មើលពីក្រៅរឹងមាំណាស់ តែខាងក្នុងរបស់ខ្ញុំខ្ទេចខ្ទាំអស់ហើយ
- 2018-02-26 03:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលពីក្រៅរឹងមាំណាស់ តែខាងក្នុងរបស់ខ្ញុំខ្ទេចខ្ទាំអស់ហើយ
ពេលខ្លះខ្ញុំមានអារម្មណ៍ថានឿយហត់ខ្លាំងណាស់ចំពោះជីវិតនេះ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ខ្ញុំខំប្រឹងតទល់នឹងវា។ ហើយដល់យប់ឡើងតាំងនឹកគិតពីរាល់ទុក្ខព្រួយដែលកប់ជ្រៅក្នុងអារម្មណ៍។
អ្នកធ្លាប់បង្ហាញខ្លួននៅពេលដែលខ្ញុំមិនរំពឹងអ្វីសោះរឿងមនោសញ្ចេតនា ហើយដល់ថ្ងៃដែលអ្នកចាកចេញ ខ្ញុំនៅតែពោរពេញនូវក្ដីសង្ឃឹមថាថ្ងៃណាមួយ ពួកយើងនឹងអាចជួបគ្នាវិញ។
ថ្ងៃដែលខ្ញុំទន្ទឹងនោះ គ្មានថ្ងៃកើតឡើងទេ ខ្ញុំដឹងច្បាស់ថាអីចឹង តែនៅតែមិនអាចបោះបង់ចោលបាន។ អ្នកមានដឹងទេ ការពិតខ្ញុំហត់ខ្លាំងណាស់ គ្រាន់តែខ្ញុំពូកែលាក់បាំងប៉ុណ្ណោះ។ ខ្ញុំតែងធ្វើរឹងមាំ ហើយមិនអនុញ្ញាតឲ្យខ្លួនឯងទន់ខ្សោយចំពោះមុខអ្នកដទៃ។
យប់មិញ ប្រហែលជាខ្ញុំបានយំមុនចូលគេង ឬក៏យំពេលគេងក៏មិនដឹង គ្រាន់តែដឹងថាពេលងើបឡើងព្រឹកនេះ ខ្ញុំឈឺទ្រូងខាងឆ្វេងខ្លាំងណាស់។ រាល់ថ្ងៃខ្ញុំខំប្រឹងធ្វើខ្លួនឲ្យរវល់ដើម្បីកុំឲ្យនឹករលឹកដល់អ្នកទៀត។ តែហាក់ដូចខ្ញុំគិតខុសហើយ ព្រោះទោះជារវល់យ៉ាងណា រង្វង់មុខរបស់អ្នកតែងបង្ហាញក្នុងចិត្តខ្ញុំជានិច្ច។ ពេលខ្លះ ខ្ញុំចង់រត់ទៅមុខអ្នកហើយប្រាប់ថា ជីវិតនេះគ្មានរូបអ្នកគឺពិបាករស់ខ្លាំងណាស់ តែវាគ្រាន់តែជាការគិតតែប៉ុណ្ណោះ។
នៅពេលនេះទើបយល់ច្បាស់ថា ពេលវេលាអាចផ្លាស់ប្ដូរបានគ្រប់យ៉ាងទាំងអស់ បេះដូងប្រែប្រួល មនោសញ្ចេតនាក៏ផ្លាស់ប្ដូរ។ រយៈពេលដែលយើងនៅក្បែរគ្នា ទោះរីករាយក្ដី ឬទុក្ខសោកក្ដីក៏គ្រាន់តែជារឿងអតីតកាលតែប៉ុណ្ណោះ។ មនោសញ្ចេតនាជ្រាលជ្រៅដល់ថ្នាក់ណា ធ្លាប់គិតថានឹងនៅក្បែរគ្នារហូតយ៉ាងណា គង់មានថ្ងៃមួយ ងើបពីគេងទើបយើងដឹងថា ពួកយើងបានដើរផ្លូវផ្សេងគ្នាហើយ។ នៅលើលោកនេះ គ្មានអ្វីជានិរន្តទាំងអស់។ មិនចង់ឈឺចាប់ ល្អបំផុតគឺកុំរំជួលចិត្តនឹងមនោសញ្ចេតនា។
មានរឿងមួយដែលខ្ញុំមានមោទនភាពនឹងខ្លួនឯងនោះគឺ ទោះបីជាពីក្រោយខ្នងខ្ញុំទន់ខ្សោយយ៉ាងណា យំហើមភ្នែកប៉ុណ្ណា តែនៅចំពោះមុខអ្នកដទៃ នៅពេលនិយាយប្រវត្តិស្នេហារបស់ខ្លួន ខ្ញុំមិនដែលស្រក់ទឹកភ្នែកឡើយ ធ្វើឲ្យគេគិតថា ដូចខ្ញុំហ្នឹងរឹងមាំណាស់អីចឹង ទាំងដែលខាងក្នុងរបស់ខ្ញុំខ្ទេចខ្ទាំអស់ហើយ៕
ចុចអាន៖
បើបុរសដែលអ្នកស្រឡាញ់មានចំណុចទាំងនេះ គួរកុំបន្តអីល្អជាង
មូលហេតុធំៗ ៨ ដែលធ្វើឲ្យអ្នកគ្មានស្នេហា ទោះចិត្តចង់បានក៏ដោយ