ចង់​វះ​កាត់​ថ្គាម​ឲ្យ​ចេញ​មុខ​ V​នៅ​កូរ៉េ​ ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​ ហើយ​មាន​ដំណើរ​ការ​អ្វី​ខ្លះ?

  • 2018-01-12 08:32:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ចង់​​វះ​កាត់​កែ​សម្ផស្ស​ ប្រទេស​ដែល​​យើង​នឹក​ដល់​មុន​គេ​គឺ​ប្រទេស​​កូរ៉េខាង​ត្បូង។​ ​យោង​តាម​ការ​​វាស់​ស្ទង់​​ កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​ដែល​រីក​ដុះដាល​និង​ឈាន​មុខ​គេ​ក្នុង​វិស័យ​កែ​សម្ផស្ស​នេះ​ជា​ខ្លាំង​ ដោយ​ក្នុង​ចំណោម​ ប្រជាជន​កូរ៉េ​១០០០​នាក់​ ​មាន​​ ២០០​នាក់​​ហើយ​ដែល​ធ្លាប់​ឆ្លង​កាត់​មុខ​កាំបិត។​ ការ​វះ​កាត់​ពេញ​និយម​បំផុត​គឺ​ការ​​វះ​កាត់​ថ្គាម​ឲ្យ​ចេញ​ទម្រង់​មុខ​ V​ ​តែ​ម្ដង​ តែ​មាន​មនុស្ស​មិន​ច្រើន​ទេ​ ដែល​ដឹង​ពី​តម្លៃ​នៃ​ការ​វះកាត់​នេះ​ ហើយ​មាន​ដំណើរ​ការ​អ្វី​ខ្លះ​​ដើម្បី​ត្រៀម​ខ្លួន។​

យោង​តាម​សារព័ត៌មាន​ Eva របស់​វៀតណាម​ដែល​ចុះ​ផ្សាយ​ពី​បទ​ពិសោធន៍​នារី​ម្នាក់​ដែល​ទៅ​ទទួល​ការ​វះកាត់​ឆ្អឺង​ថ្គាម​ឱ្យ​ចេញ​រាង​អក្សរ V នៅ​ប្រទេស​កូរ៉េ​បាន​សរសេរ​ថា ជា​ទូទៅ​ការ​ចំណាយ​លើ​ការ​វះ​កាត់​ថ្គាម​ឲ្យ​ចេញ​ទម្រង់​មុខ​ V​ មាន​តម្លៃ​ សរុប​ចាប់​ពី​ 4 500 000 វ៉ុន​ ស្មើ​នឹង​ 4 200 ដុល្លារ​អាមេរិក​ ជាមួយ​នឹង​ដំណើរការ​ចែក​ចេញ​ជា​បី​ដូចជា​៖

១.​ មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត

ដំបូង​គឺ​ ត្រូវ​ជួប​ពិគ្រោះ​​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​ខាង​កែ​សម្ផស្ស​ជា​មុន​សិន​ ហើយ​បន្ទាប់​មក​​ទើប​ធ្វើ​​ការ​សម្រេចចិត្ត​លើក​ទី​មួយ។ ក្រោយ​ពេល​សម្រេច​ចិត្ត​លើក​ទី​មួយ​រួច​ គេ​និង​បញ្ជូន​ទៅ​​ពិនិត្យ​ទូទៅ​ ដូចជា​ សម្ពាធ​ឈាម​​ ការ​ធ្វើតេស្ត​ឈាម​ និង​​ស្កេន​ឆ្អឹង។​ បន្ទាប់​ពី​លទ្ធផល​តេស្ត​ អ្នក​នឹង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជា​ថ្មី​ម្ដង​ទៀត ​ដើម្បី​ដឹង​លទ្ធផល​ក៏​ដូច​ជា​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​សម្រាប់​ធ្វើ​ការ​វះកាត់។

២.​ អំឡុង​ពេល​វះ​កាត់​

ជា​ទូទៅ​ប្រតិបត្តិការ​វះកាត់​ឆ្អឹង​ថ្គាម​នេះ​ត្រូវ​ការ​ជំនួយ​ការ​ពេទ្យ​ 4-6​ នាក់​ គ្រូពេទ្យ​ឯកទេស​ខាង​ថ្នាំ ​Anaesthesist ​ម្នាក់​ និង​គ្រូពេទ្យ​វះកាត់​ម្នាក់​។ ការ​វះ​ទៀត​សោត​គឺ​វះ​ពី​ខាង​ក្នុង​មាត់​ ដើម្បី​កុំ​ឲ្យ​មាន​ស្លាកស្នាម​នៅ​ពេល​ជា។​ បន្ទាប់​ពី​ការ​វះកាត់​ អ្នក​ជំងឺ​ត្រូវ​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រយៈ​ពេល​មួយ​ថ្ងៃ​ដើម្បី​តាម​ដាន​ ហើយ​នៅ​​ថ្ងៃ​ទី​ពីរ​អាច​ត្រលប់​ទៅ​សណ្ឋាគារ​វិញ​បាន​ហើយ។

៣.​ ក្រោយ​ពេល​វះ​កាត់

អ្នក​ជំងឺ​ត្រូវ​បាន​គ្រូពេទ្យ​ចេញ​វេជ្ជ​បញ្ជា​ថា​ ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​មើល​ជា​ទៀង​ទាត់ដើម្បី​លាង​របួស​។​ ចំពោះ​អាហារ​ញ៉ាំ​ធម្មតា​ ហើយ​បន្ទាប់​ពី​បាន​2 សប្ដាហ៍​ អ្នក​នឹង​សង្កេត​ឃើញ​ការ​ជា​ផ្សះ​នៃ​មុខ​របួស​ និង​អាច​ដឹង​លទ្ធផល​។

ជាមួយ​គ្នា​នេះ វិបសាយ​កញ្ញា​ក៏​បានសម្ភាស​​លោក​វេជ្ជបណ្ឌិត​ឯកទេស​វះ​កាត់​កែ​សម្ផស្ស​និង​វះ​កាត់​ទូទៅ​ម្នាក់​ នៅ​មន្ទីរ​ពេទ្យ​​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយអំពី​ការ​ប៉ះ​ពាល់​ពី​ការ​វះកាត់​ឆ្អឹង​ថ្គាម​ថា៖​ "​ ការ​វះកាត់​ណា​ក៏​មាន​ផល​ប៉ះពាល់​ដែរ​ តែ​បើ​យើង​ធ្វើ​តាម​ក្បូន​ត្រូវ​និង​ស្អាត​ល្អ​ ផល​ប៉ះ​ពាល់​វា​មាន​តិច​ជាង​ អាស្រ័យ​លើ​ទឹក​ដៃ​គ្រូ​ពេទ្យ។" លោក​បាន​បន្ថែម​ទៀត​ថា​ "អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​និង​បារម្ភ​នោះ​គឺ​ការដាច់​សរសៃ​វិញ្ញាណ​បញ្ជា​នៅ​លើ​ផ្ទៃ​មុខ​ ហើយ​ក្រៅ​ពី​វះ​កាត់​មាន​វិធី​ច្រើន​ទៀត​ ដូចជា​ដោយ​ការ​ចាក់​ ប៉ុន្ដែ​វា​ប៉ះ​ពាល់​ខ្លាំង​ជាង​វះកាត់​ទៅ​ទៀត។​" ។

ចុច​អាន៖តិចនិកថែរក្សាស្បែកមុខទាំង ៤ សម្រាប់ខែធ្លាក់ខ្យល់

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម