តារា​ស្រី​ល្បី​ៗ​៧​រូប​​មាន​​វាសនា​ទទួល​​ថ្លៃ​ទឹក​ដោះ​រាប់​លាន​ដុល្លារ តែ​ពេល​នេះ​លែង​លះ​អស់ ៣គូ​បាត់

  • 2018-01-29 04:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាត់​ទុក​ថា​ជា​សំណាង​​ធំ​មួយ​ក្នុង​ជីវិត​របស់​តារា​ស្រី​ថៃ​ល្បី​ៗ​ខាង​ក្រោម​នេះ​ដែល​ពួក​គេ​បាន​ស្លៀក​រ៉ូប​អាពាហ៍ពិពាហ៍​ដ៏​ស្រស់​ស្អាត​បំផុត ថែម​ទាំង​បាន​ស្វាមី​ជា​អ្នក​មាន​ ហ៊ាន​ចំណាយ​ប្រាក់​បណ្ណាការ​ដល់​​រាប់​លាន​ដុល្លារ។ ខាង​ក្រោម​នេះ នឹង​បង្ហាញ​ពី​តារា​ស្រី​ថៃ​ចំនួន ៧​រូប​ដែល​ត្រូវ​បាន​គេ​ឲ្យ​រហស្សនាម​ថា​ “កូន​ក្រមុំ​​រយ​លាន​បាត" ​ទៅ​តាម​ចំនួន​​​បណ្ណាការ​​ដែល​ពួក​គេ​ទទួល​បាន។ តែ​យ៉ាង​ណា​មិញ ក្នុង​នោះ​មាន​ ៣​គូ​ទៅ​ហើយ​ដែល​បាន​លែងលះ​គ្នា។

១.​ Chompoo Araya

តារា​សម្ដែង​​ជួរ​មុខ​រូប​នេះ​បាន​ទទួល​ថ្លៃ​បណ្ណាការ​​​ចំនួន ១០៨លាន​បាត (៣,៤លាន​ដុល្លារ) ពី​ស្វាមី Nott Witsarut នៅ​ពេល​រៀប​មង្គលការ។ ​ជីវិត​គ្រួសារ​របស់​អ្នក​ទាំង​ពីរ​កាន់​តែ​ស្អិត​ល្មួត​ថែម​ទៀត​ក្រោយ​ ពួក​គេ​មាន​កូន​ភ្លោះ​ប្រុស​ពីរ​នាក់ ដែល​ទើប​កើត​​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន។

២. Aff Taksaorn

ត្បិត​តែ​ពេល​រៀប​ការ​គូ​ស្នេហ៍​មួយ​គូ​នេះ​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ថ្លៃ​បណ្ណាការ ប៉ុន្តែ​មើល​តាម​ពិធី​មង្គលការ​ គេ​អាច​​មើល​ដឹង​ថា​​តម្លៃ​ទឹក​ដោះ​របស់​ Aff គឺ​មិន​ក្រោម ១០០​លាន​បាត​​ ឬ​៣​លាន​ដុល្លារ​នោះ​ឡើយ។ ក្រោយ​​រៀបការ​៥​ឆ្នាំ និង​មាន​កូន​ស្រី​​ម្នាក់​ជាមួយ​គ្នា អ្នក​ទាំង​ពីរ​ក៏​សម្រេច​ចិត្ត​ចែក​ផ្លូវ កាល​ពី​ចុង​ឆ្នាំ​​២០១៧​កន្លង​ទៅ​។

៣. Margie Rasri

ទើប​ចូល​រោងការ​កាល​ពី​ចុង​ឆ្នាំ ២០១៧​កន្លង​ទៅ​នេះ តារា​សម្ដែង​ Margie Rasri ត្រូវ​បាន​​គេ​ដឹង​ថា​​ទទួល​បាន​ថ្លៃ​បណ្ណាការ​ពី​គ្រួសារ​ខាង​ប្រុស​​ដែល​ជា​ថៅកែ Central Plaza មិន​ក្រោម ១០០លាន​បាត​​នោះ​ឡើយ។

៤. Nune Woranuch

មាន​ឈ្មោះ​ជា​តារា​ស្រី​ជួរ​មុខ​ស្រាប់ ដល់​ពេល​រៀបការ Nune Woranuch ក៏​បាន​ទទួល​បណ្ណាការ​ច្រើន​មិន​ធម្មតា​ដែរ​ពី​ខាង​ស្វាមី​ជា​ថៅកែ​​ស្រាបៀ​សិង្ហា ដែល​សរុប​ទាំង​អស់​គឺ​ជាង ១០០លាន​បាត។

៥. Ying Yae

បន្ទាប់​ពី​ក្លាយ​ជា​គូ​ស្នេហ៍​នឹង​គ្នា​បាន​៩​ឆ្នាំ តារា​សម្ដែង​ស្រី Ying Yae និង​មិត្ត​ប្រុស​ជា​ថៅកែ​មន្ទីរ​ពេទ្យ​បាន​សម្រេច​ចូល​រោង​ការ​ជាមួយ​គ្នា ដែល​ក្នុង​នោះ​​ខាង​កូន​កំលោះ​បាន​ជូន​ថ្លៃ​បណ្ណាការ​​សរុប​ជា​ទឹក​ប្រាក់​ជាង ១៣០លាន​បាត ឬ​៤លាន​ដុល្លារ។ យ៉ាង​ណា​ក៏​ដោយ​ ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ក៏​ត្រូវ​ប្រេះឆា​​ក្រោយ​រៀបការ​បាន​តែ ៣​ខែ។

៦. Tak Bongkoj

ដោយ​សារ​សេចក្ដី​ស្រឡាញ់ ស្វាមី​សេដ្ឋី​វ័យ​ចំណាស់​របស់​ Tak Bongkoj ​បាន​ផ្ដល់​បណ្ណាការ​ជា​ច្រើន​ រួម​មាន​លុយ​សុទ្ធ​ជាង ១០០លាន​បាត ចិញ្ចៀន​ពេជ្រ​ពីរ​វង់ មួយ​វង់​ៗ ១ការ៉ាត់ និង​ផ្ទះ​វិឡា ដែល​សរុប​ជា​ទឹក​ប្រាក់​គឺ ៣០០លាន​បាត ឬ ៩,៥លាន​ដុល្លារ។

៧. Pinky Savika

នៅ​ពេល​ចូល​រោងការ​ជាមួយ​អតីត​ស្វាមី​កាល​ពី​ឆ្នាំ​២០១៤ តារា​សម្ដែង​ Pinky Savika បាន​ទទួល​បណ្ណាការ​សរុប​ជា​ទឹក​ប្រាក់​ជាង ៣០០លាន​បាត ឬ​៩,៥​លាន​ដុល្លារ។ រួម​រស់​បាន ៣​ឆ្នាំ អ្នក​ទាំង​ពីរ​ក៏​ចែក​ផ្លូវ​គ្នា​ជា​ស្ថាពរ​កាល​ពី​ឆ្នាំ​មុន ៕

ប្រភព៖ dao.news ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម