ទម្លាប់ប្រចាំថ្ងៃដែលគ្រប់គ្នាធ្វើបណ្ដាលឲ្យសក់ខូចធ្ងន់ធ្ងរដោយមិនដឹងខ្លួន
- 2018-02-20 01:33:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ប្រចាំថ្ងៃដែលគ្រប់គ្នាធ្វើបណ្ដាលឲ្យសក់ខូចធ្ងន់ធ្ងរដោយមិនដឹងខ្លួន
ស្រីៗដែលមានសក់ស្អាតគឺមើលទៅទាក់ទាញខ្លាំងណាស់។ សក់ស្អាតបន្ថែមសម្រស់មួយកម្រិតទៀត ដូច្នេះទើបមនុស្សស្រីគ្រប់រូបធ្វើម៉ូដ ឬលេងពណ៌ដើម្បីឲ្យមើលទៅស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍។ ថែរក្សាសក់ឲ្យមានសុខភាពល្អគឺពិតជាសំខាន់ ប៉ុន្តែទម្លាប់នៃប្រចាំថ្ងៃខ្លះដែលយើងធ្វើនិងគិតថាត្រឹមត្រូវនោះ បែរជាបំផ្លាញសក់យ៉ាងធ្ងន់ធ្ងរទៅវិញ។ ទម្លាប់ទាំងនោះមានដូចជា៖
១. ប្រើឧបករណ៍ធ្វើសក់ញឹកញាប់
ការប្រើឧបករណ៍ធ្វើម៉ូដសក់ដូចជាម៉ាស៊ីនមូលរួញ គាប និងផ្លុំសក់ ញឹកញាប់ ហើយជាន់គ្នាពេក ដូចជា សក់គាបរួច ពេលបម្រុងចេញក្រៅគាបម្ដងទៀត ឬមូររួញជាន់ៗគ្នាច្រើនដងជាដើម។ ទម្លាប់បែបនេះហើយដែលធ្វើឲ្យសក់ខូចខ្ទេចខ្ទីដោយមិនដឹងខ្លួន។ ទទួលស្គាល់ថា ប្រើម៉ាស៊ីនកម្ដៅខ្លាំងមកធ្វើសក់នឹងទទួលបានលទ្ធផលគាប់ចិត្ត ដោយបានម៉ូដដែលខ្លួនឯងស្រលាញ់ តែកុំភ្លេចថា វាបានបំផ្លាញសុខភាពសក់ដោយធ្វើឲ្យសក់ស្ងួតនិងបែកចុងយ៉ាងខ្លាំង។
២. កក់សក់មិនបានត្រឹមត្រូវក៏ធ្វើឲ្យសក់ខូចដែរ
កក់សក់មិនបានត្រឹមត្រូវមិនបានសំដៅលើការប្រើសាប៊ូទេ តែសំដៅលើវិធីកក់។ វិធីដែលត្រឹមត្រូវគឺមុនកក់ ដំបូងអ្នកត្រូវសិតសក់កុំឲ្យជំពាក់។ រួចអ្នកត្រូវចាក់សាប៊ូកក់សក់មកលើបាតដៃ រួចញីឲ្យចេញពពុះជាមុនសិន រួចសឹមយកទៅកក់។ ញីថ្នមៗដោយប្រើម្រាមដៃ តែហាមប្រើក្រចក។ បើអេះដោយប្រើក្រចក វានឹងធ្វើឲ្យដាច់ស្បែកក្បាល ហើយបង្ករអង្គែ ហើយកក់សក់មិនបានត្រឹមត្រូវនឹងធ្វើឲ្យជ្រុះ។
៣. កក់សក់ញឹកញាប់ពេក
អ្នកខ្លះយល់ថា ការកក់សក់ញឹកញាប់ធ្វើឲ្យស្បែកក្បាលនិងសក់មានសុខភាពល្អ តែការគិតនេះខុសទាំងស្រុង។ ផ្ទុយទៅវិញ ទាំងកក់ញឹកញាប់ពេក ឬយូរៗកក់ម្ដង គឺធ្វើឲ្យសក់ខូចខ្លាំងដូចគ្នា។ បើសក់អ្នកឡើងប្រេង គួរតែកក់មួយថ្ងៃរំលងមួយថ្ងៃ ហើយបើសក់ធម្មតាគូរតែ កក់២ដងក្នុងមួយអាទិត្យបានហើយ។
៤. សិតសក់ញឹកញាប់
សិតសក់ញឹកញាប់និងធ្ងន់ដៃ ងាយធ្វើឲ្យសក់ជ្រុះ ហើយថែមទាំងធ្វើឲ្យសរសៃសក់ខូចខ្លាំង នៅពេលអនាគតទៀតផង។ ម៉្យាងទៀតមិនត្រូវសិតសក់ពេលសើមនោះទេ អ្វីដែលគួរធ្វើ គឺត្រូវសម្ងួតសក់ដោយខ្យល់ត្រជាក់រហូតដល់ស្ងួត យកម្រាមដៃត្រដោះសក់ជាមុនសិន សឹមប្រើក្រាសសិតឲ្យស្អាត។ ជៀសវាងប្រើក្រាសមានធ្មេញញឹកពេក។
៥. អត់ចេះពាក់មួកពេលចេញត្រូវថ្ងៃ
កម្ដៅថ្ងៃក្ដៅខ្លាំងមិនត្រឹមតែបំផ្លាញស្បែកប៉ុណ្ណោះទេ តែថែមទាំងកម្ទេចសក់ផងដែរ។ ដូច្នេះពេលចេញក្រៅដែលអាចនឹងត្រូវកម្ដៅថ្ងៃខ្លាំង គួរពាក់មួកឲ្យជិត បើខ្លាចសក់ទៅជាស្ងួតស្រួយ។
៦. អ្នកចូលចិត្តទម្លាក់សក់ពេលគេង
ចំពោះអ្នកសក់វែងមិនត្រូវទម្លាក់សក់ពេលគេងនោះទេ ព្រោះវាងាយធ្វើសក់ជំពាក់ជំពិន កណ្ដាញ់នៅពេលព្រឹក។ អ្នកគួរតែក្រងសក់ ឬបួងធូរៗមុននឹងចូលគេង។ ធ្វើបែបនេះរាល់យប់ សក់និឹងមានសុខភាពល្អរលាស់ ហើយលែងជំពាក់។
ចុចអាន៖កុំឱ្យសោះ! វិធីផាត់មុខខុសបច្ចេកទេស ស្រីៗតែហ៊ានធ្វើ ប្រុសៗឃើញរត់បាត់