៩តិចនិកហុងស៊ុយរៀបចំកាបូបលុយ ឲ្យលុយរត់ចូលណែនៗ
- 2018-02-28 04:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩តិចនិកហុងស៊ុយរៀបចំកាបូបលុយ ឲ្យលុយរត់ចូលណែនៗ
ខណៈកាបូបលុយដែលយើងយកតាមខ្លួនជារៀងរាល់ថ្ងៃហើយគិតថាមិនសូវសំខាន់នោះ ការពិតគឺវាមានភាពប៉ះពាល់ដល់លុយកាក់ជាខ្លាំង។ បើសិនជាយើងមិនចេះរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវទេនោះ លុយអាចហូរចេញដូចទឹក តែបើយើងចេះវិធីថែរក្សាកាបូបឲ្យបានត្រឹមត្រូវវិញនោះ លុយអាចនឹងចូលច្រើនដល់ថ្នាក់សាមីខ្លួនមិនចង់ជឿ។
១. ទុកលុយឲ្យគ្រប់ថតទាំងអស់
គ្រប់ថតទាំងអស់ដែលមាននៅក្នុងកាបូប គឺត្រូវតែមានលុយទាំងអស់ទោះតិចក្ដីច្រើនក្ដី។ ហាមមិនឲ្យទុកថតចំហចោលគ្មានលុយនោះទេ បើមិនដូចនោះទេលុយក៏ខ្សត់តាមនោះដែរ។
២. ពណ៌ហុងស៊ុយសម្រាប់កាបូប
គ្រប់ពណ៌គឺនាំមកភាពផ្សេងៗគ្នាដល់កាបូបរបស់អ្នក។ សូមរើសយកពណ៌ខ្មៅ ឬបៃតងបើចង់ឲ្យលុយហូរចូលច្រើន។ បើចង់កាត់បន្ថយការចំណាយ សូមជ្រើសយកពណ៌ត្នោត។ សម្រាប់អ្នកកំពុងរកគូស្រករ សូមជ្រើសយកពណ៌ក្រហម។ បើចង់សន្សំលុយ សូមជ្រើសយកលឿងចាស់។
៣. ហាមប្រើកាបូបមួយទឹក
ព្រោះយើងមិនដឹងថាយីអ៊ុនរបស់ម្ចាស់មុនឡើងឬចុះនោះទេ បើចេះតែប្រើៗ ប្រយ័ត្នយកទុក្ខដាក់ខ្លួន។
៤. ហាមជូនកាបូបចាស់របស់យើងឲ្យគេ
ទង្វើបែបនេះហាក់ដូចជាយកលាភរបស់យើងទៅឲ្យគេដែរ។ ដូចនេះហាមយកកាបូបខ្លួនឲ្យគេ ទោះបីជាវាចាស់យ៉ាងម៉េចក៏ដោយ។
៥. បន្ថែមយីអ៊ុនឲ្យកាបូប
យកសេនបីចងភ្ជាប់គ្នាដោយអំបោះក្រហមមួយរួចដាក់ចូលកាបូបនោះយីអ៊ុនរបស់កាបូបនឹងខ្ពស់ជាងមុន។
៦. រៀបចំកាបូបឡើងវិញ
កាបូបប្រៀបដូចជាបន្ទប់យើងនៅដែរ គ្មានអ្នកណាចង់នៅបន្ទប់រាត់រាយនោះទេ។ លុយក៏ដូចគ្នា ប្រសិនបើកាបូបណាដែលមានសណ្ដាប់ធ្នាប់ នោះលុយនឹងនៅបានយូរដូចគ្នា។ ផ្ទុយមកវិញ បើកាបូបនោះរញ៉េរញ៉ៃខ្លាំងពេកនោះ លុយក៏រត់ចោលម្ចាស់ដូចគ្នា។
៧. ជៀសវាងទុករូបគ្រួសារនៅក្នុងកាបូប
ទុករូបមនុស្សនៅក្នុងកាបូប នឹងធ្វើឲ្យបរិយាកាសកាបូបច្របូកច្របល់ បណ្ដាលឲ្យកម្លាំងទាញលុយត្រូវធ្លាក់ចុះ ដូចនេះគួរជៀសវាងទុករូបនៅក្នុងកាបូប។ រាល់វិក្កយបត្រណាដែលទូទាត់ហើយក្ដី ឬមិនទាន់ក្ដី ក៏ពុំគួរទុកក្នុងកាបូបដែរ ព្រោះនឹងធ្វើឲ្យច្រឡំថា មិនទាន់ទូទាត់ នោះលុយនឹងចេញម្ដងទៀត។
៨. ទំហំមិនតូចពេក
បើកាបូបលុយរបស់អ្នកតូចពេក ធ្វើឲ្យលុយត្រូវត្បៀតលើគ្នានោះក៏គ្មានហុងស៊ុយដែរ។ គួរប្រើកាបូបដែលមានទំហំសមរម្យដើម្បីរៀបលុយឲ្យបានស្អាត មិនប្រជ្រៀតគ្នា។
៩. គោរពកាបូបលុយ
នៅពេលដែលយើងគោរពនរណាម្នាក់ នោះគេក៏គោរពយើងវិញដូចគ្នា។ កាបូបក៏ដូចគ្នាដែរ គឺហាមមិនឲ្យបោះចោលពាសវាលពាសកាលឡើយ។ ជៀសវាងទុកកាបូបចោលលើដី និងហាមបំផុតទុកកាបូបនៅលើឥដ្ឋនៅក្នុងបន្ទប់ទឹក ព្រោះនឹងធ្វើឲ្យបាត់ហុងស៊ុយអស់៕
ចុចអាន៖
ចូលឆ្នាំថ្មីៗ អពមង្គល ៣យ៉ាងហាមធ្វើដាច់ខាត បើចង់ឲ្យមាសប្រាក់ហូរចូលពេញមួយឆ្នាំ
មើលនិស្ស័យតាមខែកំណើត នឹងដឹងថាហេតុអីអ្នកគ្មានគូនឹងគេបែបនេះ