៩ការ​ពិត​ក្នុង​ជីវិត ដែល​អ្នក​ត្រូវ​យល់​ហើយ​​តឿន​ប្រាប់​​ខ្លួន​ឯង​​​ឲ្យ​ចាំ

  • 2018-02-14 08:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. បែប​ណា​ហៅ​ថា​ពូកែ​ពិត? ១. អ្នក​ពូកែ ២. មាន​អ្នក​ប្រាប់​ថា​អ្នក​ពូកែ ៣. អ្នក​ដែល​ប្រាប់​ថា​អ្នក​ពូកែ​ជា​មនុស្ស​ពូកែ

២. មនុស្ស​យើង​មានភ្នែក​២ ហើយ​ភ្នែក​ទាំង​ពីរ​ស្ថិត​នៅ​កម្រិត​ដូច​គ្នា ប៉ុន្តែ​យើង​បែរ​ជា​ប្រើ​វា​មើល​មនុស្ស​​មិន​បាន​ស្មើ​គ្នា​។ មនុស្ស​យើង​មាន​ត្រចៀក​២ ដើម្បី​ស្ដាប់​បាន​ទាំង​សង​ខាង ប៉ុន្តែ​យើង​បែរ​ជា​ចូល​ចិត្ត​ស្ដាប់​តែ​ម្ខាង​ៗ។ ពួក​យើង​មាន​មាត់​​តែ​១ ប៉ុន្តែ​បែរ​ជា​និយាយ​ឲ្យ​អ្នក​ដទៃ​យល់​ច្រឡំ​ថា​រឿង​មួយ​ទៅ​ជា​រឿង​មួយ​ផ្សេង​ទៀត​បាន។

៣. មនុស្ស​ដែល​រិះគន់​អ្នក​នៅ​ថ្ងៃ​នេះ អ្នក​អាច​គិត​ថា​គេ​គឺ​ជា​សត្រូវ ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​គេ​អាច​ក្លាយ​ជា​មិត្ត។ មនុស្ស​ដែល​សរសើរ​អ្នក​នៅ​ថ្ងៃ​នេះ អ្នក​អាច​គិត​ថា​គេ​ជា​មិត្ត ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​គេ​ក៏​អាច​ក្លាយ​ជា​សត្រូវ។ ដូច្នេះ​ហើយ​ទើប​បុរាណ​ពោល​ថា “សម្ដី​ផ្អែម​អាច​មាន​ថែម​ថ្នាំ​ពុល កុំ​ខ្វើក​តាម​ខ្យល់ កុំ​ខ្វល់​តាម​រលក”។

៤. បញ្ហា​ធំ​របស់​មនុស្ស​មិន​មែន​ដោយ​សារ​មើល​មិន​ឃើញ​អន្ទាក់ ប៉ុន្តែ​ទាំង​ដឹង​ហើយ​ថា​វា​គឺ​ជា​អន្ទាក់ តែ​នៅ​តែ​យក​ក្បាល​ទៅ​ដាក់​ឲ្យ​ជាប់​អន្ទាក់​​ម្ដង​ជា​ពីរ​ដង។

៥. គេ​ថា​ទឹក​ភ្នែក​អាច​ប្រាប់​អ្វី​ម្យ៉ាង​ដែល​មាត់​និយាយ​មិន​បាន ប៉ុន្តែ​ពេល​ខ្លះ​ទឹក​ភ្នែក​ក៏​​អាច​ប្រាប់​ពី​ក្ដី​សុខ​ក្នុង​ចិត្ត​ដែល​យើង​មិន​អាច​អធិប្បាយ​បាន​ដូច​គ្នា។ គេ​ថា​ស្នាម​ញញឹម​អាច​ប្រាប់​ពី​ក្ដី​សុខ​ស្ថិត​នៅ​ក្នុង​ចិត្ត ប៉ុន្តែ​ពេល​ខ្លះ​ស្នាមញញឹម​ក៏​ជា​អ្នក​តំណាង​ឲ្យ​ភាព​ឈឺចាប់​ដែល​មាត់​យើង​មិន​អាច​និយាយ​ចេញ​​មក​បាន​ដូច​គ្នា។

៦. មិន​ថា​អ្នក​រស់​នៅ​ជាមួយ​អ្នក​ណា មិន​ថា​ញាតិមិត្ត ឬ​អ្នក​ក្រៅ អ្នក​ត្រូវ​ហ្វឹក​ហាត់​ញញឹម​ឲ្យ​បាន​ទោះ​ក្នុង​ចិត្ត​មាន​រឿង​ទោមនស្ស​ក៏​ដោយ ព្រោះ​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ភាព​អាត្មានិយម ដូច្នេះ​កុំ​រំពឹង​ថា​អ្នក​​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​នឹង​ធ្វើ​ល្អ ឬ​ស្មោះត្រង់​ជាមួយ​​អ្នក​គ្រប់​ៗ​គ្នា។

៧. គេ​ថា នៅ​ពេល​មនុស្ស​ម្នាក់​អស់​ស្រឡាញ់ អ្នក​ម្ខាង​ទៀត​ធ្វើ​អ្វី​ក៏​ខុស​ទាំង​អស់ យំ​ក៏​ខុស អង្គុយ​ស្ងាត់ស្ងៀម​ក៏​ខុស ដក​ដង្ហើម​​ក៏​ខុស សូម្បី​ស្លាប់​ទៅ​ក៏​នៅ​តែ​ខុស។ នៅ​ពេល​អស់​ចិត្ត​ស្រឡាញ់ សូម្បី​ពាក្យ​ថា “យើង​នៅ​ស្រឡាញ់​គ្នា​ទៀត​ទេ?” ក៏​ក្លាយ​ជា​ពាក្យ​នាំ​ឲ្យ​គេ​សុំ​បែក​បាន​ដែរ។

៨. រឿង​កុន​តែ​មួយ ក្រោយ​បញ្ចាំង​ចប់ មាន​​អ្នក​និយាយ​ថា​មើល​មិន​ស្ដាយ​លុយ មាន​អ្នក​ថា​មើល​ហើយ​ស្ដាយ​លុយ។ បុក​ល្ហុង​ហាង​តែ​មួយ មាន​អ្នក​និយាយ​ថា​ឆ្ងាញ់​បំផុត ហើយ​ក៏​មាន​អ្នក​និយាយ​ថា​មិន​ឆ្ងាញ់​សូម្បី​បន្តិច។ បទ​ចម្រៀង​តែ​មួយ អ្នក​ខ្លះ​ស្ដាប់​ហើយ​មិន​ចេះ​ធុញ អ្នក​ខ្លះ​ស្ដាប់​​លើក​ទី​មួយ​មិន​ទាន់​ចប់​ស្រួលបួល​ផង​ក៏​លែង​ចង់​ស្ដាប់​មួយ​ជីវិត។ រឿង​កុន​ល្អ​វា​អាស្រ័យ​លើ​ត្រូវ​ចំណូល​ចិត្ត​អ្នក​ទស្សនា បុកល្ហុង​ឆ្ងាញ់​​វា​អាស្រ័យ​លើ​ត្រូវ​មាត់​អ្នក​ញ៉ាំ ភ្លេង​ពីរោះ ឬ​មិន​ពីរោះ​វា​អាស្រ័យ​ទៅ​តាម​វ័យ​អ្នក​ស្ដាប់ និង​អារម្មណ៍​​ដែល​អ្នក​​ស្ដាប់​នោះ​ធ្លាប់​ឆ្លង​កាត់ ដូច្នេះ​ហើយ មាន​​ចូលចិត្ត​អ្នក មាន​អ្នក​ស្អប់​អ្នក គឺ​​ជា​រឿង​ធម្មតា។

៩. រាល់​ថ្ងៃ​គឺ​ទី​បញ្ចប់ ហើយ​រាល់​ថ្ងៃ​ក៏​ជា​ចំណុច​ចាប់ផ្ដើម បើ​ទោះ​បី​ម្សិលមិញ​​ល្អ​អស្ចារ្យ​យ៉ាង​ណា ថ្ងៃ​នេះ​វា​ក៏​ក្លាយ​ជា​អតីត បើ​ទោះ​បី​ថ្ងៃ​នេះ​អាក្រក់​​យ៉ាង​ណា អ្នក​គង់​តែ​ឆ្លង​វា​ផុត។ ខ្ចី​គំនិត​ក្នុង​អតីត​កាល​មក​តម្រែតម្រង់​ផ្លូវ​ជីវិត​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​អ្វី​ដែល​អ្នក​កសាង​ក្នុង​ពេល​បច្ចុប្បន្ន​នឹង​ជា​ការ​សាងសង់​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​អនាគត​ដូច​គ្នា ៕

ចុចអាន៖

ប្រភព៖ NusonBooks ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម