គំនិតអន់ថយ ៣យ៉ាងដែលរារាំងអ្នកមិនឲ្យជោគជ័យក្នុងការងារ
- 2018-01-11 02:51:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំនិតអន់ថយ ៣យ៉ាងដែលរារាំងអ្នកមិនឲ្យជោគជ័យក្នុងការងារ
នៅក្នុងពិភពការងារ ការប្រកួតប្រជែង ឧបសគ្គតូចធំ គឺជារឿងធម្មតា ដែលតម្រូវឲ្យអ្នកប្រើប្រាស់ កម្លាំងកាយ ចិត្តក្នុងការតស៊ូដណ្ដើមយកភាពជោគជ័យសម្រាប់ខ្លួនឯង។ ដូច្នេះហើយ ពេលខ្លះអ្នកក៏ចាប់ផ្ដើមមានអារម្មណ៍ហត់នឿយ ធុញថប់ ចំពោះការប្រឹងប្រែងខ្លាំងទាំងនោះ រួចក៏លួងលោមខ្លួនឯងជាមួយការកុហក ឬលេសដោះសាមួយចំនួនជារៀងរាល់ថ្ងៃ។ ប៉ុន្តែជាលទ្ធផលវាបានធ្វើឲ្យអ្នកនៅទ្រឹងមួយកន្លែង មិនអាចបន្តវិវត្តទៅមុនរួចដូចគេ។ ចង់ដឹងថាការកុហកនោះមានអ្វីខ្លះ តោះមកស្វែងយល់ និងរកវិធីដោះស្រាយទាំងអស់គ្នា៖
១. វាជាការងារដែលទេវតាតម្រូវសម្រាប់ខ្ញុំ
អ្នកជាម្ចាស់ជីវិតខ្លួនឯង ដូច្នេះកុំបន្ទោស ទេវតា ឬព្រហ្មលិខិតឲ្យសោះ។ ជោគជ័យ ឬបរាជ័យ គឺអាស្រ័យលើការប្រឹងប្រែងរបស់អ្នកទាំងស្រុង។ មួយវិញទៀត អ្នកមានសញ្ញាប័ត្រ ឬបទពិសោធន៍ត្រូវជាមួយការងារ មិនប្រាកដថាអ្នកមានឱកាសឡើងតំណែងជាងអ្នកផ្សេងទេ។ បើអ្នកអាងលើវាខ្លាំង រួចធ្វើការលំៗ អ្នកប្រាកដជាត្រូវខកចិត្តនៅពេលក្រោយជាក់ជាមិនខាន។
២. ពេលនេះវាមិនកើតឡើង ដូច្នេះវាក៏គ្មានថ្ងៃកើតឡើងនៅពេលក្រោយដែរ
បរាជ័យថ្ងៃនេះ ធ្វើឲ្យអ្នកអស់សង្ឃឹមខ្លាំង រហូតចង់ទ្រាំបែបនេះអស់មួយជីវិត។ បុគ្គលជោគជ័យធំៗ ក៏ជួបបរាជ័យរាប់មិនអស់ដែរ មុននឹងសម្រេចជោគជ័យមហិមាធំមួយ។ ដូច្នេះអ្នកត្រូវតែបន្ត ជាមួយគោលការណ៍ថ្មី ធ្វើការបែបឆ្លាតវៃ ព្រមជាមួយការប្រឹងប្រែងខ្លាំង។ ក្រៅពីអភិវឌ្ឍជំនាញផ្ទាល់ខ្លួន អ្នកក៏ត្រូវពង្រឹងទំនាក់ទំនងជាមួយបុគ្គលសំខាន់ៗក្នុងវិស័យនេះផងដែរ ព្រោះវាជាបណ្ដាញដ៏រឹងមាំដែលអាចជ្រោមជ្រែងអ្នកឲ្យសម្រេចជោគជ័យនៅពេលខាងមុខ។
៣. ខ្ញុំត្រូវតែធ្វើខ្លួនឲ្យល្អឥតខ្ចោះ
គ្មានមនុស្សណាល្អគ្រប់ដប់ទេ ហេតុអ្វីអ្នកត្រូវប្រៀបធៀបខ្លួនជាមួយអ្នកផ្សេងគ្រប់ពេលបែបនេះ។ ការព្យាយាមស្លៀកពាក់ឲ្យស្អាតគ្រប់ពេល ញញឹម រួសរាយរាក់ទាក់គ្រប់នាទី ពិតជារឿងល្អ ប៉ុន្តែបើវាជាការបង្ខំ ឬប្រឆាំងជាមួយធម្មជាតិនិងរសនិយមខ្លួនឯងខ្លាំងពេក អ្នកគួរតែបញ្ឈប់ទៅ។ រៀនស្គាល់ខ្លួនឯងឲ្យច្បាស់ ទទួលស្គាល់កំហុស ឬចំណុចខ្សោយខ្លួនឯង សុំជំនួយពីអ្នកដទៃពេលចាំបាច់ និងព្យាយាមរកវិធីដោះស្រាយដោយសន្សឹមៗ ទើបជោគជ័យអាចរត់មករកអ្នកបាន ៕
ចុចអាន៖ មេដឹកនាំ ៤ ប្រភេទ ដែលទទួលបានជោគជ័យបំផុតក្នុងជីវិតការងារ