៥ យ៉ាងអ្នកគួរពិចារណា ប្រសិនចង់បានការជឿទុកចិត្តពីមនុស្សជុំវិញខ្លួន
- 2018-02-22 02:00:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ យ៉ាងអ្នកគួរពិចារណា ប្រសិនចង់បានការជឿទុកចិត្តពីមនុស្សជុំវិញខ្លួន
ចាប់តាំងពីស្នេហារហូតដល់ការងារ ការជឿទុកចិត្ត គឺជាតម្រូវការចាំបាច់ដែលមនុស្សម្នាក់ៗតែងតែប្រាថ្នាចង់បានពីមនុស្សជុំវិញខ្លួន។ ពេលខ្លះទោះជាអ្នកជាមនុស្សស្មោះត្រង់ ហើយព្យាយាមបង្ហាញចិត្តបរិសុទ្ធខ្លាំងប៉ុណ្ណា ក៏អ្នកដទៃមិនងាយបើកចិត្តទទួលយកអ្នក។ បើបែបនោះមែន អ្នកត្រូវពិចារណាចំណុចទាំង ៥ ខាងក្រោម នោះនឹងអាចយកឈ្នះចិត្តពួកគេបានដោយស្រួល៖
១.រាប់អានមនុស្សឲ្យបានច្រើន
អ្នកគួររាប់អានមនុស្សឲ្យបានច្រើន ទោះបីពួកគេត្រឹមតែជាមិត្តធម្មតាៗក៏ដោយ។ នៅពេលដែលអ្នកជាមនុស្សងាយស្រួលទទួលយកមិត្ត អ្នកដទៃក៏ងាយស្រួលបើកចិត្តទទួលយកអ្នកដូចគ្នា។ ជាក់ស្ដែង នៅពេលដែលមនុស្សមិនស្គាល់ម្នាក់ Add Friend មកអ្នកតាមFacebook ហើយមានមិត្តភ័ក្ដិដូចគ្នាជាមួយអ្នកច្រើន អ្នកប្រាកដជា Confirm គេម្នាក់នោះមិនខាន។
២.ក្លិនខ្លួនស្រទន់
ស្ដាប់ទៅដូចជាកំប្លែងបន្តិច ប៉ុន្តែតាមការស្រាវជ្រាវបញ្ជាក់ថា មនុស្សទូទៅតែងមានការប្រុងប្រយ័ត្នជាមួយមនុស្សដែលប្រើក្លិនទឹកអប់ខ្លាំងៗ។ ដូច្នេះអ្នកគួរប្រើក្លិនដែលស្រទន់ប្រហើរ ដូចជាក្លិនផ្កាឡាវេនឌ័រ ឬផ្កាកូឡាបជាដើម។
៣.សម្របខ្លួនបានយ៉ាងល្អជាមួយភាពខ្មាសអៀន
រាល់ពេលអ្នកជួបរឿងអាម៉ាស់មុខ តើអ្នកសម្របខ្លួនបែបណា៖ ខឹង មួម៉ៅ ជះកំហឹង រត់គេច ឬក៏គុំកួន? ប្រសិនបើអ្នកមានប្រតិកម្មតបបែបនេះ អ្នកជុំវិញប្រាកដជាខ្លាចរអា លែងហ៊ានលេងជាមួយ និងពិបាកក្នុងការជឿទុកចិត្តអ្នកណាស់។ ដូច្នេះអ្នកគួរចេះទទួលយកភាពខ្មាសអៀនដោយបើកចំហខ្លះ ទើបជាការប្រសើរ។
៤.ប្រើកែវភ្នែកទន់ភ្លន់ រាល់ពេលសន្ទនា
មនុស្សមានជំនឿថា នៅពេលអ្នកណាម្នាក់ព្យាយាមគេចវេះក្រសែភ្នែកពេលសន្ទនាជាមួយគ្នា គឺគេកំពុងតែកុហក ឬលាក់បាំងអ្វីមួយមិនខាន។ ដូច្នេះអ្នកគប្បីរៀនប្រើក្រសែភ្នែកបែបទន់ភ្លន់ រាល់ពេលសន្ទនាជាមួយអ្នកដទៃ ដើម្បីបង្ហាញពួកគេអំពីភាពស្មោះត្រង់ដែលមាននៅក្នុងខ្លួនរបស់អ្នក។
៥.កុំខ្លាចនឹងនិយាយពាក្យ “សុំទោស”
នៅពេលដែលអ្នកស្នើសុំជំនួយពីអ្នកណាម្នាក់ អ្នកគួរប្រើពាក្យមួយឃ្លានេះដើម្បីចាប់ផ្ដើមប្រយោគ។ សម្ដីសុភាពរាបសាបែបនេះ តើអ្នកណាទៅអាចបដិសេធសំណើអ្នកបាននោះ? មនុស្សជុំវិញប្រាកដជាចូលចិត្ត ស្រឡាញ់ ព្រមទាំងប្រគល់ភាពជឿជាក់ដល់អ្នកជាមិនខាន៕
ចុចអាន៖១០វិធីសាស្រ្តយកឈ្នះចិត្តមនុស្សបានយ៉ាងស័ក្ដិសិទ្ធិ