គន្លឹះ​រស់​នៅ​​ដោយ​សុភមង្គល​ជាមួយ​ក្ដី​ស្រមៃ​ ទោះ​មិន​ទាន់​ជោគជ័យ​ក៏​ដោយ

  • 2018-02-27 06:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​មួយ​ចំនួន​ដេក​ពិបាក​ចិត្ត​នៅ​ពេល​ក្ដី​ស្រមៃ​ខ្លួន​​ឯង​មិន​ទាន់​ជោគជ័យ ប៉ុន្តែ​តើ​ពេល​ដែល​អ្នក​ពិបាក​ចិត្ត​ក្ដី​ស្រមៃ​នោះ​មក​រក​អ្នក​ទេ? កុំ​ទម្លាប់​ឲ្យ​ជីវិត​អ្នក​មាន​សេចក្ដី​ទុក្ខ​ច្រើន​ពេកអី គួរ​តែ​រៀន​ធ្វើ​ឲ្យ​ខ្លួន​ឯង​រីករាយ​ជាមួយ​ក្ដី​ស្រមៃ​ដែល​អ្នក​មាន​ទើប​ជាការ​ប្រសើរ។ ខាង​ក្រោម​នេះ​ជា​វិធី​ដែល​អាច​ឲ្យ​អ្នក​រស់​ស្រួល​ជាមួយ​បំណង​ប្រាថ្នា​អ្នក​ ហើយ​ក៏​ជា​វិធី​ដែល​ជួយ​ឲ្យ​អ្នក​សម្រេច​ក្ដី​សុបិន​នោះ​ផង​ដែរ ៖

១. ប្រើប្រាស់​ថាមពល​នៃ​ចិត្ត​របស់​អ្នក

អ្នក​មិន​បាច់​គេង​ស្រមៃ​​ច្រើន​នោះ​ទេ គ្រាន់​តែ​ចាប់​ផ្ដើម​មើល​ឃើញ​ភាព​ល្អ​ប្រសើរ​ដែល​អ្នក​មាន​ទៅ​គឺ​បាន​ហើយ។ ទម្លាប់​ប្រើ​ចិត្ត​ឲ្យ​មាន​ថាមពល​ទោះ​ស្ថិត​ក្នុង​ភាព​លំបាក​ក៏​ដោយ គ្រាន់​តែ​ចាប់​ផ្ដើម​បើក​ចិត្ត​ឲ្យ​ទូលាយ ហើយ​គិត​ថា​ទាំង​នេះ​សុទ្ធ​តែ​ជា​កម្លាំង​ជំរុញ​ឲ្យ​អ្នក​ឈាន​ទៅ​កាន់​ក្ដី​ស្រមៃ​ដែល​អ្នក​ប៉ង។

រូបតំណាង

**២. ធ្វើ​ជា​ត្រី​ដ៏​ធំ នៅ​ក្នុង​បឹង​ដ៏​ធំ**

ទោះ​ពេល​នេះ​អ្នក​គ្មាន​ឋានៈ មុខ​មាត់​អី​ធំដុំ​ក៏​ដោយ ក៏​មិន​ត្រូវ​មាន​គំនិត​អវិជ្ជមាន​លើ​ខ្លួន​ឯង​ដែរ។ ត្រូវ​គិត​ថា​ខ្លួន​ជា​ត្រី​ដ៏​ធំ​មួយ​ ហើយ​រស់​នៅ​ក្នុង​បឹង​ដ៏ធំមួយ​ដូច្នេះ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​រៀន ដែល​អ្នក​ត្រូវ​ជួប។ ត្រូវ​ប្រឹង​ហែល​ឲ្យ​សព្វ​បឹង​ដែល​អ្នក​រស់​នៅ ហើយ​ពង្រឹង​ខ្លួន​ឯង​មិន​ឲ្យ​ត្រី​ដទៃ​ទៀត​បៀតបៀន​បាន។

