មូលហេតុចម្បង ៧យ៉ាង បណ្ដាលឲ្យជីវិតប្ដីប្រពន្ធឈានដល់ការលែងលះគ្នា
- 2018-03-04 04:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុចម្បង ៧យ៉ាង បណ្ដាលឲ្យជីវិតប្ដីប្រពន្ធឈានដល់ការលែងលះគ្នា
ស្រឡាញ់គ្នា រៀនស្គាល់ពីគ្នា កសាងអនុស្សាវរីយ៍ជាមួយគ្នា ចំណាយពេលវេលា កម្លាំងកាយចិត្តយ៉ាងច្រើនដើម្បីគ្នា ទើបទីបំផុតសម្រេចចិត្តរៀបការជាមួយគ្នា។ ប៉ុន្តែអ្នកណាទៅទាយដឹងថា អ្នកទាំងពីរប្រាកដជារស់នៅចុះសម្រុង និងមានសុភមង្គលជាមួយគ្នាជារៀងរហូតនោះ? យ៉ាងណាមិញ ខាងក្រោមនេះជាមូលហេតុចម្បង ៧យ៉ាង ដែលបណ្ដាលឲ្យជីវិតប្ដីប្រពន្ធឈានដល់ការលែងលះគ្នា ទោះមុនរៀបការពួកគេធ្លាប់ស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាក៏ដោយ៖
១. បញ្ហាលើគ្រែ
ភាពរំភើប រីករាយ គាប់ចិត្ត ជាមួយរឿងលើគ្រែដូចកាលពីរៀបការថ្មីថ្មោងរលាយបាត់បន្តិចម្ដងៗ។ ម្នាក់ៗចាប់ផ្ដើមសោះកក្រោះដាក់គ្នា ព្រោះតែដៃគូមិនអាចបំពេញតម្រូវការខ្លួនឲ្យបានល្អ និងគ្រប់គ្រាន់ដូចកាលពីមុន។ ការព្រងើយកន្តើយ មិនព្រមដោះស្រាយបញ្ហាតូចតាចប្រចាំថ្ងៃ បានបំផ្លាញទំនាក់ទំនងអ្នកទាំងពីររឹតតែខ្លាំងឡើងៗ រហូតដល់ចំនុចដែលម្នាក់ៗលែងចង់បន្តតទៅទៀត។
**២. របៀបឈ្លោះគ្នាបែបអគតិ**
គូស្នេហ៍ណាក៏ឈ្លោះគ្នាដែរ ប៉ុន្តែតើការឈ្លោះនោះមានលក្ខណៈបែបយ៉ាងម៉េច? ប្រសិនអ្នកទាំងពីរតែងតែប្រើអារម្មណ៍ ច្រើនជាងហេតុផល នោះអ្នកប្រាកដជាស្រែកដាក់គ្នា ស្ដីបន្ទោសខ្លាំងៗ គំរាម ជេរប្រមាថ ឬក៏ឈានដល់ការវាយតប់ជាដើម។ សម័យនេះទៅហើយ គ្មានមនុស្សឯណាទ្រាំរស់នៅជាមួយស្ថានភាពបែបនេះអស់មួយជីវិតបានឡើយ។
៣. ព្យាយាមកែប្រែគ្នាខ្លាំងពេក
គ្មានមនុស្សណាដែលល្អឥតខ្ចោះនោះដែរ។ គូស្នេហ៍ដែលចាំតែចាប់កំហុស ព្រមទាំងព្យាយាមកែប្រែ ផ្លាស់ប្ដូរភាគីម្ខាងទៀត ដោយធ្វើយ៉ាងណាឲ្យគាប់ចិត្តខ្លួនឯង ពិតជាមនុស្សអាត្មានិយមខ្លាំងណាស់។ ទាំងអ្នកចាប់កំហុស ទាំងអ្នកដែលធ្វើអ្វីមិនចេះត្រូវ ប្រាកដជាហត់នឿយរៀងខ្លួននៅថ្ងៃណាមួយជាក់ជាមិនខាន។
