បញ្ហា​ធំៗទាំង​ ៦ដែល​កំពុង​មានចំពោះស្នេហា​សម័យ​បច្ចុប្បន្ន

  • 2018-02-23 00:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ទំនាក់ទំនង​ស្នេហា​មួយ​មាន​បញ្ហា​ច្រើន​ណាស់​ដែល​អាច​កើត​ឡើង។ ខ្លះ​ក៏​អាច​ដោះស្រាយ​បាន ហើយ​ខ្លះ​ទៀត​បាន​បណ្ដោយ​ឲ្យ​វា​ក្លាយ​ទៅ​ជា​មេរោគ​ដែល​នាំ​ឲ្យ​ពិបាក​ចិត្ត​មិន​ស្រាន្ត។ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ហា​ធំៗ​ដែល​ស្នេហា​សម័យ​បច្ចុប្បន្ន​កំពុង​ប្រឈម​មុខ ៖​

១. វិនិច្ឆ័យ​ហើយ​ទើប​សួរ​ហេតុផល​ក្រោយ

ពេល​មាន​បញ្ហា​អី​មិន​និយាយ​គ្នា​ឲ្យ​ដឹង​ក្បាល​ដឹង​កន្ទុយ​សិន​ទេ គឺ​សម្រេច​ចិត្ត​ ឬ​ជ្រុល​ហើយ​ទើប​ត្រឡប់​មក​សួរ​ហេតុផល​តាម​ក្រោយ។ មាន​ពេល​ខ្លះ​មិន​និយាយ​ច្រើន​គឺ​បែក​គ្នា​តែ​ម្ដង ដល់​ពេល​ស្ដាយ​ក្រោយ​ទើប​មក​សួរ​ហេតុផល។

រូបតំណាង

**២. គ្រប់យ៉ាង​ល្អ​បាន​តែ​ដំបូង**

ពេល​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​គឺ​ផ្អែមល្ហែម​ណាស់ អ្វី​ៗ​ក៏​ល្អ​ដែរ បើ​និយាយ​ពី​សប្បាយ​ចិត្ត​វិញ​គឺ​ដូច​ផ្កា​ត្រូវ​ទឹក​សន្សើម​អីចឹង។ កន្លង​បាន​ប៉ុន្មាន​ខែ អ្វីៗ​ក៏​ចាប់​ផ្ដើម​ប្រែប្រួល មនុស្ស​ធ្លាប់​យក​ចិត្ត​ទុកដាក់ បែរ​ជា​ព្រងើយ​កន្តើយ ស្នេហា​ធ្លាប់​តែ​យល់​ចិត្ត​គ្នា បែរ​ជា​ចាប់​ផ្ដើម​មាន​បញ្ហា​មិន​ចេះ​ចប់។

៣. ពេល​ជួប​គ្នា​ បែរ​ជា​មើល​តែ​ទូរស័ព្ទ

ណាត់​ជួប​គ្នា​នៅ​ខាង​ក្រៅ គួរ​ណាស់​តែ​មាន​ពេល​ផ្អែមល្ហែម និង​និយាយ​គ្នា​ឲ្យ​បាន​ច្រើន​តែ​បែរ​ជា​ម្នាក់​កាន់​ទូរស័ព្ទ​លេង​អី​ផ្សេង​ទៅ​វិញ។ បើ​ជួប​គ្នា​បែប​នេះ​ជួប​ធ្វើ​អី នៅ​ផ្ទះ​លេង​ទូរស័ព្ទ​វិញ​ទៅ​ល្អ​ជាង​ ព្រោះ​មិន​បាច់​ខាត​ពេល។

៤. ស្នេហា​កាន់​តែ​ពិបាក​ទៅៗ

ស្នេហា​បច្ចុប្បន្ន​គឺ​កាន់​តែ​ពិបាក​ កាន់​តែ​សោះ​កក្រោះ​ព្រោះ ការ​និយាយ​គ្នា ក្លាយ​ទៅ​ជា​ការ​ផ្ញើ​សារ ការ​ឆាត ពេល​ឈ្លោះ​គ្នា ដោះស្រាយ​តាម​តែ​ទូរស័ព្ទ ពេល​អន់​ចិត្ត​មិន​សប្បាយ​ចិត្ត មិន​និយាយ​ប្រាប់​គ្នា​ បែរ​ជា​បង្ហាញ​តាម​បណ្ដាញ​សង្គម​ជា​ដើម។

៥. ​ទូរស័ព្ទ​ក្លាយ​ជា​ចំណុច​ខ្សោយ​នៃ​ម្នាក់ៗ

ទូរស័ព្ទ​មិន​ចង់​ឲ្យ​ប៉ះពាល់​ឡើយ ព្រោះ​បច្ចុប្បន្ន​មនុស្ស​កាន់​តែ​មាន​មន្តស្នេហ៍​ ដូច្នេះ​ហើយ​ប្រហែល​អាច​នឹង​មាន​លើស​ពី​ម្នាក់ ឬ​ក៏​លេង​ច្រើន​ទៅ​លើ​រឿង​មនោសញ្ចេតនា។ នៅ​ជាមួយ​គ្នា​បាន តែ​មិន​អាច​កាន់​ទូរស័ព្ទ​ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ។

៦. ចែក​មិន​ដាច់​រឿង​អារម្មណ៍

ស្នេហា​ខ្លះ​កើត​ឡើង​បាន​តែ​មួយ​ភ្លែត បន្ទាប់​មក​ក៏​រលត់​បាត់​ទៅ។ នេះ​មិន​មែន​ព្រោះ​មិន​ស្រឡាញ់​ទេ តែ​ដោយសារ​ច្រឡំ​រវាង​អារម្មណ៍​ងប់ងុល​មួយ​ឆាវ ជាមួយ​នឹង​អារម្មណ៍​ស្រឡាញ់ រឿង​នេះ​បាន​ធ្វើ​ឲ្យ​យុវវ័យ​ជួប​វិបត្តិ​មិន​តិច​នោះ​ទេ។

រូបតំំណាង

បញ្ហា​នៅ​តែ​ជា​បញ្ហា​តែ​បើ​អ្នក​ចេះ​ដោះស្រាយ​វា​នោះ ទោះ​សម័យ​កាល​រំកិល​ទៅ​ដល់​ណា​ក៏​ដោយ​ក៏​អ្នក​មិន​រង​គ្រោះ​ច្រើន​ដោយ​សារ​រឿង​មនោសញ្ចេតនា​នោះ​ដែរ៕

ចុចអាន៖បើ​មាន​អារម្មណ៍​ថា​ហត់នឿយពិបាក​នឹង​កាន់​ដៃ​គ្នា​ទៅ​មុខ​ពេក ក៏​លែង​ទៅ

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ផេង ផលធិតា