មុន​ផ្ដល់​ក្ដី​ស្រឡាញ់​ឲ្យ​អ្នក​ដទៃ អ្នក​ត្រូវ​រៀន​ស្រឡាញ់​ខ្លួន​ឯង​តាម​វិធី​ទាំង ៥ នេះសិន

  • 2018-02-23 01:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ជីវភាព អំណាច បុណ្យស័ក្ដិ មនុស្ស​មួយ​ចំនួន​ធំ​បាន​ប្រឹងប្រែង​រត់​តាម​របស់​​ក្រៅ​ខ្លួន​ទាំង​អស់ ដោយ​លះបង់​សព្វ​គ្រប់​បែប​យ៉ាង រួម​ទាំង​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ផង​ដែរ។ ដូច្នេះ​ដើម្បី​ដាស់តឿន​សតិអារម្មណ៍​របស់​អ្នក​ឲ្យ​ស្វាង​ឡើង​វិញ ខាង​ក្រោម​នេះ​ជា​តិចនិក ៥ យ៉ាង បង្រៀន​អ្នក​ឲ្យ​ចេះ​ស្រឡាញ់​ខ្លួន​ឯង​ជា​ថ្មី៖

១.ស្វែងរក​ជំនួយ

ថ្វីត្បិត​តែ​​វា​ជា​បញ្ហា​ផ្ទាល់​ខ្លួន​​របស់​អ្នក ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ប្រឹងប្រែង ខាំ​មាត់ សង្កត់​ចិត្ត​ទប់ទល់​នឹង​ការ​លំបាក ដើម្បី​​ស្វែងរក​ដំណោះស្រាយ​​​តែ​ម្នាក់​ឯង​ទេ។ អ្នក​ត្រូវ​រៀន​បើក​ចិត្ត​សុំ​ជំនួយ​ពី​​មនុស្ស​នៅ​ក្បែរ​ខ្លួន ​ដែល​អាច​ជួយ​អ្នក​បាន​។ គ្រាន់​តែ​សុំ​ឲ្យ​គេ​ជួយ មិន​បាន​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​​អន់​ឡើយ ប៉ុន្តែ​វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ចេះ​ថ្លឹងថ្លែង​សមត្ថភាព ពូកែ​​បត់បែន និង​​​មាន​​​ចិត្ត​​​ទូលាយ មិន​ប្រកាន់​ច្រើន​​​​ថែម​ទៀត​ផង។

២.សូត្រ​ធម៌​រំងាប់​អារម្មណ៍

គួរ​រៀន​​វិធី​រំងាប់​អារម្មណ៍​ដែល​​ធ្វើ​ឲ្យ​ខ្លួន​ឆេវឆាវ ឆាប់​ខឹង​ច្រឡោត អន់​ចិត្ត មួម៉ៅ សងសឹក គុំកួន ដោយ​ការ​ព្យាយាម​​តាំង​សមាធិ ទន្ទិញ​ធម៌ ដើម្បី​ជួយ​​ឲ្យ​ផ្លូវ​ចិត្ត​ស្វែងរក​ឃើញ​​សេចក្ដី​ស្ងប់​សុខ។ ទោះជា​យ៉ាងណា​ការ​ប្រឹង​ទន្ទេញ​ធម៌ និង​ផ្ដោត​អារម្មណ៍​​យ៉ាង​មុតមាំ​​លើ​ការ​ដក​ដង្ហើម ពិត​ជា​​ជួយ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​​មិន​ខាន។

៣.ចំណាយ​ពេល​សម្រាប់​ខ្លួន​ឯង

ធ្វើ​សកម្មភាព​សាមញ្ញ​ៗ​សម្រាប់​ជួយ​ឲ្យ​​ខ្លួន​ឯង​រីករាយ​​ដូចជា ងូត​ទឹក​​ក្ដៅ​មុន​ពេល​ចូល​គេង អាន​​សៀវភៅ​ដែល​អ្នក​ចូលចិត្ត ១៥ នាទី​រៀងរាល់​ព្រឹក ទៅ​មើល​កុន​ ឬ​ទិញ​សម្លៀកបំពាក់​ស្អាតៗ​​​ជា​រៀងរាល់​ខែ​ជា​ដើម។ មុន​នឹង​អ្នក​ចង់​ផ្ដល់​ក្ដី​ស្រឡាញ់​ឲ្យ​អ្នក​ដទៃ អ្នក​ត្រូវ​ចេះ​ស្រឡាញ់​ខ្លួន​ឯង​ជា​មុន​សិន។

៤.បន្ថែម​ក្ដី​ស្រឡាញ់

បើក​បេះដូង ទទួល​យក​ក្ដី​ស្រឡាញ់ ការ​ព្រួយ​បារម្ភ​ពី​អ្នក​ដទៃ ហើយ​ក៏​ផ្ដល់​វា​ឲ្យ​ទៅ​ពួកគេ​វិញ​ដូច​គ្នា។ ត្រឡប់​ទៅ​រក​សៀវភៅ​កម្រង​អនុស្សាវរីយ៍​ចាស់ៗ​ដែល​អ្នក ព្រម​ទាំង​គូ​ស្នេហ៍ គ្រួសារ ឬ​​មិត្តភ័ក្ដិ​ចាស់ៗ​បាន​ចងក្រង​រួម​គ្នា។ បំភ្លេច​ចោល​ការ​ឈឺចាប់​ពី​អតីត រួច​បន្ថែម​ក្ដី​ស្រឡាញ់​​ឲ្យ​ខ្លួន​ឯង និង​មនុស្ស​សំខាន់ៗ​ទាំង​នោះ​​ឲ្យ​បាន​ច្រើន ព្រោះ​អ្នក​ពិត​ជា​មិន​ដឹង​ថា​តើ​ជាតិ​ក្រោយ​មាន​ពិត​ឬ​អត់​ទេ។

៥.កុំ​តឹងតែង​​ជាមួយ​ខ្លួន​ឯង​ពេក

អ្នក​គួរ​រៀន​បណ្ដោយ​ឲ្យ​អ្វីៗ​ស្រប​តាម​​​ព្រហ្មលិខិត​ខ្លះ​។ កុំ​ដាក់​សម្ពាធ​ខ្លួន​ឯង ដើម្បី​គ្រប់គ្រង​ខ្សែ​ជីវិត​ឲ្យ​ល្អ​ឥត​ខ្ចោះ​ដូច​រឿង​ភាគ​កុន​នោះ។ ឧទាហរណ៍ ប្រសិន​អ្នក​មក​ចូលរួម​ប្រជុំ​ខក ៥ នាទី​សូម​កុំ​ខឹង ឬ​បន្ទោស​ខ្លួន​ឯង​ខ្លាំង​ពេក​។ អ្នក​ត្រូវ​ដក​ដង្ហើម​ឲ្យ​វែងៗ រួច​ប្រាប់​ខ្លួន​ឯង​ថា អ្នក​ជា​មនុស្ស ដូច្នេះ​ខក​យូរ​ៗ​ម្ដង​គឺ​ជា​រឿង​ធម្មតា​​​ប៉ុណ្ណោះ៕

ចុចអាន៖៥ យ៉ាង​អ្នក​គួរ​ពិចារណា ប្រសិន​ចង់​បាន​ការ​​ជឿ​ទុក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន

ប្រភព៖ success អត្ថបទ៖ អូន បញ្ញា

អត្ថបទពេញនិយម