស់សង្ឃឹម គឺប្រាកដជាមានអ្វីមួយកើតឡើងជំរុញចិត្តយើងឲ្យតស៊ូបន្ត នៅពេលដែលយើងជួបរឿងសមបំណង រមែងមានអ្វីមួយធ្វើឲ្យយើងខូចចិត្ត ដើម្បីកុំឲ្យយើងត្រេកត្រអាលខ្លាំងពេក។
គ្មានអ្នកណាបានអ្វីដូចបំណងមួយជីវិតនោះទេ ហើយក៏គ្មានអ្នកណាត្រូវខកបំណងមួយជាតិដែរ។ បើដឹងហើយគ្មានអ្នកណាអាចគ្រប់គ្រងគ្រប់យ៉ាងបានទេ ដូច្នេះកុំបាច់ព្យាយាមស្វះស្វែងគ្រប់យ៉ាង មកឲ្យជីវិតមានសម្ពាធច្រើនពេក។
យើងមិនអាចជ្រើសរើសថាមិនឲ្យរឿងរ៉ាវផ្សេងៗកើតឡើងលើខ្លួនយើងបានឡើយ ប៉ុន្តែយើងអាចជ្រើសរើសបានថា យើងនឹងដោះស្រាយជាមួយវាដោយវិធីណា។
នៅក្នុងជីវិតរបស់មនុស្ស៖
មានអាថ៌កំបាំងខ្លះ ដែលមិនអាចនិយាយឲ្យអ្នកណាស្ដាប់បាន
មានកំហុសឆ្គងខ្លះ ដែលយើងមិនអាចត្រលប់ទៅកែខៃបាន
មានក្ដីស្រមៃខ្លះ ដែលមិនអាចក្លាយជាការពិតបាន
មានក្ដីស្រឡាញ់ខ្លះ ដែលមិនអាចបំភ្លេចចោលបាន
ដូច្នេះហើយ ត្រូវរៀនរំពឹងលើអ្នកដទៃឲ្យបានតិច ដូច្នេះយើងនឹងមិនខកចិត្តច្រើន។ ធ្វើអ្វីៗដោយខ្លួនឯងឲ្យបានច្រើន នោះយើងនឹងមិនស្ដាយក្រោយទៅអនាគត។
ទទួលយកពាក្យសម្ដីកុហក ស្ងប់ចិត្ត អត់ធន់ឲ្យបាននៅពេលត្រូវគេបោកប្រាស់ បំភ្លេចចោលនូវពាក្យសន្យារបស់អ្នកដទៃ ព្រោះអ្វីដែលផុតពីដៃយើង គឺលែងជារបស់យើងហើយ កុំបាច់អាឡោះអាល័យច្រើន។
ភាពជឿទុកចិត្តប្រៀបដូចជាកាំបិតដែលយើងប្រគល់ឲ្យទៅអ្នកដទៃ ដោយគេមានជម្រើសពីរយ៉ាង មួយគឺយកមកការពារយើង មួយទៀតគឺត្រលប់យកមកចាក់យើងវិញ។
កុំភ្លេចពាក្យសម្ដីរបស់អ្នកដទៃដែលនិយាយនៅពេលគេខឹង ព្រោះភាគច្រើនវាតែងជាការពិត ដែលពួកគេមិនហ៊ាននិយាយពេលមានអារម្មណ៍ធម្មតា។
មូលហេតុធំដែលនាំឲ្យមនុស្សយើងហត់ចិត្ត គឺដោយសារមិនអាចសម្រេចចិត្តបានថា ត្រូវតស៊ូទៅមុខ ឬបោះបង់។
មូលហេតុធំដែលនាំឲ្យយើងគ្មានក្ដីសុខ មិនមែនដោយសារយើងមានតិច ប៉ុន្តែគឺដោយសារ យើងចង់បានច្រើន។
មូលហេតុធំដែលនាំឲ្យយើងកើតទុក្ខ គឺដោយសារយើងមានការចងចាំល្អខ្លាំងពេក ដូច្នេះអ្វីដែលមិនគួរចាំ គួរតែបំភ្លេចចោលខ្លះ។ ភ្លេចខ្លះ ចាំខ្លះ ទើបជីវិតរបស់យើងអាចមានក្ដីសុខនឹងគេ ៕
ចុចអាន៖
កុំប្រហែស! មនុស្ស ៨ប្រភេទនេះអនាគតអាចក្រដុនដាប បើមិនព្រមកែប្រែ
ទង្វើ ៣យ៉ាងដែលអ្នកគ្រប់គ្រងគួរធ្វើ ពេលបុគ្គលិកមានជម្លោះផ្ទៃក្នុង