មិន​មែន​ការ​ចាប់​អារម្មណ៍​ធម្មតាៗ​ ប៉ុន្តែ​​ជា​ស្នេហ៍​ពិត​ បើ​អ្នក​​ឃើញ​សញ្ញា​ទាំង​៥​នេះ

  • 2018-03-06 02:19:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​លង់​ស្រឡាញ់​​គេ​អស់​ប៉ុន្មាន​នាក់​ហើយ រហូត​មក​ដល់​ពេល​នេះ​? តើ​អ្នក​ធ្លាប់​សង្ស័យ​​​​​ថា ប្រហែល​ខ្លួន​គ្រាន់​តែ​​ត្រូវការ ចង់​បាន​​ ងប់ងុល​ ឬ​ឈ្លក់​វង្វេង​មួយ​ពេល​​ ព្រោះ​ឃើញ​គេ​ល្អ​ខ្លាំង ហើយ​មិន​មែន​ជា​ក្ដី​ស្រឡាញ់​ពិត​ប្រាកដ​ដែរ​ឬ​ទេ​?​​ ​ប្រសិន​បែប​នេះ​មែន តោះ​ទៅ​ស្វែងយល់​​ឲ្យ​កាន់​តែ​ច្បាស់​អំពី​សញ្ញា​នៃ​​ស្នេហ៍​ពិត​ទាំង​៥​ចំណុច​ខាង​ក្រោម​ ដើម្បី​យក​មក​វិនិច្ឆ័យ​​ឡើង​វិញ​ទាំង​អស់​គ្នា​៖​

១. អ្នក​តែងតែ​សម្លឹង​មើល​មុខ ឬ​ភ្នែក​របស់​​គេ​

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា មនុស្ស​ដែល​​ចាប់​អារម្មណ៍​លើ​អ្នកណា​ម្នាក់ រួច​តែង​សម្លឹង​មើល​រាងកាយ​របស់​គេ គឺ​ជា​មនុស្ស​ដែល​កំពុង​​មាន​ចំណង់​ផ្លូវ​ភេទ​ប៉ុណ្ណោះ​។ ផ្ទុយ​ទៅ​វិញ ប្រសិន​អ្នក​តែង​សម្លឹង​មើល​មុខ ឬ​ភ្នែក​របស់​​​គេ​ ច្បាស់​ណាស់​ថា​វា​គឺ​ជា​ស្នេហា​​​ដែល​កើត​ចេញ​ពី​ចិត្ត​របស់​អ្នក​ពិតៗ​។​

រូបតំណាង

**២. អ្នក​ស្ម័គ្រ​​ចិត្ត​​លះបង់​ដើម្បី​​គេ​**

ទាំង​ពេល​វេលា លុយ​កាក់ ឬ​ក៏​​ទឹក​ចិត្ត អ្នក​អាច​លះបង់​គ្រប់​យ៉ាង​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​គេ​។ ឲ្យ​តែ​គេ​ហា​មាត់​ពឹងពាក់​អ្វី​មួយ អ្នក​​មិន​ដែល​រារែក​ចិត្ត ឬ​បដិសេធ​ម្ដង​ណា​ឡើយ​។ នេះ​ជា​ក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ ព្រោះ​អ្នក​មិន​ចង់​បាន​អ្វី​តប​ស្នង​ឡើយ ក្រៅ​ពី​ចង់​ឃើញ​គេ​ញញឹម សប្បាយ​ចិត្ត​ដោយសារ​ទង្វើ​ល្អ​របស់​អ្នក​។​

៣. អ្នក​ប្រើ​ពាក្យ “ពួក​យើង” ជំនួស​ពាក្យ “ខ្ញុំ​”

មនុស្ស​ដែល​ស្រឡាញ់​គេ​ខ្លាំង តែងតែ​ប្រើ​ពាក្យ ​​“ពួក​យើង” ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​រឹត​តែ​ស្និទ្ធស្នាល​ និង​​ល្អូកល្អើន​លើស​ពី​មិត្ត​ធម្មតា​។ ឧទាហរណ៍៖ តើ​ពួក​យើង​អាច​ទៅ​មើល​កុន​ជាមួយ​គ្នា​នៅ​ចុង​សប្ដាហ៍​នេះ​បាន​ទេ? តើ​អ្នក​អាច​ទៅ​មើល​កុន​ជាមួយ​ខ្ញុំ​​នៅ​ចុង​សប្ដាហ៍​នេះ​បាន​ទេ​? រវាង​ប្រយោគ​ពីរ​នេះ ប្រយោគ​ទី​មួយ​ពិត​ជា​បង្ហាញ​ភាព​ផ្អែមល្ហែម​ និង​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​ខ្លាំង​​​ជាង​ដាច់​។

រូបតំណាង

៤. មិន​​ប្រកាន់​ជាមួយ​ភាព​ទន់ជ្រាយ ផ្ដេកផ្ដួល​របស់​គេ​

ពី​មុន​អ្នក​អាច​ជា​មនុស្ស​ដែល​​ចូលចិត្ត​ភាព​ឯករាជ្យ រឹងមាំ ម្ចាស់ការ និង​ត្រូវការ​សេរីភាព​ផ្ទាល់​ខ្លួន​ខ្លាំង​បំផុត​ ដូច្នេះ​មនុស្ស​បែប​ទន់ជ្រាយ ម្ញ៉ិកម្ញ៉ក់ ចូលចិត្ត​ពឹងពាក់ ឬ​រំខាន​​​គេ គឺ​អ្នក​ស្អប់​បំផុត​។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ជួប​ស្នេហ៍​ពិត អ្នក​បែរ​ជា​មនុស្ស​ដែល​លែង​ប្រកាន់​ជាមួយ​រឿង​បែប​នេះ​ត​ទៅ​ទៀត​ ព្រោះ​ឥទ្ធិពល​​ក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​គេ​គឺ​ធំធេង​ខ្លាំង​ រហូត​បាត់​ជិត​អស់​គំនិត​ទាំង​នោះ​។

រូបតំណាង

៥. នៅ​សុខៗ​ក៏​ស្រាប់​តែ​ចេះ​នឹក​គេ​ គ្រាន់​តែ​មិន​បាន​ជួប​គេ​មួយ​រយៈ​សោះ​ អ្នក​អន្ទះសា​ក្នុង​ចិត្ត​ ព្រោះ​តែ​ក្ដី​នឹក​​រលឹក​គេ​យ៉ាង​ខ្លាំង​​​។ រាល់ថ្ងៃ មិន​ថា​ពេល​ញ៉ាំ​បាយ ធ្វើការ ឬ​លំហែ​កាយ អ្នក​មិន​ដែល​ភ្លេច​គេ​មួយ​​វិនាទី​​ណា​ឡើយ​។ អារម្មណ៍​​ចង់​ជួប ចង់​ក្បែរ ចង់​និយាយ​ជាមួយ​ ព្រម​ទាំង​នឹក​រលឹក​គ្រប់​ពេល​បែប​នេះ​​កើតឡើង​នៅ​ពេល​ដែល​អ្នក​បាន​ជួប​ស្នេហ៍​ពិត​​ប៉ុណ្ណោះ​៕

ចុចអាន៖មូលហេតុ​ចម្បង​ ៧​យ៉ាង បណ្ដាល​ឲ្យ​​ជីវិត​ប្ដី​ប្រពន្ធ​ឈាន​ដល់​ការ​លែងលះ​​គ្នា​

ប្រភព៖ powerofpositivity ប្រែសម្រួល៖ អូន បញ្ញា