បើសង្កេតឃើញសញ្ញា ៥ យ៉ាងបញ្ជាក់ថាអ្នកក្បែរខ្លួនកំពុងលួចស្រឡាញ់ ប៉ុន្តែអ្នកមិនដឹង
- 2018-02-27 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើសង្កេតឃើញសញ្ញា ៥ យ៉ាងបញ្ជាក់ថាអ្នកក្បែរខ្លួនកំពុងលួចស្រឡាញ់ ប៉ុន្តែអ្នកមិនដឹង
មនុស្សលួចស្រឡាញ់គេមួយចំនួនមិនបានបញ្ចេញសកម្មភាពលេចធ្លោខ្លាំង ដែលធ្វើឲ្យ Crush ចាប់អារម្មណ៍ឡើយ ព្រោះតែគាត់មិនមានភាពក្លាហានគ្រប់គ្រាន់ ឬវាមិនទាន់ជាពេលវេលាត្រឹមត្រូវក្នុងការសារភាពស្នេហ៍។ ដូច្នេះដើម្បីជាជំនួយខ្លះៗសម្រាប់អ្នក ខាងក្រោមនេះជាសញ្ញា ៥ យ៉ាង បញ្ជាក់ថាមនុស្សក្បែរខ្លួនកំពុងលួចស្រឡាញ់ ប៉ុន្តែអ្នកមិនដឹងខ្លួនសោះ៖
១.តែងតែមានលេស ដើម្បីបាននិយាយជាមួយអ្នក
មនុស្សដែលលួចស្រឡាញ់ តែងតែរកវិធីដើម្បីបានជជែកលេងជាមួយអ្នកតាមតែអាចទៅរួច រហូតពេលខ្លះអ្នកសែនឆ្ងល់ និងចង់សើច ព្រោះគាត់ប្រើលេសប្លែកៗខ្លាំងពេក។ ទោះបីជាអ្នកខលទៅរំខានគាត់នៅម៉ោង ៣ ទើបភ្លឺ ក៏គាត់មិនដែលខឹង ព្រមទាំងស្ម័គ្រចិត្តស្ដាប់ដោយមិនត្អូញត្អែរមួយម៉ាត់ឡើយ។
២.ទឹកមុខប្រែជារីករាយ ពេលបានជួបអ្នក
គ្រាន់តែអ្នកដើរចូលភ្លាម ទឹកមុខគាត់ប្រែជាស្រស់ស្រាយ រីកដូចគ្រាប់ជីអញ្ចឹង។ ការផ្ដោតអារម្មណ៍របស់គាត់ គឺសំដៅមកលើអ្នកទាំងស្រុង ទោះបីគាត់កំពុងរវល់ជាមួយការងារខ្លាំងប៉ុណ្ណាក៏ដោយ។ មនុស្សម្នានៅក្បែរគាត់ប្រាកដជាសង្កេតដឹង គ្រាន់តែពួកគេព្យាយាមធ្វើពើ ប្រឹងរក្សាទឹកមុខមិនឲ្យញញឹមតែប៉ុណ្ណោះ។
៣.គាត់តែងតែឲ្យអំណោយអ្នក
គាត់តែងតែមានហេតុផលដើម្បីផ្ដល់អំណោយតូចៗទៅអ្នក។ អំណោយទាំងនោះមិនមានអ្វីធំដុំទេ ត្រឹមតែសៀវភៅមួយក្បាល កាហ្វេមួយកែវ ឬគ្រាន់ជាដុំថ្មដ៏ស្រស់ស្អាតមួយដែលគាត់ប្រទះឃើញនៅមាត់សមុទ្រ។ គាត់ចង់ឲ្យអ្នកនឹកឃើញដល់គាត់ រាល់ពេលអ្នកសម្លឹងមើលរបស់ទាំងនោះ។ លើសពីនេះទៅទៀត ប្រសិនគាត់ជូនជាគ្រឿងអលង្ការមានតម្លៃដល់អ្នក ច្បាស់ណាស់ថាគាត់គិតចំពោះអ្នកលើសពីមិត្តធម្មតា។
៤.គាត់តែងតែជួយយកអាសាអ្នក
តើអ្នកត្រូវការជំនួយការជួយរើផ្ទះ រើបន្ទប់មែនទេ? ឬក៏អ្នកត្រូវការអ្នកជូនទៅទិញឥវ៉ាន់នៅចុងសប្ដាហ៍នេះ? មិនថាពេលណា ឲ្យតែអ្នកត្រូវការជំនួយ គឺគាត់ស្ម័គ្រចិត្តជួយគ្រប់កាលៈទេសៈតែម្ដង ហើយអ្នកក៏ដូចគ្នា តែងតែនឹកឃើញគាត់មុនគេ រាល់ពេលជួយរឿងលំបាក។
៥.គាត់ពិតជាចាប់អារម្មណ៍នឹងអ្នកខ្លាំងលើសលប់
មនុស្សម្នាក់ៗប្រហែលជាមានរឿងសំងាត់ ឬចំណង់ចំណូលចិត្តប្លែកខុសពីគេណាមួយដែលមិនចង់ឲ្យអ្នកណាដឹង។ ប៉ុន្តែនៅពេលដែលគាត់បានដឹង គាត់ពិតជារីករាយក្រៃលែង ព្រោះគាត់ក្លាយជាមនុស្សដំបូងដែលស្គាល់អ្នកលើសអ្នកដទៃ។ ម៉្យាងទៀតគាត់ថែមទាំងព្យាយាមស្វែងយល់ ព្រមទាំងចង់សាកធ្វើរឿងទាំងនោះជាមួយអ្នកយ៉ាងខ្លាំងទៀតផង៕
ចុចអាន៖ចំណុចខ្លាំងដែលនារីគួរមាន បើចង់យកឈ្នះចិត្តមនុស្សប្រុសដែលខ្លួនចង់បាន