ភាពសាមញ្ញក្នុងការតែងខ្លួននៅតែជាចំណុចទាក់ទាញរបស់នារីចំពោះមនុស្សប្រុស
- 2018-02-13 09:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពសាមញ្ញក្នុងការតែងខ្លួននៅតែជាចំណុចទាក់ទាញរបស់នារីចំពោះមនុស្សប្រុស
ភាពស្រស់ស្អាត សិចស៊ីអាចជាការទាក់ភ្នែកបុរស តែនារីដែលមានភាពសាមញ្ញៗ នៅតែជាមនុស្សស្រីក្នុងក្ដីស្រមៃរបស់បុរសជាច្រើន។ ប៉ុន្តែដោយសារតែមនុស្សប្រុសចូលចិត្តមើលនារីដែលស្អាតៗ ឆើតឆាយ ទើបពេលខ្លះនារីបានកែប្រែខ្លួនឯងទៅតាមនោះ ដោយមិនបានគិតថាប្រភេទនារីបែបណាដែលពួកគេសម្លឹងចង់បាន។ ខាងក្រោមនេះជាហេតុផលដែលភាពសាមញ្ញនៅតែជាភាពទាក់ទាញរបស់នារីចំពោះមនុស្សប្រុស ៖
១. មិនសាំភ្នែក និងមើលទៅបែបធម្មជាតិ
នារីដែលតែងខ្លួនបែបសាមញ្ញៗ គឺមើលទៅមានអារម្មណ៍ពិសេសម្យ៉ាងដែលធ្វើឲ្យមនុស្សប្រុសចាប់អារម្មណ៍។ មនុស្សស្រីបែបនេះមើលទៅស្អាតបែបធម្មជាតិ បង្កប់នូវភាពទន់ភ្លន់ ថ្លៃថ្នូរនៅក្នុងនោះជាស្រេច ហើយអ្វីដែលពិសេសមិនធ្វើឲ្យបុរសឆាប់សាំភ្នែកឡើយ គឺរឹតតែឲ្យពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយមិនដឹងខ្លួន។
**២. ធ្វើឲ្យមនុស្សប្រុសចង់នៅក្បែរគ្រប់ពេល**
ទាក់ទងនឹងអារម្មណ៍បុរសភាគច្រើនតែងតែចង់ភ្ជាប់ខ្លួនជាមួយនារីណាដែលមានលក្ខណៈធម្មតាច្រើនជាងនារីដែលសិចស៊ី ឬស៊ីវិល័យខ្លាំង។ ពេលនៅក្បែរមនុស្សស្រីប្រភេទនេះ ពួកគេមានអារម្មណ៍ថាមានមោទនភាព និងអារម្មណ៍ល្អ ព្រោះជុំវិញខ្លួនសុទ្ធតែប្រសើរ ដោយមិនបាចហត់ចិត្តនឹងការទើសភ្នែកពីខ្លួនឯង ឬអ្នកដទៃមើលមក។
៣. ពេលតែងខ្លួនម្ដងៗស្អាតប្លែក
នារីដែលតែងខ្លួនបែបសាមញ្ញៗរាល់ថ្ងៃ ពេលតែងខ្លួនទៅណាពិសេសម្ដងៗគឺស្អាតប្លែកដែលជាចំណុចទាក់ទាញខ្លាំងសម្រាប់ឆាបយកក្រសែភ្នែកមនុស្សប្រុសមិនឲ្យងាកចេញទៅណា។ នេះហើយជាចំណុចខ្លាំងរបស់នារីដែលចូលចិត្តភាពសាមញ្ញ។
៤. បង្ហាញពីចរិតរម្យទមមួយផ្នែក
ទោះបីជាការរៀបចំខ្លួនមិនអាចវិនិច្ឆ័យមនុស្សបានក៏ដោយ ប៉ុន្តែមនុស្សជាច្រើននៅតែមានកូនចិត្តមួយពេលដែលឃើញប្រភេទខោអាវដែលមនុស្សស្រីស្លៀកពាក់។ ការរៀបចំខ្លួនបែបសាមញ្ញរបស់មនុស្សស្រីបានបង្ហាញនូវចំណុចល្អមួយទៅបុរស ព្រោះអាចឲ្យគេមានអារម្មណ៍វិជ្ជមានម្យ៉ាងដើម្បីចង់ចូលក្បែរ។
៥. មិនសូវរញ៉េរញ៉ៃច្រើន
នារីបែបនេះពេលទៅណាមកណា មិនសូវរញ៉េរញ៉ៃ ឬខ្វល់ខ្វាយច្រើនពេកនោះទេ តែផ្ទុយពីមនុស្សដែលចូលចិត្តភាពស្រស់ស្អាតខ្លាំងជ្រុល។ នេះមានន័យថាទៅណាមកណាបានលឿនជាងនារីដែលតុបតែងខ្លួនច្រើនពេក ហើយមនុស្សប្រុសគឺធុញបំផុតហើយព្រោះគ្រាន់តែទៅណាតិចតួចក៏ត្រូវតែងខ្លួនដូចទៅកម្មវិធីនោះ។
ត្រូវហើយមានមនុស្សប្រុសជាច្រើនដែលចូលចិត្តមើលមនុស្សស្រីសិចស៊ី តែមិនមែនពួកគេស្រឡាញ់នោះទេ ព្រោះមនុស្សស្រីដែលពួកគេចាប់អារម្មណ៍គឺជាប្រភេទសាមញ្ញៗប៉ុណ្ណោះ៕
ចុចអាន៖ផែនដីនេះធំពេកហើយមែនទេ? ធំរហូតដល់ខ្ញុំមិនអាចរកមនុស្សល្អម្នាក់បាន