៣. គិត​ឲ្យ​បាន​ធំ​ជា​អ្វី​ដែល​អ្នក​ប្រាថ្នា

ពេល​អ្នក​មាន​មហិច្ឆតា​ធំ អ្នក​នឹង​ប្រឹង​ធ្វើ​វា​ដូច្នេះ​យ៉ាង​ហោច​ណាស់​ក៏​អ្នក​បាន​ត្រឹម​ ឬ​ក្បែរ​អ្វី​ដែល​អ្នក​ចង់​បាន​ដែរ។ កុំ​គិត​តូច​ពេក ហើយ​កុំ​រស់​នៅ​ជាមួយ​ក្ដី​ស្រមៃ​ចង្អៀត​ពេក ពង្រីក​វា​ឲ្យ​ធំ​ឡើង​ព្រោះ​ពេល​វា​កាន់​តែ​ធំ​អ្នក​ក៏​កាន់​តែ​ខ្ពស់​ដូចគ្នា។

រូបតំណាង

៤. កុំ​ខ្លាច​ក្នុង​ការ​ពិភាក្សា

កុំ​មាន​អារម្មណ៍​ថា​ខ្លាច​ ឬ​ខ្មាស់​នៅ​ពេល​អ្នក​ត្រូវ​ការ​យោបល់​ពី​អ្នក​ដទៃ។ បង្ហាញ​វា​ហើយ​ជជែក​វែកញែក​ដើម្បី​ឲ្យ​ខ្លួន​ឯង​កាន់​តែ​យល់​ច្បាស់​ពី​ដំណើរ​ការ​ដែល​អ្នក​ត្រូវ​ចាប់​ផ្ដើម។ អ្វី​ដែល​ចាំបាច់​គឺ​អ្នក​ត្រូវ​ចេះ​ជ្រើសរើស​មនុស្ស​ក្នុង​ការ​ពិភាក្សា ព្រោះ​មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ចង់​ជួយ​អ្នក​ឡើយ។

៥. កុំ​រស់​នៅ​ក្នុង​ភ្លើង​ច្រណែន

ឃើញ​គេ​មាន​ឡាន មាន​ផ្ទះ​ធំៗ​នៅ​កុំ​ច្រណែន​គេ​អី សប្បាយ​ចិត្ត​ជាមួយ​គេ​ទៅ​ព្រោះ​គេ​ខំ​រក​ណាស់​ទម្រាំ​បាន​វា​មក ដូច្នេះ​បើ​ចង់​បាន​ដូច​គេ​អ្នក​ក៏​ត្រូវ​ខំប្រឹង​ដែរ ព្រោះ​វា​មិន​អាច​ធ្លាក់​មក​ពី​លើ​មេឃទេ។ កុំ​ទម្លាប់​ខ្លួន​ឯង​រស់​នៅ​ជាមួយ​ភ្លើង​ច្រណែន ឈ្នានីស ព្រោះ​វា​ក្ដៅ​ណាស់​ហើយ​រស់​ក៏​គ្មាន​សេចក្ដី​សុខ​ដែរ។

៦. ដើរ​ហើរ​ខ្លះ

ត្រូវ​រៀន​ដើរ​ហើរ​ខ្លះ ព្រោះ​បើ​ចេះ​តែ​នៅ​មួយ​កន្លែង​ក៏​អ្នក​មិន​ទទួល​បាន​អី​ថ្មី​ដែរ។ ទៅ​កន្លែង​ដែល​អ្នក​ចង់​ទៅ ហើយ​រៀន​សង្កេត​និង​ដក​បទពិសោធន៍​ដែល​ខ្លួន​ត្រូវ​មាន ដូច្នេះ​វា​មិន​ត្រឹម​ជា​ការ​កម្សាន្ត​នោះ​ទេ ហើយ​វា​ក៏​ជា​ឱកាស​ដែរ។

រូបតំណាង

កុំ​ពិបាក​ចិត្ត​ពេក​បើ​អ្នក​មិន​ទាន់​សម្រេច​គោលដៅ​របស់​អ្នក តែ​ត្រូវ​ចេះ​បង្វែរវា​ជា​សេចក្ដី​សុខ​ហើយ​បន្ត​ទៅ​ទៅមុខ​ទៀត។ បើ​ចេះ​តែ​ដេក​កើត​ទុក្ខ​អ្នក​អាច​ស្លាប់​មុន​ពេល​ជោគជ័យ​ក៏​ថា​បាន៕

ចុចអាន៖៧ រឿង​ដែល​មនុស្ស​ស្រី​ពូកែ​តែងតែ​ធ្វើ ប៉ុន្តែ​មិន​ដែល​និយាយ​ចេញ​មក

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម