ចង់ឲ្យមិត្តប្រុសចេះប្រចណ្ឌភ្លាមៗ នារីៗគួរប្រើវិធីសាស្ត្រ ៤យ៉ាងខាងក្រោម
- 2018-03-11 03:36:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យមិត្តប្រុសចេះប្រចណ្ឌភ្លាមៗ នារីៗគួរប្រើវិធីសាស្ត្រ ៤យ៉ាងខាងក្រោម
ស្រឡាញ់គ្នាយូរទៅ ខាងប្រុសចេះតែបានចិត្តទៅៗ ដោយសារតែអ្នកផ្ដល់ក្ដីស្រឡាញ់លើសលប់ចំពោះគាត់ពេក។ គាត់ជឿជាក់លើស្នេហាអ្នកខ្លាំង រហូតលែងខ្វល់ អើពើចំពោះអ្នក ព្រោះគាត់ដឹងច្បាស់ថាអ្នកមិនអាចឈប់ស្រឡាញ់គាត់បានឡើយ។ ប្រសិនបើអ្នកកំពុងតែនៅក្នុងស្ថានភាពបែបនេះ ហើយកំពុងស្វែងរកវិធីងាយៗដើម្បីទាញចំណាប់អារម្មណ៍គាត់ឲ្យមកប្រចណ្ឌ ហួងហែងអ្នកជាថ្មី តោះសាក់ប្រើវិធីសាស្ត្រទាំង ៤ខាងក្រោម៖
១. តែងខ្លួនឲ្យស្អាត
ជ្រើសរើសសម្លៀកបំពាក់ថ្មីដែលអ្នកទើបនឹងទិញ ផាត់មុខ ធ្វើម៉ូដសក់ លាបក្រែមមាត់ពណ៌ក្រហមបែបសិចស៊ី រួចចាប់ផ្ដើមទៅនិយាយលេងសើចជាមួយមនុស្សប្រុសណាម្នាក់ ដែលអាចជាមិត្តរបស់គាត់ ឬមនុស្សដែលគាត់ស្អប់កាន់តែល្អ។ អ្នកគួរតែធ្វើវានៅចំពោះមុខគាត់ ហើយប្រសិនអ្នកអាចប្រាប់គម្រោងរបស់អ្នកទៅបុរសទីបីឲ្យដឹងជាមុន ធានាថាការសម្ដែងនោះរឹតតែស៊ីចង្វាក់គ្នាឥតទាស់។
**២. បបួលមិត្តភក្ដិស្រីៗជប់លៀងជុំគ្នា រួចកុំប្រាប់គាត់ថានៅកន្លែងណា**
អ្នកគ្រាន់តែខលដើម្បីជូនដំណឹងប្រាប់គាត់ថា យប់នេះអ្នកនិងមិត្តរបស់អ្នកមានកម្មវិធីជួបជុំគ្នា ដូច្នេះមិនបាច់បារម្ភពីអ្នកទេ។ អ្នកត្រូវនិយាយឲ្យខ្លីៗ កុំរៀបរាប់លំអិត និងហាមប្រាប់គាត់ថានៅកន្លែងណា រួចបិតទូរស័ព្ទឲ្យលឿន។ យូរៗសប្បាយម្ដង វាមិនមែនជារឿងខុសទាស់ខ្លាំងនោះទេ។ បន្ទាប់ពីត្រឡប់មកដល់ផ្ទះវិញ កុំភ្លេចខលទៅអួតគាត់ថា អ្នកពិតជាសប្បាយខ្លាំងណាស់ថ្ងៃនេះ។
៣. ធ្វើខ្លួនឲ្យរវល់
គាត់ប្រហែលធ្លាប់រអ៊ូរទាំដាក់អ្នកឲ្យឈប់ខល ឬផ្ញើសារទៅរំខានគាត់ញឹកញាប់ពេក ដោយសារតែគាត់រវល់។ ដូច្នេះវាដល់ពេលដែលអ្នកត្រូវធ្វើជាមនុស្សរវល់វិញម្ដង។ មួយថ្ងៃខល ឬផ្ញើសារតែម្ដងបានហើយ ប្រសិនបើគាត់ខលសួរនាំ អ្នកត្រូវប្រាប់ថា អ្នករវល់ខ្លាំងដូចគ្នាមួយរយៈនេះ។ រង់ចាំមើលលទ្ធផលមួយអាទិត្យ ហាមដាច់ខាតកុំបញ្ឈប់មុន ឬអូសបន្លាយលើសរយៈពេលកំណត់នេះឲ្យសោះ។
៤. ឈប់ខ្វល់ពីគាត់ខ្លាំងដូចមុន រាល់ពេលគាត់ប្រាប់ថាទៅស៊ីផឹកជាមួយមិត្តភក្ដិម្ដងៗ អ្នកអង្គុយមើលម៉ោង រួចខលរាប់រយដងស្ទើរបែកទូរស័ព្ទ ដើម្បីគ្រាន់តែសួរគាត់ថាពេលណាបានចូលផ្ទះប៉ុណ្ណោះ។ ដោយសារតែអ្នកតែងតែខ្វល់បែបនេះហើយ បានជាគាត់ចេះតែបានចិត្ត និងធុញជាមួយអ្នករាល់ថ្ងៃ។ ដូច្នេះសាក់ប្ដូរមកជាមនុស្សស្រីដែលរឹងមាំ កុំអើពើជាមួយគាត់ច្រើនពេក។ បើគាត់ស្រឡាញ់អ្នកមែន គាត់ប្រាកដជាសង្កេតដឹងអំពីអកប្បកិរិយាចម្លែករបស់អ្នក ហើយមកសួរនាំរកមូលហេតុពីអ្នកជាក់ជាមិនខាន។
ជារួម គ្រាន់តែទាមទារការយកចិត្តទុកដាក់ពីគូស្នេហ៍បន្តិចបន្តួច វាមិនមែនជារឿងខុសឆ្គងធ្ងន់ធ្ងរទេ ដរាបណាអ្នកចេះគ្រប់គ្រងទង្វើខ្លួនឯង កុំឲ្យជ្រុលខ្លាំង លើសព្រំដែនកំណត់ទៅបានហើយ៕
ចុចអាន៖គេចាកចេញក៏ល្អ! នេះជាហេតុផលដែលត្រូវអរគុណ ពេលគេដើរចេញពីអ្នក