មេរៀន​ជីវិត​ ៥​ចំនុច​ ដែល​អ្នក​គួរ​រៀន​ពី​មនុស្ស​ជោគជ័យ​

  • 2018-02-24 03:15:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ជោគជ័យ​ក្នុង​ជីវិត​គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​តែង​ប្រាថ្នា​ចង់​បាន​។ ម្នាក់ៗ​តែង​មាន​ក្ដី​ស្រមៃ​រៀងៗ​ខ្លួន​ អ្នក​​ខ្លះ ចង់​ក្លាយ​ជា​អ្នក​ជំនួញ​​​ដ៏​ជោគជ័យ កវី​និពន្ធ​ដ៏​ល្បីល្បាញ ឬ​គ្រូពេទ្យ​ក៏​ខ្លាំង​ពូកែ​ជា​ដើម​។ ប៉ុន្តែ​នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នោះ ចៀស​មិន​ផុត​អ្នក​ប្រាកដ​ជា​ត្រូវ​ជួប​ឧបសគ្គ​ច្រើន​រាប់​មិន​អស់​ដែល​រារាំង​ក្ដី​បំណង​របស់​អ្នក​។ យ៉ាងណាមិញ ប្រសិន​អ្នក​កំពុង​បាក់​ទឹក​ចិត្ត សូម​អាច​មេរៀន​ជីវិត​៥​​ចំនុច ពី​មនុស្ស​ជោគជ័យ​ខាង​ក្រោម នោះ​អ្នក​ប្រាកដ​ជា​​មាន​កម្លាំង​ក្រោក​ឈរ​ជា​ថ្មី​ជាក់​ជា​មិន​ខាន​​៖​

១. អ្នក​គ្មាន​ថ្ងៃ​ត្រៀម​ខ្លួន​រួចរាល់​គ្រប់គ្រាន់​ឡើយ​

“ខ្ញុំ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​​នឹង​ធ្វើ​រឿង​នេះ​ទេ” គឺ​ជា​ប្រយោគ​​​​​ដែល​អ្នក​ប្រើ​ដើម្បី​បិត​ឧកាស​រីក​ចម្រើន​សម្រាប់​ខ្លួន​ឯង​។ អ្នក​មិន​អាច​ចាំ​រហូត​ដល់​ខ្លួន​ចេះ​គ្រប់​សព្វ ដើម្បី​ធ្វើ​រឿង​អ្វី​​មួយ​ឡើយ​​។ អ្នក​គួរ​​លើក​ទឹក​ចិត្ត និង​ប្រាប់​ខ្លួន​​ឯង​ថា “ខ្ញុំ​​ចង់​ធ្វើ​វា ដូច្នេះ​​ខ្ញុំ​នឹង​ព្យាយាម​រៀន​សូត្រ​ពី​វា ព្រម​ទាំង​ប្ដេជ្ញា​ថា​ត្រូវ​ធ្វើ​វា​ឲ្យ​បាន​សម្រេច​​​​”​ ។ សូម​កុំ​ឲ្យ​ភាព​កំសាក ការ​មើល​ស្រាល់​ខ្លួន​ឯង ​មក​រារាំង​ក្ដី​ស្រមៃ​ និង​ភាព​ជោគជ័យ​របស់​អ្នក​ឲ្យ​សោះ​។

រូបតំណាង

**២. ឧបសគ្គ និង​​​​បញ្ហា​​​គឺ​តែងតែ​មាន​ជា​និច្ច​**

គ្មាន​ជោគជ័យ​ឯណា​បាន​មក​ដោយ​ស្រួល ឬ​គ្មាន​ឧបសគ្គ​ឡើយ​។ ដូច្នេះ​អ្នក​មិន​ត្រូវ​ស្អប់​ឧបសគ្គ​នោះ​ជា​ដាច់​ខាត ព្រោះ​ពួកវា​នេះ​ហើយ​​ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ឆ្លាត​ទៅៗ ព្រម​ទាំង​រឹងមាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ រាល​ពេល​អ្នក​ជួប​បញ្ហា សូម​កុំ​ធុញថប់ ​​មួម៉ៅ​ ឬ​បាក់ស្បាត​​ឲ្យ​សោះ​​​។ អ្នក​ត្រូវ​ចាត់​ទុក​វា​ជា​ឧកាស​ថ្មី ដោយ​ព្យាយាម​​រៀបចំ​​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​យក​ឈ្នះ​លើ​ពួក​វា​ឲ្យ​បាន​។

៣. មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​យល់​ស្រប​ជាមួយ​​គំនិត​របស់​អ្នក​ឡើយ​