៤. ខ្វះការប្ដេជ្ញាចិត្ត
អ្នកជំនាញផ្នែកចិត្តវិទ្យាបាននិយាយថា នៅពេលដែលម្នាក់ក្នុងចំណោមអ្នកទាំងពីរជាមនុស្សដែលប្រឹងប្រែងខ្លាំងក្នុងការបូជា លះបង់គ្រប់យ៉ាង ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍តែម្ខាង ហើយម្នាក់ទៀតមិនសូវខ្វល់ ឬអើពើ ទីបំផុតគេប្រាកដជាចង់ចាកចេញពីសម្ពន្ធភាពនោះក្រោយពេលឆ្អែតឆ្អន់។ ក្ដីស្រឡាញ់ដែលមានភាពលំអៀងគ្នាខ្លាំងបែបនេះ បង្កឲ្យមានជម្លោះព្រោះតែការអន់ចិត្ត ភាពឯកោ ការទាមទារ ដែលតែងកើតឡើងគ្រប់ពេលតែម្ដង។
៥. ផិតក្បត់
រឿងភិតក្បត់គឺជាបញ្ហាធំ ដែលបង្កឲ្យមានការលែងលះគ្នាលឿនជាទីបំផុត។ មនុស្សភាគច្រើន គឺមិនអាចទទួលយករឿងនេះបានទេ។ វាថែមទាំងរឿងដែលល្មើសច្បាប់ទៀតផង។ មួយវិញទៀត មនុស្សដែលធ្លាប់ជួបរឿងបែបនេះ តែងតែមានការលំបាកក្នុងការជឿជាក់លើអ្នកថ្មីម្ដងទៀតណាស់ ព្រោះរបួសស្នេហ៍ចាស់ពិតជាមុតជ្រៅ និងមិនងាយព្យាបាលជាឡើយ។
៦. កង្វះការដឹងគុណគ្នា
ប្រសិនប្ដីដែលប្រឹងប្រែងរកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារយ៉ាងលំបាក មិនដែលទទួលបានការសរសើរ ឬលើកទឹកចិត្តពីភរិយា ប៉ុន្តែបែរជាទទួលបានការរអ៊ូរទាំរឿងចាយមិនគ្រប់រាល់ថ្ងៃ តើបុរសម្នាក់ណាដែលព្រមខាំមាត់សង្កត់ចិត្តរហូតបាននោះ។ ដូចគ្នានេះដែរ បើប្រពន្ធដែលហត់នឿយរឿងមើលកូន និងរៀបចំផ្ទះសម្បែង មិនដែលទទួលបានការដឹងគុណពីប្ដីដែរ នោះអារម្មណ៍អយុត្តិធម៌ប្រាកដជាកើតឡើងក្នុងចិត្តម្នាក់ៗជាក់ជាមិនខាន។
៧. លែងផ្ដល់ភាពសំខាន់ឲ្យគ្នា
ការប្រាស្រ័យទាក់ទងដ៏ល្អបំផុតរវាងប្ដីប្រពន្ធ គឺការចេះស្ដាប់យោបល់គ្នា ដើម្បីបំពេញតម្រូវការ ក៏ដូចជាផ្សះផ្សាជម្លោះនានាជាមួយគ្នា។ ដូច្នេះនៅពេលដែលគូស្នេហ៍តែងចង់ស្ដាប់ លែងចង់ជួប លែងចង់ក្បែរ លែងផ្ដល់ភាពសំខាន់ឲ្យគ្នាទៅវិញទៅមក មានន័យថាចំណងស្នេហ៍របស់ពួកគេដើរដល់ផ្លូវទាល់រៀងខ្លួនហើយ៕
ចុចអាន៖ហេតុអ្វីមនុស្សស្រីឆាប់ចាស់? អានហើយសូមស្រឡាញ់ប្រពន្ធនិងម្ដាយអ្នកឲ្យច្រើន!