មិនត្រឹមតែស្រឡាញ់ ថែមទាំងគោរពអ្នកខ្លាំងទៀតបើគាត់មានសញ្ញាទាំងនេះ
- 2018-02-28 06:32:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនត្រឹមតែស្រឡាញ់ ថែមទាំងគោរពអ្នកខ្លាំងទៀតបើគាត់មានសញ្ញាទាំងនេះ
គ្រឹះដ៏រឹងមាំបំផុតរបស់ជីវិតគូមាន ២ យ៉ាងគឺការស្រឡាញ់ និងការគោរព។ សម្ពន្ធភាពដែលមានត្រឹមតែស្រឡាញ់ វាហាក់បីដូចជារាងអាត្មានិយមបន្តិច ព្រោះម្នាក់ៗគ្រាន់តែចង់ឲ្យដៃគូតម្រូវចិត្តខ្លួនឲ្យបានច្រើនប៉ុណ្ណោះ។ អ្នកប្រហែលងាយនឹងសង្កេតអំពីទង្វើនានាដែលគូស្នេហ៍បង្ហាញចេញពីក្ដីស្រឡាញ់ ប៉ុន្តែការគោរពវិញ គឺមិនងាយស្រួលឡើយ។ ដូច្នេះប្រសិនអ្នកចង់ដឹងថារាល់ថ្ងៃអ្នកទទួលបានការគោរពពីគាត់ ឬអត់ សង្កេតសញ្ញាទាំង៧ យ៉ាងខាងក្រោម៖
១.គាត់មិនប្រើអំណាច ដើម្បីគ្រប់គ្រងអ្នក
គាត់ជឿជាក់ ផ្ដល់សេរីភាព និងគោរពឯករាជ្យភាពរបស់អ្នកគ្រប់ពេល ដូច្នេះគាត់តែងតែអនុញ្ញាតឲ្យអ្នកជួប ឬទៅណាមកណាជាមួយមិត្តភ័ក្ដិ ដោយមិនប្រកាន់ ឬរញ៉ាំរញ៉ូវខឹងច្រើនឡើយ។ មិនមែនថាមិនបារម្ភនោះទេ ប៉ុន្តែនេះក៏ដោយសារតែគាត់ទុកចិត្ត និងស្គាល់ច្បាស់ថាអ្នកជាមនុស្សបែបណារួចទៅហើយ។
២.គោរពការសម្រេចចិត្តរបស់អ្នក
គាត់ដឹងថាអ្នកមិនចូលចិត្តអ្វី ដូច្នេះគាត់ព្យាយាមគ្រប់បែបយ៉ាងក្នុងការបញ្ចៀសរឿងនោះមិនឲ្យកើតឡើង។ ប្រសិនបើអ្នកមិនចូលចិត្តឲ្យគេចាក់ក្រឡេក គាត់ក៏មិនហ៊ាន។ ប្រសិនបើអ្នកមិនព្រមសាកល្បងស្ទីលថ្មីៗចំពោះរឿងលើគ្រែ គាត់ក៏មិនបង្ខំ ឬដាក់សម្ពាធឲ្យអ្នកដែរ។ គាត់គោរពការសម្រេចចិត្តរបស់អ្នក និងធ្វើតែរឿងដែលអ្នកទាំងពីរពេញចិត្តរៀងខ្លួនប៉ុណ្ណោះ។
៣.គាត់ស្មោះត្រង់ជាមួយអ្នក
មិនថារឿងល្អ ឬអាក្រក់គាត់មិនដែលលាក់បាំងជាមួយអ្នកឡើយ ព្រោះគាត់ដឹងច្បាស់ថាការកុហកអាចធ្វើឲ្យអ្នកខឹង និងគ្រាំគ្រាចិត្តប៉ុណ្ណា។ បុរសដែលតែងតែនិយាយពាក្យពិត រាល់ពេលមានបញ្ហាកើតឡើង នេះបញ្ជាក់ថាគាត់ជឿជាក់លើសមត្ថភាពក្នុងការសម្រេចចិត្តដ៏ឆ្លាតវៃរបស់អ្នកជានិច្ច។
៤.គាត់ស្ដាប់អ្នក
តើអ្នកធ្លាប់មានអារម្មណ៍ថា រាល់ពេលសន្ទនាម្ដងៗ អ្នកហាក់បីដូចជាកំពុងនិយាយជាមួយជញ្ជាំងថ្មដែរទេ? បើបែបនោះមែន គឺគាត់មិនបានផ្ដល់ការគោរពមកអ្នកទេ។ គូស្នេហ៍ល្អតែងតែយកចិត្តទុកដាក់ រាល់សម្ដីដែលអ្នកនិយាយ ព្រមទាំងឆ្លើយតបអ្នកវិញយ៉ាងហ្មត់ចត់បំផុត។
៥.គាត់មានមោទនភាពចំពោះអ្វីដែលអ្នកសម្រេចបាន
គាត់ខ្វល់ខ្វាយចំពោះការអភិវឌ្ឍ ព្រមទាំងសុភមង្គលផ្ទាល់ខ្លួនរបស់អ្នកគ្រប់ពេល។ ដៃគូដែលដឹងច្បាស់ពីគោលដៅអ្នកចង់ទៅដល់ មិនថាការសិក្សា ការងារ ឬបញ្ហាតូចតាចប្រចាំថ្ងៃឡើយ។ ដូច្នេះរាល់ពេលអ្នកសម្រេចជោគជ័យណាមួយ គាត់ពិតជារីករាយ និងមានមោទនភាពយ៉ាងខ្លាំង។ គាត់ថែមទាំងពាំនាំរឿងទាំងនោះ ទៅប្រាប់មនុស្សដែលគាត់ស្គាល់ថែមទៀតផង។
៦.គាត់ជាមនុស្សដែលអាចពឹងពាក់ ឬទុកចិត្តបាន
គាត់មិនដែលខកការណាត់ ឬឲ្យអ្នកចាំគាត់រាប់ម៉ោងឡើយ។ ពេលអ្នកផ្ញើសារ ឬខលទៅពេលគាត់រវល់ គាត់តែងតែប្រញាប់ផ្ញើសារតប ឬខលទៅវិញក្រោយពេលរួចដៃភ្លាម។ ជារួមគាត់មិនដែលបំផ្លាញគម្រោងការ ឬមិនអើពើជាមួយអ្នកម្ដងណាឡើយ។
៧.ឈ្លោះដោយយុត្តិធម៌បំផុត
ចៀសមិនផុតទោះអ្នកទាំងពីរគោរព ស្រឡាញ់គ្នាប៉ុណ្ណាក៏នៅតែមានជម្លោះ ការខ្វែងគំនិតកើតឡើងម្ដងម្កាល។ ប៉ុន្តែគាត់តែងតែប្រើហេតុផល ដើម្បីដោះស្រាយជាមួយអ្នក ដូច្នេះគ្មានអំពើហិង្សា ការគំរាមកំហែង ឬការប្រមាថ កើតឡើងបានជាដាច់ខាត ទោះបីអ្នកទាំងពីរឈ្លោះខ្លាំងដល់កម្រិតណាក៏ដោយ៕
ចុចអាន៖បើសង្កេតឃើញសញ្ញា ៥ យ៉ាងបញ្ជាក់ថាអ្នកក្បែរខ្លួនកំពុងលួចស្រឡាញ់ ប៉ុន្តែអ្នកមិនដឹង