នៅ​ពេល​អ្នក​ជា​មនុស្ស​ថ្មី គ្មាន​បទ​ពិសោធន៍ មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​មិន​មាន​ជំនឿ​ថា ​អ្នក​អាច​​ធ្វើ​វា​​បាន​សម្រេច​ឡើយ​។ ពួកគេ​​​​​​ធ្វើ​ការ​សន្និដ្ឋាន​សមត្ថភាព​ ទស្សន៍ទាយ​ទុក​ជា​មុន​អំពី​ជោគ​​វាសនា​​ ព្រម​ទាំង​​​ទន្ទឹង​រង់ចាំ​ភាព​បរាជ័យ​របស់​អ្នក​យ៉ាង​រីករាយ​។ ដូច្នេះ​អ្នក​ត្រូវ​ចាត់​ទុក​​សម្ដី​ទាំង​នោះ​ជា​ភ្លើង រួច​​​ដុត​​សតិ​អារម្មណ៍​របស់​​ខ្លួន​ឲ្យ​រឹត​តែ​ក្ដៅ រឹត​​តែ​ពុះ​កញ្ជ្រោល រឹត​តែ​ចង់​បាន​​ភាព​​​ជោគជ័យ ដើម្បី​ឲ្យ​មនុស្ស​ទាំង​នោះ​ភ្លឺ​ភ្នែក​ និង​ឈប់​​មើល​ស្រាល​​សមត្ថភាព​មនុស្ស​ត​ទៅ​ទៀត​។​

រូបតំណាង

៤. បរាជ័យ​មិន​មែន​ជា​រឿង​​គួរ​ឲ្យ​ខ្លាច​នោះ​​ទេ​

មុន​នឹង​​ទទួល​តំណែង​ជា​ប្រធានាធិបតី​លោក​ Abraham Lincoln​ ​ត្រូវ​ឆ្លងកាត់​បរាជ័យ​​ដល់​ទៅ​១២​ដង​​​​។ ប្រសិន​គាត់​មិន​​ក្រោក​ឈរ​ជា​ថ្មី​បន្ទាប់​ពី​បរាជ័យ​លើក​ទី​១​នោះ​ទេ គាត់​ក៏​មិន​អាច​ឈាន​ដល់​ចំនុច​នោះ​ដែរ​។ ដូច្នេះ​អ្នក​ត្រូវ​ចាំ​ថា បរាជ័យ​ទាំង​ប៉ុន្មាន​គ្រាន់​តែ​​​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ដើម្បី​តេស្ដ​សមត្ថភាព​ និង​ការ​អត់ធ្មត់​របស់​អ្នក​ប៉ុណ្ណោះ​។​ ទោះ​បី​ជា​មនុស្ស​នោះ​ឆ្លាត ឬ​ពូកែ​ខ្លាំង​ប៉ុណ្ណា ក៏​នៅ​តែ​មាន​ថ្ងៃ​ដែល​ភ្លាត់ ភ្លេច ឬ​បរាជ័យ​ខ្លះ​ដែរ​។ រឿង​ដែល​សំខាន់​គឺ អ្នក​ត្រូវ​ចាត់​ទុក​វា​ជា​មេរៀន ដើម្បី​ឲ្យ​អ្នក​កែប្រែ​កំហុស និង​​បណ្ដុះ​ភាព​រីក​ចម្រើន​បន្ត​ទៅ​មុខ​ទៀត​។​

៥. កុំ​ឲ្យ​ភាព​ភ័យ​ខ្លាច​​គ្រប់គ្រង​អ្នក​បាន​ឲ្យ​សោះ​

ភាព​ក្លាហាន មោះមុត គឺ​ដូចជា​សាច់ដុំ​។​ អ្នក​កាន់​តែ​ហ្វឹកហាត់ វា​កាន់​តែ​រឹងមាំ​។ សូម​កុំ​បណ្ដោយ​ឲ្យ​ភាព​ភ័យ​ខ្លាច​​​ដែល​ធម្មជាតិ​ផ្ដល់​ឲ្យ​ទាំង​​នោះ​ មក​​គ្រប់គ្រង​ជីវិត​អ្នក​បាន​ឲ្យ​សោះ​។ ពង្រឹង​ឆន្ទៈ​របស់​​អ្នក​​ក្នុង​ការ​សម្រេច​ក្ដី​ស្រមៃ​ឲ្យ​កាន់​តែ​ខ្លាំង​! អ្នក​ប្រហែល​ជា​មិន​ដឹង​ថា​សក្ដានុពល​ភាព​របស់​ខ្លួន​ឯង​ខ្លាំង​ដល់​កម្រិត​ណា​ទេ ប្រសិន​អ្នក​មិន​មាន​ភាព​ក្លាហាន​​គ្រប់គ្រាន់​ក្នុង​ការ​បង្ហាញ​វា​ឲ្យ​ពិភព​លោក​ទាំង​មូល​ដឹង​។​

រូបតំណាង

ចុចអាន៖សួរ​ខ្លួន​ឯង ១៥ សំណួរ​នេះ អ្នក​ប្រាកដ​ជា​រក​ឃើញ​ពន្លឺ​ជីវិត​កាន់​តែ​ឆាប់

ប្រភព៖ Careergirldaily ប្រែសម្រួល៖ អូន បញ្ញា